CPU Ryzen 6000 ថ្មីរបស់ AMD បំពាក់ GPU RDNA2 មកស្រាប់
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

មិនខុសពីក្រុមហ៊ុនដទៃទៀតទេ AMD ក៏បានចូលរួមប្រកាសចេញផលិតថ្មីៗ នៅក្នុងព្រឹត្តិការណ៍ CES 2022 ដូចគ្នាដែរ ដោយក្នុងនោះចំណុចដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺថាគេបានប្រកាសចេញ CPU សម្រាប់ Laptop ជំនាន់ថ្មីត្រកូល Ryzen 6000 មកទៀតផង មិនឲ្យចាញ់ CPU ជំនាន់ទី 12 របស់ Intel ទេ។

Ryzen 6000 Mobile CPUs ថ្មីរបស់ AMD ត្រូវបានគេធ្វើឡើងមក ដោយផ្អែកលើបច្ចេកវិទ្យា 6nm Zen 3+ Process និងទទួលបានការ Upgrade សំខាន់ៗជាច្រើន រួមបញ្ចូលទាំងការបំពាក់ GPU ប្រភេទ RDNA 2 នៅជាមួយគ្នាមកស្រាប់ទៀតផង។ ក្រុមហ៊ុនគេផ្ទាល់អះអាងថា GPU RDNA 2 មកស្រាប់នោះ គឺមានសមត្ថភាពខ្ពស់ អាចឲ្យអ្នកប្រើប្រាស់លេងហ្គេមប្រភេទ AAA ជាច្រើនបានរលូននៅកម្រិត 1080p ទៀតផង ហើយបើធៀបនឹងជំនាន់មុនវិញ លើកនេះវាសមត្ថភាពខ្ពស់ជាងមុនដល់ទៅ 2 ដងឯណោះ។

AMD ក៏បានពង្រឹងបន្ថែមទៅលើការសន្សំថាមពលថ្មរបស់ Laptop ដែរ ជាក់ស្ដែងនៅលើ CPU ថ្មី ដែលប្រើប្រាស់ស្ថាបត្យកម្ម Zen 3+ របស់គេនេះ ប្រើប្រាស់ថាមពលតិចជាងមុន 30% សម្រាប់ការប្រើលើ Call Video ផ្សេងៗ និងអះអាងថា អាចផ្តល់ឲ្យការមើលភាពយន្តជាប់បានរហូតដល់ 24 ម៉ោងទៀតផង។ Ryzen 6000 ក៏ជាខ្សែស្រឡាយ CPU ដំបូងគេបំផុត ដែលមានបំពាក់ Pluton Security Chip របស់ Microsoft ដែរ។

សរុបជារួម AMD ប្រាប់ថា Ryzen 6000 Mobile CPUs មានសមត្ថភាពប្រសើរជាងមុន 11% សម្រាប់ Single Threaded និងប្រសើរជាងមុន 28% សម្រាប់ការងារ Multithreaded។ ក្នុងខ្សែស្រឡាយ CPU ថ្មីនេះ នឹងដឹកនាំមុខគេដោយម៉ូឌែល Ryzen 9 6980HX ដែលមាន 8 Cores និង 16 Thread មានល្បឿនខ្ពស់បំផុតដល់ 5GHz ទៀតផង។ ក្រៅពីនេះ Ryzen 6000 ក៏ទទួលបានការពង្រឹងបន្ថែម លើផ្នែកសំខាន់ៗជាច្រើនដូចជា ប្រើប្រាស់រ៉េម DDR5 ថ្មី, មានដាក់បញ្ចូលមកជាមួយ WiFi 6E និងអាចគាំទ្រជាមួយឧបករណ៍ដែលប្រើ PCIe 4.0 និង USB 4 បានកាន់តែប្រសើរជាងមុន។

ក្នុងចំណោមការ Upgrade ជាច្រើន យើងឃើញថា ចំណុចពិសេសជាងគេ គឺការតម្លើងមកប្រើ GPU RDNA 2 ថ្មីហ្នឹងតែម្ដង ព្រោះគេអះអាងថា វាអាចដំណើរការហ្គេម 1080p បានដោយមិនត្រូវការ GPU ដាច់ដោយឡែកផ្សេងឡើយ ហើយបើធៀបនឹង Intel Iris Xe វិញ AMD បញ្ជាក់ថា វាមានសមត្ថភាពប្រសើរជាងដល់ទៅ 70% ឯណោះ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង