ផលិតផលសំខាន់ៗដែល Apple គ្រោងនឹងប្រកាសចេញក្នុងឆ្នាំ 2022 នេះ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ជារៀងរាល់ឆ្នាំ Apple តែងតែបញ្ចេញផលិតផលជំនាន់ថ្មីៗរបស់គេចូលមកកាន់ទីផ្សារ ហើយសម្រាប់ឆ្នាំ 2022 នេះ ក៏មិនខុសគ្នាដែរ Apple ត្រូវបានគេរំពឹងទុកមុន ពីគម្រោងក្នុងការប្រកាសចេញផលិតផលថ្មីៗជាច្រើន ដែលក្នុងនោះរួមមានទាំងទូរសព្ទជំនាន់ថ្មី, MacBook Air ជំនាន់ថ្មី ក៏ដូចជាផលិតផលជំនាន់ថ្មីផ្សេងទៀត។

មិនខុសទេ បើយោងតាមការបង្ហាញចេញដោយ Mark Gurman មកពី Bloomberg នោះ គាត់បានធ្វើការរំពឹងទុកខ្ពស់ថា នៅក្នុងឆ្នាំ 2022 នេះ Apple អាចនឹងប្រកាសចេញ iPhone 14 ជាមួយការប្រើប្រាស់លេនទំលុះអេក្រង់ ហើយបញ្ជាក់បន្ថែមថា ជាលេនទំលុះអេក្រង់រាងមូលតូចមួយគ្រាប់នៅចំកណ្ដាលទៀតផង។ បន្ថែមពីលើ iPhone ប្រភពដដែលក៏រំពឹងខ្ពស់ថា នឹងឃើញវត្តមាន MacBook Air ជំនាន់ថ្មី ជាមួយការឌីហ្សាញរូបរាងថ្មី និងអាចនឹងមានបំពាក់មកជាមួយឈីបថ្មី M2 ផងដែរ។ នៅលើឈីបថ្មីនេះលោក Gurman រំពឹងថា នឹងទទួលបានជម្រើស GPU 8-Core និង 9-Core ឬ 10-Core មកជំនួសជម្រើស 7-Core និង 8-Core លើ M1 បច្ចុប្បន្នវិញ។

មិនទាន់អស់ទេ គេក៏រំពឹងថានឹងឃើញវត្តមានឈីបថ្មីរបស់ Apple បំពាក់នៅលើ Mac Pro ចេញមកដែរ ដោយអាចនឹងមានជម្រើស 40-Core CPU ជាមួយ 128-Core GPU ឯណោះ។ វត្តមាន Mac Mini ជំនាន់ថ្មី ក៏ដូចជាអាចនឹងមាន iMac Pro ថ្មី ក៏អាចនឹងចេញមកដូចគ្នា។ គេបន្ថែមដែរថា ឆ្នាំ 2022 នេះ គឺអាចជាឆ្នាំមួយ ដែល Apple នឹងធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់ Processor របស់ Intel និងជំនួសវិញដោយឈីបរបស់ខ្លួនផ្ទាល់ បានទាំងស្រុងតែម្ដង។ ទន្ទឹមគ្នានេះ ផលិតផលធំប្រចាំឆ្នាំ 2022 សម្រាប់ Apple គឺគេអាចជាផលិតផល AR/VR តែម្ដង ដែលទំនងជានឹងបញ្ចេញក្នុងព្រឹត្តិការណ៍ WWDC 2022 ខាងមុខ។ 

ក្រៅពីនេះ iPhone SE ជំនាន់ទី 3 គាំទ្រ 5G, iPad Pro ជាមួយមុខងារសាកថ្មឥតខ្សែ និងផលិតផលជំនាន់ថ្មីមួយចំនួនទៀត ក៏ត្រូវបានប្រភពខាងលើរំពឹងថា នឹងបង្ហាញខ្លួនក្នុងឆ្នាំ 2022 នេះដូចគ្នា។ ដូច្នេះហើយ យើងនឹងរង់ចាំមើលទាំងអស់គ្នាថា តើផលិតផលទាំងអស់នឹងបង្ហាញមកពិតមែន ឬទេ។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង