មានដំណឹងថា Samsung គ្រោងប្រកាសចេញ Galaxy S22 Series នៅថ្ងៃទី 8 កុម្ភៈខាងមុខ
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

បើទោះជាមានក្រុមហ៊ុនជាច្រើន បានបញ្ចេញ និងបង្ហាញពីទូរសព្ទកំពូលដើមឆ្នាំរបស់ខ្លួនរួចហើយក៏ដោយ តែ Samsung នៅតែបន្តរក្សាចិត្តត្រជាក់ មិនទាន់បង្ហើបពីពេលវេលា ដែលគេគ្រោងនឹងប្រកាសចេញទូរសព្ទកំពូលត្រកូល S របស់ខ្លួននៅឡើយទេ។ យ៉ាងណាមុនការបង្ហាញចេញពី Samsung ផ្ទាល់ ថ្មីៗនេះប្រភពចេញពីកូរ៉េខាងត្បូងបានឲ្យដឹងថា ព្រឹត្តិការណ៍ Unpacked បន្ទាប់ អាចនឹងធ្វើឡើងនៅដើមខែក្រោយ។

យោងតាមព័ត៌មានលេចធ្លាយថ្មីមួយ ចេញពីប្រភព Digital Daily មកពីប្រទេសកូរ៉េខាងត្បូងផ្ទាល់នោះបានឲ្យដឹងថា Samsung អាចនឹងបើកព្រឹត្តិការណ៍ Unpacked បន្ទាប់ ដើម្បីប្រកាសចេញ Galaxy S22 Series នៅថ្ងៃទី 8 ខែកុម្ភៈខាងមុខនេះតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះទេ ពេលវេលាដែលគេនឹងបើកឲ្យធ្វើការកុម្ម៉ង់ទិញទុកមុននោះ អាចនឹងផ្តើមពីថ្ងៃទី 9 ខែកុម្ភៈ ខណៈពេលវេលាចេញលក់ផ្លូវការវិញ ត្រូវបានបញ្ជាក់ថា អាចនឹងធ្វើឡើងចាប់ផ្តើមពីថ្ងៃទី 24 ខែកុម្ភៈតែម្ដង។ 

គួរបញ្ជាក់ថា ក្នុងត្រកូល Galaxy S22 Series មានសង្ឃឹមខ្ពស់ថានឹងមានចំនួន 3 ម៉ូឌែលដូចជា Galaxy S22, S22+ និង Galaxy S22 Ultra ឬអាចជា Galaxy S22 Note នោះឯង។ 

ផ្អែកលើដំណឹងលេចធ្លាយមុនៗ Samsung ក៏អាចពង្រឹងបន្ថែមទៅលើកាមេរ៉ារបស់ Galaxy S22 Series ឲ្យកាន់តែប្រសើរ, អេក្រង់សមត្ថភាពខ្ពស់ជាងមុន ក៏ដូចជាអាចនឹងបំពាក់ជាមួយឈីបថ្មី Snapdragon 8 Gen 1 ឬ Exynos 2200 សម្រាប់តំបន់មួយចំនួន ដូចទម្លាប់រាល់ដងអញ្ចឹង។ បន្ថែមពីនេះ សម្រាប់ម៉ូឌែល Ultra វាអាចនឹងមានការឌីហ្សាញកាត់ទៅត្រកូល Note ច្រើន ជាពិសេសនោះ គឺអាចនឹងមានភ្ជាប់មកជាមួយប៊ិក S Pen ក្នុងតួខ្លួនមកស្រាប់ទៀតផង។

ប្រភព ៖ Engadget
អត្ថបទទាក់ទង