រយៈពេល 15 ឆ្នាំហើយ ដែល Steve Jobs ប្រកាសចេញ iPhone ជំនាន់ដំបូង
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

គិតមកត្រឹមពេលនេះ គឺអស់រយៈពេល 15 ឆ្នាំហើយ ដែល Apple បានប្រកាសចេញទូរសព្ទឆ្លាតដំបូងបំផុតរបស់គេ ពោលគឺជា iPhone នោះឯង។ មិនខុសទេ ថ្ងៃទី 9 ខែមករា ឆ្នាំ 2007 គឺជាពេលវេលាដំបូងដែល iPhone ត្រូវបាននាំយកមកបង្ហាញលើកឆាកដោយលោក Steve Jobs ហើយចាប់ពីពេលនោះមក វាបានក្លាយជាទូរសព្ទឆ្លាតមួយ ដែលផ្លាស់ប្តូរទីផ្សារមួយនេះទាំងស្រុងតែម្ដង។

iPhone ជំនាន់ដំបូង គឺជាទូរសព្ទដែលមានទំហំខ្លួនតូចមួយ ដោយអេក្រង់របស់វាមានទំហំត្រឹមតែ 3.5 អ៊ីញប៉ុណ្ណោះ ជាប្រភេទ LCD (ជាទូរសព្ទដំបូង ដែលមានអេក្រង់គាំទ្រ Multi-Touch), មានប៊ូតុង Home មួយចំកណ្ដាល, មានកម្រាស់ក្រាស់ ជាមួយគែម Bezel លើក្រោមធំ, កាមេរ៉ាមួយគ្រាប់ទំហំ 2MP ហើយវាក៏ជាទូរសព្ទមួយដែល Apple បានប្រើប្រាស់ឈីបរបស់ Samsung ផងដែរ។ ជាមួយលក្ខណៈសម្បត្តិបែបនេះ គឺខុសគ្នាឆ្ងាយណាស់ បើធៀបនឹង iPhone នាពេលបច្ចុប្បន្ន ប៉ុន្តែបើមើលទៅកាលពីជំនាន់នោះវិញ iPhone ដំបូងនេះ វាបានចេញមកខុសប្លែកដាច់ពីគេតែម្ដង ហើយក៏បានកែប្រែទីផ្សារទូរសព្ទឆ្លាត និងមានក្រុមហ៊ុនជាច្រើន ធ្វើតាមកន្លងរបស់គេចាប់ពីពេលនោះមក។

គួរបញ្ជាក់ដែរ គិតត្រឹមខែមករាឆ្នាំ 2021 កន្លងទៅ Apple បានប្រាប់ដោយផ្ទាល់ថា មានចំនួនប្រើប្រាស់ iPhone សរុបជាប្រចាំដល់ទៅខ្ទង់ 1 ពាន់លានគ្រឿងឯណោះ។ ចំណុចសំខាន់មួយទៀតនោះ iPhone គឺជាផ្នែកធំមួយ ដែលជួយឲ្យ Apple ឡើងក្លាយជាក្រុមហ៊ុនដំបូងគេ ដែលមានតម្លៃសរុបដល់ទៅ 3 ទ្រីលានដុល្លារ កាលពីពេលថ្មីៗនេះទៀតផង។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង