Intel អះអាងថា CPU Core i9 ជំនាន់ទី 12 របស់ខ្លួនលឿនជាង M1 Max របស់ Apple ទៅទៀត
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

នៅក្នុងព្រឹត្តិការណ៍ CES 2022 យប់មិញនេះ Intel ក៏បានចូលរួមជាមួយក្រុមហ៊ុនដទៃទៀត ក្នុងការប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួនមកដែរ ដោយក្នុងនោះក៏ឃើញមានការប្រកាសចេញ CPU ជំនាន់ថ្មីរបស់គេ សម្រាប់បំពាក់នៅលើកុំព្យូទ័រយួរដៃដូចគ្នា។ ក្នុងចំណោម CPU ម៉ូឌែលថ្មី ដែល Intel បានប្រកាសចេញទាំងនោះដែរ ក៏មានម៉ូឌែលកំពូល Core i9 មកដូចគ្នា ដែលត្រូវបានគេអះអាងខ្ពស់ ទៅលើសមត្ថភាពរបស់វាទៀតផង។

មិនខុសទេ នៅក្នុងការប្រកាសចេញនោះ Intel បានបញ្ជាក់ច្បាស់ថា CPU Core i9-12900HK របស់ខ្លួន មានល្បឿនដំណើរការលឿនជាង CPU លើឈីប M1 Max របស់ Apple ទៅទៀត ហើយមិនត្រឹមតែប៉ុណ្ណោះ គេថែមទាំងអះអាងថា នេះជា CPU ដែលមានល្បឿនលឿនជាងបំផុត នៅក្នុងពេលបច្ចុប្បន្នទៀតផង។ 

គួរបញ្ជាក់ថា CPU Core i9 ថ្មីខាងលើ មានសរុបទាំងអស់ចំនួន 14 Cores ដោយក្នុងនោះមាន 6 ជា Performance Cores និងមាន 8 ទៀតជា Efficiency Cores។ បើធៀបនឹងឈីប M1 Max របស់ Apple វិញ មានសរុបទាំងអស់គឺ 10 Cores ក្នុងនោះមាន Performance Cores ចំនួន 8 និង Efficiency Cores ចំនួន 2 ផងដែរ។

ល្បឿនខ្ពស់បំផុត ដែល CPU Core i9 ខាងលើអាចធ្វើបានគឺឡើងដល់ 5.0GHz ប៉ុន្តែបើទោះជាកម្លាំងរបស់វា លឿនជាង M1 Max ពិតមែន តែថាមពលដែល CPU ទាមទារដើម្បីរត់ដល់កម្លាំងបែបនេះ ក៏ខ្ពស់មិនធម្មតាឡើយ ពោលគឺអាចឡើងខ្ពស់បំផុតដល់ 115W ឯណោះ។ ថាមពលខ្ពស់បែបនេះ ប្រាកដណាស់ថា កុំព្យូទ័រយួរដៃដែលប្រើប្រាស់វា នឹងត្រូវទាមទារឲ្យសាកថ្មបណ្ដើរប្រើប្រាស់បណ្ដើរ ទើបអាចទ្រទ្រង់ទៅបាន (ក្នុងករណីអ្នកប្រើចង់បាន Performance ខ្ពស់បំផុតចេញពី CPU នេះ)។ 

ចំណុចនេះហើយ ដែលនៅតែធ្វើឲ្យ Apple មិនស្ដាយក្រោយក្នុងការប្តូរពី Intel ទៅប្រើឈីបផ្ទាល់ខ្លួនវិញ ព្រោះថាឈីបត្រកូល M របស់គេ ប្រើប្រាស់ថាមពលតិច ជាក់ស្ដែងប្រើតែថាមពលថ្មសុទ្ធ ក៏អាចផ្គត់ផ្គង់ថាមពលទៅឲ្យឈីបនេះគ្រប់គ្រាន់ដែរ មួយវិញទៀត វាក៏ងាយស្រួលសម្រាប់ Apple ក្នុងការគ្រប់គ្រង់លើប្រព័ន្ធបន្ថយកម្តៅដូចគ្នា។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង