Alienware X14 ជាកុំព្យូទ័រហ្គេម 14 អ៊ីញដំបូងរបស់គេ មានបំពាក់ CPU ជំនាន់ទី 12 របស់ Intel
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

នៅក្នុងព្រឹត្តិការណ៍ CES 2022 ដែលកំពុងតែប្រព្រឹត្តទៅនេះ យើងឃើញថា មានផលិតផលជាច្រើន ត្រូវបានក្រុមហ៊ុននានាទើបប្រកាសចេញ ដែលមួយភាគធំនៅក្នុងថ្ងៃចាប់ផ្តើមនោះ គឺជាផលិតផលកុំព្យូទ័រ និងទូរទស្សន៍ឆ្លាតវៃតែម្ដង។ ដោយឡែកក្នុងអត្ថបទនេះ យើងទៅកុំព្យូទ័រម៉ូឌែលថ្មីមួយរបស់ Alienware ដែលមានឈ្មោះថា Alienware X14 ហើយនេះគឺជាកុំព្យូទ័រយួរដៃទំហំ 14 អ៊ីញដំបូងមួយរបស់យីហោនេះ។

មិនខុសទេ Alienware បាននាំយកម៉ូឌែល X14 មួយទៀត មកដាក់បញ្ចូលនៅក្នុងខ្សែស្រឡាយកុំព្យូទ័រហ្គេមលំដាប់កំពូលរបស់ខ្លួន បន្ថែមពីលើម៉ូឌែល X15 និង X17 កន្លងទៅ។ ដូច្នេះហើយនេះជាឱកាសមួយទៀត សម្រាប់អ្នកចូលចិត្តលេងហ្គេមនៅលើកុំព្យូទ័រខ្នាតតូច ងាយស្រួលក្នុងការយកតាមខ្លួនជាងមុន។ ចំពោះការឌីហ្សាញរូបរាង យើងឃើញថាវាទទួលបានទម្រង់តួខ្លួនផ្សេងៗរបស់ម៉ូឌែល X15 និង X17 មកស្ទើរទាំងស្រុងហើយ ដោយខុសគ្នាតែទំហំ និងទម្ងន់ហ្នឹងឯង។ 

និយាយដល់ទម្ងន់ Alienware បានប្រាប់ថា X14 មានទម្ងន់ស្រាល់ត្រឹម 1.8kg ប៉ុណ្ណោះ ដោយនេះមិនមែនជាទម្ងន់ស្រាលខ្លាំងទេ បើធៀបនឹងកុំព្យូទ័រទូទៅដទៃទំហំប៉ុនគ្នា ប៉ុន្តែវាស្រាលល្អមួយ បើធៀបនឹងកុំព្យូទ័រហ្គេមដទៃទៀត។ សម្រាប់ម៉ូឌែល X15 កន្លងទៅវិញ ទម្ងន់របស់វាគឺខ្ទង់ 2.26kg ឃើញថាធ្ងន់ជាងម៉ូឌែលថ្មីខាងលើច្រើនគួរសមដែរ។

ទៅមើលលក្ខណៈសម្បត្តិវិញម្ដង Alienware X14 មានបំពាក់ជាមួយ CPU ជំនាន់ទី 12 ចុងក្រោយបង្អស់របស់ Intel ពោលគឺមានជម្រើសដល់ Core i7-12900H ជាមួយគ្នានឹងជម្រើស GPU ខ្ពស់បំផុតត្រឹម Nvidia RTX 3060។ ទន្ទឹមគ្នានេះដែរ Alienware ក៏បានផ្តល់ជម្រើសអង្គផ្ទុកទិន្នន័យដល់ទៅ 2TB ជាប្រភេទ M.2 SSD ទៀតផង។

គួរបញ្ជាក់ថា Alienware X14 មានកម្រាស់ស្ដើងត្រឹម 14.5mm ប៉ុណ្ណោះ ក្លាយជាកុំព្យូទ័រហ្គេមមានកម្រាស់ស្ដើងបំផុត គិតមកទល់បច្ចុប្បន្ននេះ ហើយវាក៏ក្លាយជាកុំព្យូទ័រហ្គេម 14 អ៊ីញដំបូងគេបំផុតដែរ ដែលអេក្រង់របស់វា អាចគាំទ្របានទាំងបច្ចេកវិទ្យា Nvidia G-Sync និងបច្ចេកវិទ្យា Nvidia Advanced Optimus មកព្រមគ្នា។ 

កុំព្យូទ័រយួរដៃម៉ូឌែលថ្មីខាងលើ ក៏ត្រូវបាន Alienware ប្រកាសដាក់លក់ផ្លូវការហើយ ជាមួយតម្លៃចាប់ផ្តើមឡើងពីខ្ទង់ 1,799 ដុល្លារឡើងទៅនៅទីផ្សារបរទេស ដែលតម្លៃនេះ គឺមិនស្ថិតក្នុងកម្រិតមួយ ដែលអាចថាជាតម្លៃសមរម្យបានទេ ប៉ុន្តែយ៉ាងណានេះជាតម្លៃទាបជាងគេ ក្នុងកុំព្យូទ័រត្រកូល X របស់ Alienware ទាំងអស់។

ប្រភព ៖ The Verge
អត្ថបទទាក់ទង