Apple ក្លាយជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោក មានតម្លៃដល់ទៅ 3 ទ្រីលានដុល្លារ
ដោយ​ ៖ ខេមបូរីផត | 7 ខែមុន SHARE

 

នៅក្នុងថ្ងៃនេះ Apple បានបំបែកកំណត់ត្រាថ្មីមួយទៀតហើយ ដោយក្លាយជាក្រុមហ៊ុនមួយ មានតម្លៃថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត ពោលគឺមិនធ្លាប់មានក្រុមហ៊ុនណាមួយ អាចមានតម្លៃខ្ពស់បែបនេះទេ។

មិនខុសទេ នៅក្នុងថ្ងៃនេះ Apple បានក្លាយជាក្រុមហ៊ុនមួយ មានតម្លៃខ្លួនដល់ទៅ 3 ទ្រីលានដុល្លារឯណោះ ដែលនេះជាតម្លៃសរុបនៃភាគហ៊ុនដ៏ច្រើនលើសលប់ទាំងអស់របស់គេ។ ការសម្រេចបានបែបនេះដែរ គឺដោយសារតែតម្លៃនៃភាគហ៊ុនរបស់គេ មានការកើនឡើងខ្ពស់កាលពីឆ្នាំ 2021 កន្លងទៅនេះ ពោលគឺកើនឡើងដល់ទៅ 40% ឯណោះ។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺថា Apple អាចឡើងទៅក្លាយជាក្រុមហ៊ុនមានតម្លៃខ្ទង់ 3 ទ្រីលានដុល្លារ គឺចំណាយពេលត្រឹមតែ 16 ខែប៉ុណ្ណោះ បន្ទាប់ពីពេលដែលគេឡើងក្លាយជាក្រុមហ៊ុនមានតម្លៃ 2 ទ្រីលានដុល្លារដំបូង ហើយបើគិតចាប់តាំងពីគេឡើងក្លាយជាក្រុមហ៊ុនមានតម្លៃ 1 ទ្រីលានដុល្លារ មកដល់ 3 ទ្រីលានដុល្លារនេះវិញ គឺចំណាយពេលទាបជាង 3 ឆ្នាំកន្លះផងដែរ។

គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំ 2022 នេះ Apple នឹងព្យាយាមបង្កើនភាពជោគជ័យបន្ថែមទៀត ជាក់ស្ដែងកន្លងមកធ្លាប់មានដំណឹងថា ក្រុមហ៊ុននេះគេគ្រោងនឹងប្រកាសចេញផលិតផលប្រភេទថ្មីសម្រាប់យីហោរបស់ខ្លួន ជាក់ស្ដែងគឺអាចជាផលិតផល AR/VR ហ្នឹងឯង។ ទន្ទឹមគ្នានេះ Apple ក៏អាចនឹងប្រកាសចេញផលិតផលថ្មីៗជាច្រើនទៀត ដូចជាអាចនឹងមានកុំព្យូទ័រ Mac ជំនាន់ថ្មី យ៉ាងហោចណាស់ 5 ម៉ូឌែល, iPad Pro ជាមួយការឌីហ្សាញថ្មី, AirPods Pro ជំនាន់ថ្មី ក៏ដូចជា iPhone ជំនាន់ថ្មីជាដើម។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង