Samsung ប្រកាសចេញម៉ូនីទ័រថ្មី Odyssey Neo G8 ជាមួយអេក្រង់ 4K 240Hz ដំបូងគេ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ថ្មីៗនេះ Samsung បានប្រកាសចេញម៉ូនីទ័រជំនាន់ថ្មីរបស់ខ្លួនចំនួន 3 ម៉ូឌែល ដោយនេះជាការប្រកាសចេញជាមុន មុនពេលយកទៅដាក់បង្ហាញពេញលេញ នៅក្នុងព្រឹត្តិការណ៍ CES 2022 ធ្វើឡើងនៅក្នុងអំឡុងថ្ងៃទី 5 ដល់ទី 7 ខែមករាខាងមុខ។ ម៉ូនីទ័រទាំង 3 ម៉ូឌែលនោះ ត្រូវ Samsung បញ្ចេញមក សម្រាប់បំពេញតម្រូវការរបស់មនុស្សផ្សេងៗគ្នា ជាក់ស្ដែងមានទាំងម៉ូឌែលសម្រាប់ Gaming, សម្រាប់ Content Creation និងសម្រាប់ការងារទូទៅ និងការកម្សាន្តផងដែរ។

ដំបូងយើងទៅមើលលើម៉ូឌែល Gaming មុន ដោយត្រូវបាន Samsung ដាក់ឈ្មោះថា Odyssey Neo G8 ដោយវាការឌីហ្សាញរូបរាងស្រដៀងគ្នាច្រើនជាមួយម៉ូឌែលកំពូល Odyssey Neo G9 ដែរ ប៉ុន្តែខុសគ្នាត្រង់ទំហំហ្នឹងតែម្ដង។ ម៉ូនីទ័រនេះមានទំហំអេក្រង់ 32 អ៊ីញ ជាមួយកម្រិតបង្ហាញដល់ 4K និងល្បឿន Refresh Rate ឡើងដល់ទៅ 240Hz ឯណោះ ធ្វើឲ្យវាក្លាយជាម៉ូនីទ័រដំបូងគេ ដែលមានបំពាក់អេក្រង់កម្រិតបង្ហាញខ្ពស់ និងល្បឿន Refresh Rate ខ្ពស់បែបនេះ។

អេក្រង់របស់ Odyssey Neo G8 មានកម្រិតកោង 1000R ជាអេក្រង់ប្រភេទ Quantum Mini LED ទៀតផង។ បន្ថែមពីនេះ ជាមួយបច្ចេកវិទ្យា Samsung Quantum Matrix និង Quantum HDR 2000, ម៉ូនីទ័រនេះអាចតម្លើងពន្លឺបានខ្ពស់បំផុតដល់ទៅ 2000 nits ក្នុង HDR Content និងកម្រិតកែតម្រូវពន្លឺបានដល់ 4096 ជំហានផងដែរ។ ចំណុចពិសេសមួយ ដែលដូចគ្នានឹង Odyssey Neo G9 នោះ គឺវាក៏មានមុខងារ CoreSync មកដែរ ដែលជាមុខងារអាចកំណត់ភ្លើង RGB នៅខាងក្រោយខ្នងម៉ូនីទ័រឲ្យត្រូវគ្នាជាមួយ Content ដែលកំពុងមើលលើអេក្រង់ផ្ទាល់បាន។

ទៅមើលម៉ូឌែលសម្រាប់ការងារទូទៅ និងការកម្សាន្តវិញម្ដង Samsung ដាក់ឈ្មោះវាថា Smart Monitor M8។ ម៉ូនីទ័រនេះមានការឌីហ្សាញបែបប្រណីតជាមួយកម្រាស់ស្ដើងត្រឹមតែ 11.4mm ប៉ុណ្ណោះ។ អេក្រង់របស់វាក៏ទំហំ 32 អ៊ីញដែរ ដែលមានកម្រិតបង្ហាញ 4K អាចបង្ហាញទឹកពណ៌ sRGB បាន 99% និងអាចគាំទ្រការបង្ហាញទឹកពណ៌បាន 1.07 ពាន់លានប្រភេទ ជាមួយកម្រិតពន្លឺខ្ពស់បំផុត 400 nits។ Smart Monitor M8 មានភ្ជាប់មកជាមួយ Webcam ស្រាប់ សម្រាប់ប្រើប្រាស់ជាមួយ Google Dou ដែលមានតម្លើងរួចស្រេច ហើយវាក៏មានតម្លើងមកជាមួយកម្មវិធីសម្រាប់ Streaming Service ផ្សេងមកស្រាប់ដែរ។

ចុងក្រោយទៅមើលម៉ូឌែលសម្រាប់ការងារបែប Content Creation វិញ គេហៅវាថា Samsung S8 តែម្ដង ដោយមានបំពាក់មកជាមួយអេក្រង់ទំហំ 32 អ៊ីញទៀតហើយ ប៉ុន្តែក៏នៅមានជម្រើសទំហំ 27 អ៊ីញមួយទៀត ដែលសុទ្ធសឹងតែមានកម្រិតបង្ហាញ 4K ហើយជាម៉ូនីទ័រដំបូងគេក្នុងពិភពលោក ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ Glare-free ពីសំណាក់ភ្នាក់ងារ Underwriters Laboratories ទៀតផង។

បន្ថែមពីនេះដែរ Samsung S8 អាចបង្ហាញទឹកពណ៌ DCI-P3 បាន 98%, ទទួលវិញ្ញាបនបត្របញ្ជាក់ VESA DisplayHDR 600 និងមាន USB-C អាចធ្វើការភ្ជាប់ជាមួយ Laptop ដែលគាំទ្រ ដើម្បីធ្វើការបញ្ជូនវីដេអូ ឬសម្លេងផ្សេងៗចូលមកកាន់ម៉ូនីទ័របាន និងអាចធ្វើការបញ្ជូន Ethernet Data មកបានដូចគ្នា។ រន្ធ USB-C នៅលើនេះ ក៏អាចផ្ទេរថាមពលកម្លាំងបានដល់ 96W មកកាន់ Laptop វិញដូចគ្នាដែរ។

សូមបញ្ជាក់ថា Samsung មិនទាន់បញ្ជាក់ពីតម្លៃរបស់ម៉ូនីទ័រទាំង 3 ខាងលើទេ ព្រោះចំណុចនេះ និងលក្ខណៈសម្បត្តិផ្សេងៗទៀត គេទុកបង្ហាញលម្អិតនៅក្នុងព្រឹត្តិការណ៍ CES 2022 ខាងមុខ។

ប្រភព ៖ Samsung
អត្ថបទទាក់ទង