មកដឹងមូលហេតុដែល Xiaomi តែងតែដាក់លក់ទូរសព្ទឆ្លាតក្នុងតម្លៃទាបសមរម្យជាងគេ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

អ្នកដែលនិយមតាមដានផលិតផលបច្ចេកវិទ្យាថ្មីៗនោះ ប្រាកដជាដឹងហើយថា ផលិតផលដែលចេញពីយីហោ Xiaomi ភាគច្រើនគឺមានតម្លៃទាបសមរម្យជាងគេក្នុងទីផ្សារ ថែមទាំងមានបំពាក់នូវលក្ខណៈសម្បត្តិកម្រិតខ្ពស់មួយ ធៀបនឹងតម្លៃដែលគេដាក់លក់។ ជាក់ស្ដែងដូចទូរសព្ទជាដើម យើងឃើញថា Xiaomi បានបំពាក់លក្ខណៈសម្បត្តិប្រសើរមួយ ប៉ុន្តែត្រូវបានដាក់លក់ក្នុងតម្លៃយ៉ាងសមរម្យ និងទាបជាងតម្លៃរបស់ទូរសព្ទក្រុមហ៊ុនដទៃ ដែលមានបំពាក់លក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នាទៀតផង។

បន្ទាប់ពីឮបែបនេះហើយ អ្នកទាំងអស់គ្នាអាចនឹងឆ្ងល់ហើយថា ហេតុអ្វីបានជា Xiaomi អាចដាក់លក់ផលិតផលរបស់ខ្លួនក្នុងតម្លៃទាបបាន?

ក្នុងអត្ថបទនេះយើងនឹងទៅស្វែងយល់ទាំងអស់គ្នា ពីមូលហេតុចំបងដែលអាចឲ្យ Xiaomi ដាក់លក់ទូរសព្ទជាមួយលក្ខណៈសម្បត្តិខ្ពស់មួយ នៅក្នុងតម្លៃទាបជាងគេក្នុងទីផ្សារ។ មូលហេតុធំដំបូង ដែលអាចឲ្យ Xiaomi លក់ទូរសព្ទបានក្នុងតម្លៃទាបនោះ គឺដោយសារតែក្រុមហ៊ុនមួយនេះ ផ្តោតសំខាន់ទៅលើបរិមាណទូរសព្ទដែលលក់ចេញ ជាជាងផ្តោតសំខាន់លើការយកប្រាក់ចំណេញខ្ពស់។ បើមើលទៅលើ Apple ជាទូទៅថ្លៃដើមនៃការផលិត iPhone នីមួយៗ គឺស្មើនឹងខ្ទង់ 36% ទៅ 37% ប៉ុណ្ណោះ នៃតម្លៃដែលគេបានដាក់លក់ផ្លូវការទូទៅ ដូច្នេះក្នុងការលក់មួយគ្រឿងៗ Apple ទទួលបានប្រាក់ចំណេញប្រមាណជាខ្ទង់ 60% ឯណោះ។ ចំណែក Xiaomi វិញ យោងតាមការបង្ហាញចេញពី CEO របស់គេផ្ទាល់ ពោលគឺលោក Lei Jun បានឲ្យដឹងថា ប្រាក់ចំណេញសរុបដែលគេទទួលបានពីការលក់ទូរសព្ទមួយគ្រឿងៗនោះ គឺត្រឹមតែខ្ទង់ 8% ទៅ 9% នៃតម្លៃដែលបានលក់ផ្លូវការប៉ុណ្ណោះ។

កត្តាសំខាន់មួយទៀត ដែលជួយឲ្យ Xiaomi អាចលក់ទូរសព្ទបានក្នុងតម្លៃទាបដែរនោះ គឺដោយសារតែការមិនសូវយកចិត្តទុកដាក់ ទៅលើផ្នែកឯកជនភាព (Privacy) ក្នុងទូរសព្ទឆ្លាតរបស់គេ។ យោងតាមការរាយការណ៍ចេញពីប្រភព Forbes បានឲ្យដឹងថា Web Browser ដែលមានតម្លើងមកស្រាប់ជាមួយទូរសព្ទរបស់ Xiaomi ទាំងអស់ គឺបានថតទុករាល់សកម្មភាព Browsing តាមអនឡាញរបស់អ្នកប្រើប្រាស់ បើទោះជាគេប្រើក្នុង Incognito Mode ក៏ដោយ។ បន្ថែមពីនេះ Xiaomi ក៏ធ្លាប់ត្រូវបានគេដឹងថា បានប្រមូលយកទិន្នន័យសំខាន់ៗមួយចំនួនទៀតក្នុងទូរសព្ទ ដើម្បីអាចឲ្យគេតាមដានដឹងពីសកម្មភាពប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន របស់អ្នកប្រើប្រាស់ទៀតផង។

អញ្ចឹងហើយ ទាំងនេះជាចំណុចសំខាន់ 2 ធ្វើឲ្យ Xiaomi អាចដាក់លក់ទូរសព្ទរបស់គេក្នុងតម្លៃទាបបាន។ ដូច្នេះមិនថាលើផលិតផលអ្វីនោះទេ ការដាក់លក់តែងតែមានការកាត់កងគ្នាសម្រាប់អ្នកទិញ ជាក់ស្ដែងបើអ្នកចង់បានទូរសព្ទលក្ខណៈសម្បត្តិខ្ពស់ ប៉ុន្តែមានតម្លៃទាបសមរម្យមួយនោះ គឺប្រាកដជានឹងត្រូវកាត់កងជាមួយផ្នែកផ្សេងវិញ ជាក់ស្ដែងដូចជា ការខ្វះខាតទៅលើឯកជនភាព ឬ Privacy ជាដើម។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង