OnePlus 10 Pro ចេញផ្លូវការ ប្រើអេក្រង់ AMOLED ជំនាន់ថ្មី ឈីប Snapdragon 8 Gen 1 និងកម្លាំងសាកថ្មដល់ 80W
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ទីបំផុត OnePlus ប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការហើយ ប៉ុន្តែលើកនេះប្លែកជាងរាល់ដង ព្រោះម៉ូឌែលដែលបង្ហាញខ្លួនគឺជា OnePlus 10 Pro ចំណែកឯម៉ូឌែល OnePlus 10 ធម្មតានោះ មិនឃើញចេញមកជាមួយគ្នាទេ។ យ៉ាងណាម៉ូឌែល Pro មានន័យថា វាជាម៉ូឌែលខ្ពស់បំផុតប្រចាំទូរសព្ទត្រកូល OnePlus ហើយ ដូច្នេះយើងនឹងទៅដឹងពីលក្ខណៈសំខាន់ៗរបស់វា តាមរយៈអត្ថបទខាងក្រោម។

-  ការឌីហ្សាញ និងអេក្រង់

រូបរាងរបស់ OnePlus 10 Pro លើកនេះ ខុសគ្នាច្រើនពី OnePlus 9 Pro លើកមុន នៅត្រង់ផ្នែកខាងក្រោយតែម្ដង ដោយទម្រង់កាមេរ៉ាម្ដងនេះ មានលក្ខណៈគែមទាលជាប់គ្នាជាមួយនឹងស៊ុមតួខ្លួនផ្នែកខាងឆ្វេង ជាក់ស្ដែងស្រដៀង Galaxy S21 Ultra ដែរ គ្រាន់តែប្រអប់កាមេរ៉ារបស់ OnePlus 10 Pro មិនឡើងរហូតទាល់តែផុតដល់ខាងលើទេ។ ចំណែកឯផ្នែកខាងមុខវិញ គឺស្ទើរតែមិនខុសគ្នាពីជំនាន់មុនឡើយ ដោយបន្តប្រើប្រាស់អេក្រង់លាតកោងគែម ជាមួយគ្នាកាមេរ៉ាមួយគ្រាប់ ជាលេនទំលុះអេក្រង់នៅខាងឆ្វេង។ 

ទោះជាការឌីហ្សាញផ្នែកអេក្រង់ដូចមុនច្រើនមែន ប៉ុន្តែលើកនេះ OnePlus បានបំពាក់អេក្រង់ថ្មី ពោលនេះគឺជាអេក្រង់ AMOLED ទំហំ 6.7 អ៊ីញ កម្រិតបង្ហាញ QHD+ (1440p) ដង់ស៊ីតេ 525 PPI កម្រិតពន្លឺខ្ពស់បំផុត 1300 nits ជាពិសេសវាមានបំពាក់បច្ចេកវិទ្យាចុងក្រោយ LTPO 2.0 ដែលអាចជួយឲ្យមុខងារកែតម្រូវល្បឿន Refresh Rate ស្វ័យប្រវត្តិពី 1Hz ដល់ 120Hz អាចឆ្លាស់ទៅមកបានកាន់តែច្រើនកាលៈទេសៈជាងមុន និងជួយសន្សំថាមពលថ្ម បានកាន់តែប្រសើរថែមទៀត។

-​​  កាមេរ៉ា

ទៅមើលកាមេរ៉ាខាងក្រោយវិញ ប្រាកដណាស់ OnePlus នៅតែបន្តសហការជាមួយ Hasselblad ដូចឆ្នាំមុនអញ្ចឹង។ កាមេរ៉ាគោលរបស់វាមានទំហំ 48MP ជាសេនស័រ Sony IMX789 ជាមួយលេនទូលាយ Ultrawide មួយទៀតទំហំ 50MP ជាសេនស័រ Samsung JN1 អាចថតប្លង់ទូលាយបានដល់ 150 ដឺក្រេ និងមួយគ្រាប់ចុងក្រោយនោះ គឺជាលេនពង្រីក Telephotos ទំហំ 8MP អាចថតពង្រីកបែប Optical បាន 3.3 ដង។ ចំណែកឯកាមេរ៉ាមុខមួយគ្រាប់នោះវិញ គឺមានទំហំ 32MP ជាសេនស័រ Sony IMX615។

