ទូរទស្សន៍ The Frame ថ្មីរបស់ Samsung ប្តូរមកប្រើអេក្រង់ Matte មើលទៅកាន់តែដូចផ្ទាំងគំនូរពិតប្រាកដ
ដោយ​ ៖ ខេមបូរីផត | 7 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បានស្គាល់ទូរទស្សន៍ឆ្លាតត្រកូល The Frame របស់ Samsung ហើយ ដែលជាម៉ូឌែលទូរទស្សន៍មួយ ត្រូវបានគេធ្វើឡើងមកមិនឲ្យដូចទូរទស្សន៍ធម្មតាដទៃទៀតទេ ផ្ទុយទៅវិញក្រៅពីដើរតួជាទូរទស្សន៍ វាអាចដើរតួជាផ្ទាំងគំនូរតាំងលម្អ ជាមួយការអនុញ្ញាតឲ្យអ្នកទិញ អាចជ្រើសរើសពណ៌គែម Bezel បានតាមចំណូលចិត្ត និងមានផ្ទាំងគំនូរមកស្រាប់ក្នុង Art Store របស់គេជាង 1,600 រូបឯណោះ។ 

ដោយឡែកថ្មីៗនេះ Samsung ទើបប្រកាសចេញទូរទស្សន៍ឆ្លាត The Frame ស៊េរីថ្មីឆ្នាំ 2022 មកទៀតហើយ ជាមួយការពង្រឹងបន្ថែមទៅលើចំណុចមួយចំនួន ជួយឲ្យទូរទស្សន៍ម៉ូឌែលថ្មីនេះ កាន់តែមានគុណសម្បត្តិច្រើនជាងមុន។ ចំណុចកែប្រែសំខាន់បំផុតនៅលើ The Frame ជំនាន់ថ្មី គឺ Samsung បានបញ្ជាក់ប្រាប់ថា គេនឹងបំពាក់ជាមួយអេក្រង់សាច់ម៉ត់ (Matte) ដែលអាចកាត់បន្ថយចំណាំងផ្លាតបាន ហើយក៏ជួយធ្វើឲ្យរូបភាពគំនូរផ្សេងៗ ដែលបង្ហាញនៅលើអេក្រង់នោះ កាន់តែដូចរូបភាព ដែលត្រូវបានគូរ ក៏ដូចជាបង្ហាញនៅលើក្រដាសពិតប្រាកដតែម្ដង។ 

ដូចមានបង្ហាញក្នុងរូបភាពខាងក្រោមនេះអញ្ចឹង អេក្រង់ដែលមានសាច់ម៉ត់នោះ វាអាចបំបាត់ចំណាំងផ្លាតអំពូលភ្លើងចេញបានយ៉ាងប្រសើរ ហើយក៏ជួយធ្វើឲ្យអ្នកប្រើប្រាស់ អាចទស្សនាឃើញពណ៌ដែលបង្ហាញចេញពីអេក្រង់នោះ កាន់តែច្បាស់ជាងមុនផងដែរ។

គួរបញ្ជាក់ថា សម្រាប់ The Frame ស៊េរីឆ្នាំ 2022 នេះ ត្រូវបាន Samsung ផ្តល់ជម្រើសឲ្យដល់ទៅ 7 ទំហំផ្សេងៗគ្នា ដោយចាប់ផ្តើមពីទំហំ 32 អ៊ីញទៅទៀតផង និងជម្រើសធំបំផុតនោះ គឺទំហំដល់ទៅ 85 អ៊ីញតែម្ដង។ សម្រាប់លក្ខណៈសម្បត្តិផ្សេងទៀតវិញ វាស្រដៀងគ្នាច្រើនទៅនឹងជំនាន់មុនដែរ ជាក់ស្ដែងមានកម្រិតបង្ហាញ 4K HDR ជាដើម។ បើទោះជា The Frame មានលក្ខណៈពិសេសប្លែកពីគេក៏ដោយ ប៉ុន្តែវាក៏បាត់បង់មុខងារដែលទូរទស្សន៍កំពូលៗដទៃទៀតមានដែរ ជាក់ស្ដែងដូចជា មិនអាចគាំទ្រល្បឿន Refresh Rate 120Hz និងមុខងារ Variable Refresh Rate ព្រមទាំងនៅតែមិនអាចគាំទ្រជាមួយ Dolby Vision ដដែល។

សម្រាប់ផ្នែកតម្លៃ និងពេលវេលាចេញលក់ផ្លូវការ Samsung មិនទាន់បានបញ្ជាក់ប្រាប់ទេក្នុងពេលនេះ ដូច្នេះយើងមានតែងរង់ចាំមើលបន្តទៀតទាំងអស់គ្នា។

ប្រភព ៖ The Verge
អត្ថបទទាក់ទង