ប៊ិក S Pen លើ Galaxy S22 Ultra អាចមានកម្រិត Latency ទាបជាងមុនដល់ទៅ 3 ដង
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

មកទល់ពេលនេះ Samsung នៅមិនទាន់បានបញ្ជាក់ប្រាប់ថ្ងៃ ដែលគេនឹងប្រកាសចេញ Galaxy S22 Series ជាផ្លូវការនៅឡើយទេ ខណៈពេលកន្លងមក ធ្លាប់មានដំណឹងលេចធ្លាយជាច្រើនរួចមកហើយ បង្ហាញពីចំណុចសំខាន់ៗនៅលើទូរសព្ទឆ្លាតត្រកូលថ្មីនេះ ជាពិសេសគឺនៅលើម៉ូឌែល Ultra ឬ Note តែម្ដង។

ចំណែកឯពេលនេះវិញ មានព័ត៌មានបែកធ្លាយថ្មីមួយទៀតហើយ លើកនេះនិយាយទាក់ទងនឹងប៊ិក S Pen ដែលមានបំពាក់នៅក្នុង Galaxy S22 Ultra / Note វិញម្ដង។ មិនខុសទេប៊ិក S Pen របស់ម៉ូឌែលថ្មីនេះ ត្រូវបានគេរាយការណ៍មកថា មានកម្រិត Latency ទាបជាងមុនដល់ទៅខ្ទង់ 3 ដងឯណោះ ពោលគឺលើកមុនកម្រិត Latency លើ Galaxy Note 20 Ultra ត្រឹម 9ms ចំណែកឯនៅលើ Galaxy S22 Ultra វិញ អាចនឹងមានថយមកកាន់តែទាប នៅត្រឹមតែ 2.8ms ប៉ុណ្ណោះ។

សម្រាប់ប្រិយមិត្តដែលមិនទាល់យល់ច្បាស់ពីកម្រិត Latency សូមបញ្ជាក់ថា កម្រិត Latency កាន់តែទាប វានឹងធ្វើឲ្យការសរសេរចេញពីប៊ិកទៅលើអេក្រង់ កាន់តែដូចការសរសេរជាមួយប៊ិកពិតប្រាកដ ព្រោះរយៈពេលរវាងការគូសភ្លាមៗ និងការបង្ហាញលើអេក្រង់នោះ គឺមានការពន្យាពេលតិចបំផុត ដែលធ្វើឲ្យមើលនឹងភ្នែកធម្មតាស្ទើរតែមិនដឹង។

សូមរំឮកដែរ យោងតាមដំណឹងលេចធ្លាយមុនៗ ក្រៅពីការបំពាក់ប៊ិកមកស្រាប់ក្នុងតួខ្លួននោះ Galaxy S22 Ultra អាចនឹងទទួលបានការឌីហ្សាញ កាត់ទៅរកទម្រង់របស់ត្រកូល Note ច្រើន ជាពិសេសគឺមានគែមបែបជ្រុងហ្នឹងតែម្ដង។ ទន្ទឹមគ្នានេះ Samsung ក៏អាចពង្រឹងបន្ថែមទៅលើកាមេរ៉ារបស់វាឲ្យកាន់តែប្រសើរ, អេក្រង់សមត្ថភាពខ្ពស់ជាងមុន ក៏ដូចជាអាចនឹងបំពាក់ជាមួយឈីបថ្មី Snapdragon 8 Gen 1 ឬ Exynos 2200 សម្រាប់តំបន់មួយចំនួន។

ប្រភព ៖ XDA Developer
អត្ថបទទាក់ទង