Mercedes-Benz Vision EQXX ជារថយន្តអគ្គិសនីគំរូថ្មី សាកពេញម្ដងធ្វើដំណើរបានជិត 1,000km
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ថ្មីៗនេះ Mercedes-Benz ទើបដាក់បង្ហាញរថយន្តអគ្គិសនីគំរូថ្មីរបស់ខ្លួនជាផ្លូវការ ដោយគេហៅថា Vision EQXX ដែលជារថយន្តមួយ ត្រូវបានគេផលិតឡើងមក ផ្តោតសំខាន់ទៅលើប្រណីតភាព និងចម្ងាយដែលវាអាចធ្វើដំណើរបាន ក្នុងការសាកថ្មពេញម្ដង។

មិនខុសទេ យោងតាមការបង្ហាញចេញពីសំណាក់ Mercedes-Benz ផ្ទាល់បានឲ្យដឹងថា Vision EQXX នេះ គឺប្រើប្រាស់ថាមពលតិចបំផុត ពោលគឺក្នុងការធ្វើដំណើរ 100km វាត្រូវការថាមពលទាបជាង 10kWh ទៅទៀត ដែលមានន័យថា ការប្រើប្រាស់ថាមពលថ្មរបស់វាគឺ 1kWh អាចធ្វើដំណើរបានខ្ទង់ 10km។ បើសិនយកកម្រិតប្រើថាមពលនេះ ទៅគិតជារថយន្តដែលប្រើប្រាស់សាំងវិញ Mercedes ប្រាប់ថា ក្នុងការចាក់សាំង 1 លីត្រ រថយន្តនេះនឹងអាចដំណើរបានដល់ទៅ 100km ឯណោះ។

ដើម្បីទទួលបានសមត្ថភាពបែបនេះគឺ Mercedes បានប្រើប្រាស់ថ្មថ្មីនៅលើរថយន្ត Vision EQXX របស់គេ ជាក់ស្ដែងថ្មនោះគឺមានទំហំតូចជាងថ្ម ដែលគេប្រើប្រាស់រថយន្ត EQS បច្ចុប្បន្នរបស់ខ្លួន ដល់ទៅពាក់កណ្ដាល និងមានទម្ងន់ស្រាលជាងដល់ទៅ 30% ទៀតផង។ 

មិនទាន់អស់ត្រឹមនឹងទេ Vision EQXX ក៏មានបំពាក់មកជាមួយបន្ទះ Solar នៅលើដំបូងរបស់វាទៀតផង ដែលបន្ទះនោះគឺមានកម្រាស់ស្ដើងខ្លាំង និងអាចបន្ថែមចម្ងាយឲ្យរថយន្តនេះ អាចធ្វើដំណើរទៅមុខទៀតបាន 25km ផងដែរ។ 

នៅផ្នែកខាងក្នុងរបស់វាវិញ ក៏មានបំពាក់មកជាមួយបច្ចេកវិទ្យាទំនើបៗដែរ ជាក់ស្ដែងមានអេក្រង់ធំវែងមួយនៅខាងមុខ ដែលមានទំហំសរុបដល់ទៅ 47.5 អ៊ីញ ជាប្រភេទអេក្រង់ Mini LED មានកម្រិតបង្ហាញដល់ទៅ 8K ជាដើម។ បន្ថែមពីនេះ វាក៏មានមុខងារសំខាន់ៗជាច្រើន ដូចដែលរថយន្តអគ្គិសនីទំនើបៗផ្សេងទៀតមានដូចគ្នា ហើយចំណុចសំខាន់មួយទៀតចុងក្រោយនោះ គឺថានេះជារថយន្តស្រាលមួយ ដោយទម្ងន់សរុបរបស់វាគឺត្រឹមតែ 1,750kg ប៉ុណ្ណោះ។

សូមបញ្ជាក់ថា នេះជារថយន្តគំរូសិនប៉ុណ្ណោះ ហើយសម្រាប់ពេលវេលា ដែល Mercedes គ្រោងនឹងផលិតវាសម្រាប់ចេញលក់ទូទៅនោះ គឺមិនទាន់មានការបញ្ជាក់ប្រាប់ទេ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង