Lenovo ប្រកាសចេញ ThinkBook Plus Gen 3 ថ្មី មានអេក្រង់ 8 អ៊ីញមួយទៀតនៅកៀនក្ដារចុច
ដោយ​ ៖ ខេមបូរីផត | 4 ខែមុន SHARE

 

នៅក្នុងព្រឹត្តិការណ៍ CES 2022 កំពុងប្រព្រឹត្តិទៅនេះ Lenovo ក៏បានចូលរួមជាមួយដែរ ហើយបានប្រកាសចេញផលិតផលជាច្រើន មិនខុសពីទម្លាប់របស់គេរាល់ឆ្នាំទេ ហើយក្នុងនោះចំណោមផលិតផលទាំងនោះ យើងរកឃើញកុំព្យូទ័រម៉ូឌែលថ្មីមួយ ដែលមានការឌីហ្សាញមកពិសេសជាងគេ ពោលគឺជា Lenovo ThinkBook Plus Gen 3 ហ្នឹងឯង។ 

កុំព្យូទ័រយួរដៃម៉ូឌែលថ្មីខាងលើ ត្រូវបាន Lenovo បំពាក់មកទំហំ 17.3 អ៊ីញ ហើយថែមទាំងមានអេក្រង់មួយទៀតដាក់បែបបញ្ឈរនៅជាមួយនឹងក្ដារចុច ដែលមានទំហំធំដល់ 8 អ៊ីញទៀតផង។ មិនខុសទេ នេះជាការឌីហ្សាញប្លែកមួយ នៅក្នុងទីផ្សារកុំព្យូទ័រយួរដៃ ព្រោះកន្លងមកធ្លាប់មានក្រុមហ៊ុនជាច្រើនដែរហើយ ធ្លាប់បញ្ចេញកុំព្យូទ័រអេក្រង់ 2 ប៉ុន្តែមិនមែនទ្រង់ទ្រាយបែបនេះទេ។ 

អេក្រង់គោលរបស់វា ថ្មីត្បិតតែមានទំហំ 17.3 អ៊ីញមែន ប៉ុន្តែវាមានខ្នាតអេក្រង់វែង 21:10 ដែលនេះជាខ្នាតមួយ មិនងាយឃើញមានលើកុំព្យូទ័រយួរដៃទេ។ អេក្រង់នេះមានកម្រិតបង្ហាញ 3K ជាមួយល្បឿន Refresh Rate 120Hz ចំណែកឯអេក្រង់ទី 2 នោះវិញ វាមានកម្រិតបង្ហាញ 800 x 1280 ភិចសែល ហើយអេក្រង់ទាំងពីរ សុទ្ធតែជាប្រភេទសាច់ម៉ត់ដូចគ្នា ដើម្បីការពារពីចំណាំងផ្លាតផ្សេងៗ។

ThinkBook Plus Gen 3 មានទម្ងន់ 2kg ចំណែកកម្រាស់របស់វាគឺ 1.78cm។ សម្រាប់អត្ថប្រយោជន៍នៃអេក្រង់ទី 2 នោះ Lenovo ក៏បានបញ្ជាក់ប្រាប់ខ្លះៗដែរ ដោយវាអាចធ្វើបានដូចជាប្រើប្រាស់ Tool មួយចំនួនរបស់កម្មវិធីកាត់តផ្សងៗបាន ជាក់ស្ដែងដូចជា Photoshop ជាដើម ដែលជួយឲ្យអ្នកប្រើ អាចដាក់បង្ហាញរូបភាពនៅអេក្រង់ខាងលើ និងប្រើប្រាស់ Tool ផ្សេងៗជាមួយអេក្រង់ទី 2 បាន។ អេក្រង់នេះក៏អាចឲ្យអ្នកប្រើសរសេរកំណត់សម្គាល់ផ្សេងៗបានដែរ ជាមួយគ្នានឹងប៊ិក ដែល Lenovo បំពាក់មកឲ្យស្រាប់ និងដាក់នៅខាងក្រោយនៃតួខ្លួនកុំព្យូទ័រ។ អេក្រង់ទី 2 នៅមានប្រយោជន៍មួយចំនួនទៀតដូចជា ត្រូវបាន Lenovo កំណត់ឲ្យកម្មវិធីមួយចំនួន បើកនៅលើអេក្រង់តូចនោះដោយស្វ័យប្រវត្តិដូចជា Calculator ក៏ដូចជាអាចធ្វើការ Mirror អេក្រង់ចេញពីទូរសព្ទមួយចំនួនបានដូចគ្នា។ 

កុំព្យូទ័រខាងលើបានបំពាក់មកជាមួយ CPU Intel ជំនាន់ទី 12 ជាមួយរ៉េមខ្ពស់បំផុតឡើងដល់ 32GB និងអង្គផ្ទុកខ្ពស់បំផុតដល់ 2TB ជាប្រភេទ M.2 SSD PCIe។ សម្រាប់ផត I/O វាមានភ្ជាប់មកជាមួយរន្ធ Thunderbolt 4 មួយ, USB-C គាំទ្រជាមួយ DP និង PD មួយ, USB-A ចំនួនពីរ, HDMI និងរន្ធដោតកាសផងដែរ។ 

សម្រាប់តម្លៃវិញ បើទោះជាមានការឌីហ្សាញប្លែកពីគេមែន ប៉ុន្តែ Lenovo ដាក់លក់ក្នុងតម្លៃទូទៅមួយ ពោលគឺចាប់ផ្តើមពី 1,399 ដុល្លារសម្រាប់ទីផ្សារបរទេស។

ប្រភព ៖ The Verge
អត្ថបទទាក់ទង