ជាមួយការសហការនឹង Hasselblad នោះ OnePlus បានអះអាងថា កញ្ចប់កាមេរ៉ានៅលើ OnePlus 10 Pro មានបំពាក់មុខងារ Natural Color Optimisation 2.0 ដែលជួយឲ្យរូបភាព ឬវីដេអូថតចេញមក មានពណ៌កាន់តែដូចធម្មជាតិជាងមុន ក៏ដូចជាមានបំពាក់មកជាមួយមុខងារថត Pro Mode 2.0 RAW ផងដែរ។

-  កម្លាំងម៉ាស៊ីន ថាមពលថ្ម និងចំណុចសំខាន់ផ្សេងៗ

សម្រាប់កម្លាំងម៉ាស៊ីន មិនខុសពីទូរសព្ទកំពូលជាច្រើនទៀត ដែលទើបនឹងចេញទេ OnePlus 10 Pro បំពាក់ឈីបកំពូល Snapdragon 8 Gen 1 របស់ Qualcomm ជាមួយជម្រើសរ៉េម 8GB ឬ 12GB និងមានជម្រើសអង្គផ្ទុក 128GB ឬ 256GB។ ចំពោះថាមពលថ្ម OnePlus បានដាក់មកឲ្យទំហំ 5,000mAh និងមានគាំទ្រមុខងារសាកថ្មល្បឿនលឿនតាមខ្សែដល់ទៅ 80W ហើយបន្ថែមពីនេះ វាក៏អាចគាំទ្រមុខងារសាកឥតខ្សែបានដូចគ្នា ជាមួយល្បឿនដល់ 50W ទៀតផង។

ចំណុចសំខាន់ៗផ្សេងទៀតដែល OnePlus បានប្រាប់ដែរនោះ គឺគេបានធ្វើឲ្យប្រព័ន្ធបន្ថយកម្តៅរបស់ OnePlus 10 Pro កាន់តែប្រសើរជាងមុន ដើម្បីការពារពីការលើកកម្តៅជ្រុល ព្រោះលើកនេះ វាទទួលបានមុខងារថ្មីឈ្មោះ Hyperboost ដែលជាមុខងារមួយ ទៅជំរុញសមត្ថភាពផ្នែក Hardware របស់ OnePlus 10 Pro ឲ្យឡើងខ្ពស់បំផុតតាមដែលអាចធ្វើបាន ព្រមទាំងបើកឲ្យអ្នកប្រើអាចធ្វើការ Overclock CPU ទាំង 8 Cores ឲ្យរត់ដល់ល្បឿនកំណត់របស់វាតែម្ដង ការធ្វើបែបនេះក្នុងករណីអ្នកប្រើចង់ឲ្យទូរសព្ទ ដំណើរការហ្គេមធំៗអស់ពីសមត្ថភាព។

-  តម្លៃ

ចំណុចសំខាន់ចុងក្រោយគឺ OnePlus 10 Pro មិនមានជម្រើសពណ៌ច្រើនទេ ជាក់ស្ដែងគឺមានតែពណ៌បៃតង និងពណ៌ខ្មៅប៉ុណ្ណោះ។ សម្រាប់ទីផ្សារប្រទេសចិន OnePlus បានដាក់លក់ខ្ទង់ 737 ដុល្លារ សម្រាប់ម៉ូឌែល 8GB/128GB និងឡើងដល់ខ្ទង់ 831 ដុល្លារ សម្រាប់ម៉ូឌែល 12GB/256GB ហើយពេលវេលាបើកលក់ដំបូងនោះ គឺចាប់ពីថ្ងៃទី 13 ខែមករាខាងមុខ ខណៈក្នុងទីផ្សារសកល ក្រុមហ៊ុននេះមិនទាន់បានបញ្ជាក់ប្រាប់ទេ។

ប្រភព ៖ OnePlus
អត្ថបទទាក់ទង