realme GT 2 Series ចេញផ្លូវការជាមួយរូបរាងថ្មី ឈីប Snapdragon 8 Gen 1 និងកម្លាំងសាកថ្ម 65W
ដោយ​ ៖ ខេមបូរីផត | 4 ខែមុន SHARE

 

មុននេះបន្តិច realme បានប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការហើយ ដោយត្រូវបានគេហៅថា realme GT 2 Series ក្នុងនោះគឺមានចំនួនពីរម៉ូឌែលដូចជា realme GT 2 និង realme GT 2 Pro។ ទូរសព្ទឆ្លាតទាំងពីរម៉ូឌែលនេះ វាមានការឌីហ្សាញស្រដៀងគ្នាច្រើនទាំងមុខ និងខាងក្រោយតែម្ដង ប៉ុន្តែចំណុចខុសគ្នាច្រើនវិញនោះ គឺស្ថិតនៅលក្ខណៈសម្បត្តិសំខាន់ៗខាងក្នុង។

សម្រាប់ការឌីហ្សាញខាងក្រោយ realme GT 2 និង 2 Pro ស្ទើរតែដូចគ្នាទៅហើយ ដោយមានប្រអប់កាមេរ៉ារាងជ្រុង ផ្ទុកសេនស័រ 3 គ្រាប់ មានពីរគ្រាប់ត្រូវបានឌីហ្សាញមកទំហំធំ និងមួយគ្រាប់ទៀតទំហំតូច ដាក់នៅខាងកៀនគេ អមជាមួយ Flash LED ផងដែរ។ ចំណែកឯខាងមុខវិញ ក៏ស្ទើរតែដូចគ្នាទាំងស្រុងដែរ ដោយពួកវាមានអេក្រង់លាត ជាមួយលេនទំលុះអេក្រង់មួយគ្រាប់នៅខាងឆ្វេង ហើយចំណុចខុសគ្នា ដែលអាចកត់សម្គាល់បាននោះគឺថា នៅលើម៉ូឌែល Pro គែម Bezel ខាងក្រោមរបស់វា ខ្លីជាងម៉ូឌែលធម្មតាបន្តិច។

realme GT 2 មានបំពាក់អេក្រង់ទំហំ 6.62 អ៊ីញ ជាប្រភេទ AMOLED មានកម្រិតបង្ហាញ FHD+ ល្បឿន Refresh Rate 120Hz កម្រិតប៉ះបញ្ជា Touch Sampling Rate 1000Hz ក៏ដូចជាអាចបង្ហាញទឹកពណ៌ DCI-P3 បាន 100% ពេញ និងមានកម្រិតពន្លឺខ្ពស់បំផុត 1300nits។ ខណៈម៉ូឌែល GT 2 Pro វិញ ឃើញថាវាប្រសើរជាងច្រើនចំណុចដែរ ជាក់ស្ដែងមានទំហំ 6.7 អ៊ីញ ប្រភេទ AMOLED ជាមួយបច្ចេកវិទ្យា LTPO គាំទ្រល្បឿន Refresh Rate ពី 1Hz ដល់ 120Hz មានបច្ចេកវិទ្យា MEMC ព្រមទាំងមានកម្រិតពន្លឺឡើងដល់ 1400nits ផងដែរ។

ចំណែកកម្លាំងម៉ាស៊ីន ទាំងពីរម៉ូឌែលខាងលើក៏ខុសគ្នាដែរ ដោយម៉ូឌែល GT 2 Pro បានប្រើប្រាស់ដល់ឈីបកំពូលចុងក្រោយ Snapdragon 8 Gen 1 ខណៈម៉ូឌែលធម្មតាវិញ វានៅបន្តប្រើប្រាស់ត្រឹម Snapdragon 888 ធម្មតាប៉ុណ្ណោះ។ realme GT 2 Series មានជម្រើសរ៉េម 8GB និង 12GB ជាមួយជម្រើសអង្គផ្ទុក 128GB, 256GB និង 512GB (សម្រាប់តែម៉ូឌែល Pro ប៉ុណ្ណោះ)។

ថាមពលថ្មជាចំណុចសំខាន់មួយ ដែលមិនមានម៉ូឌែលណាក្នុងត្រកូល GT 2 Series លេចធ្លោជាងគ្នានោះទេ ព្រោះថាពួកវាបំពាក់មកទំហំ 5,000mAh ដូចគ្នា និងអាចគាំទ្រមុខងារសាកថ្មតាមខ្សែល្បឿនលឿនដល់ 65W ដូចគ្នាតែម្ដង។ ទន្ទឹមគ្នានេះដែរ realme ក៏បានអះអាងថា គេបានប្រើប្រាស់ប្រព័ន្ធបន្ថយកម្តៅថ្មី ដែលជួយឲ្យ realme GT 2 Series ដំណើរការបានកាន់តែប្រសើរជាងមុន។

ដល់ពេលនិយាយពីកាមេរ៉ាម្ដងហើយ ដោយនៅលើម៉ូឌែល Pro មានកាមេរ៉ាទំហំ 50MP ចំនួនពីរគ្រាប់ មួយជាសេនស័រគោលប្រភេទ IMX766 និងមួយទៀតជាលេនទូលាយ Ultrawide អាចថតប្លង់ទូលាយបានដល់ 150 ដឺក្រេឯណោះ។ ចំណែកកាមេរ៉ាមួយគ្រាប់ទៀតនោះ គឺជាចំណុចខ្សោយធំមួយ ព្រោះថានោះគ្រាន់តែជាលេន Macro ទំហំ 2MP ប៉ុណ្ណោះ ហើយសេនស័រមួយនេះ ក៏បន្តមាននៅលើម៉ូឌែល realme GT 2 ដូចគ្នា។ ក្រៅពីលេន 2MP ម៉ូឌែល realme GT 2 មានលេនគោលទំហំ 50MP ដូចម៉ូឌែល Pro ដែរ ប៉ុន្តែវាប្តូរមកប្រើលេនទូលាយ Ultrawide ទំហំ 8MP វិញ។ ចំពោះកាមេរ៉ាមុខ នៅលើម៉ូឌែល Pro បំពាក់មកដល់ 32MP ចំណែកម៉ូឌែលធម្មតាភ្ជាប់មកទំហំ 16MP។

សម្រាប់ចំណុចសំខាន់ផ្សេងៗទៀត ដែល realme GT 2 Series បំពាក់មកដែរនោះរួមមាន គាំទ្រ 5G បាន, WiFi 6, Bluetooth 5.2, NFC, Speaker Stereo ក៏ដូចជាដំណើរការដោយ realme UI 3.0 ស្រោបពីលើ Android 12 ជាដើម។

សូមបញ្ជាក់ថា realme GT 2 Series មានជម្រើស 4 ពណ៌ដូចគ្នារួមមាន ពណ៌ស ខ្មៅ បៃតង និងពណ៌ខៀវផងដែរ។ ចំពោះផ្នែកតម្លៃ និងពេលវេលាចេញលក់ ពេលនេះយើងអាចប្រាប់បានសម្រាប់តែទីផ្សារប្រទេសចិនសិនប៉ុណ្ណោះ ដោយ realme នឹងចេញលក់ចាប់ពីថ្ងៃទី 7 មករាខាងមុខនេះទៅ ជាមួយតម្លៃចាប់ផ្តើមពី 424 ដុល្លារសម្រាប់ម៉ូឌែល realme GT 2 និងចាប់ពី 613 ដុល្លារឡើងទៅ សម្រាប់ម៉ូឌែល realme GT 2 Pro។

ប្រភព ៖ XDA Developer
អត្ថបទទាក់ទង