Telegram អាប់ដេតថ្មី ដាក់បញ្ចូលមុខងារ Reaction, លាក់ Spoiler និងបកប្រែភាសា
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

Telegram ជាកម្មវិធីផ្ញើសារ ដែលកំពុងពេញនិយមបំផុតមួយ នៅក្នុងពិភពលោកបច្ចុប្បន្ននេះ ដោយសារតែវាផ្តល់ភាពងាយស្រួល និងសេរីភាពច្រើនទៅដល់អ្នកប្រើប្រាស់ ជាពិសេសគឺមានមុខងារសម្បូរបែបតែម្ដង។ ជាមួយកំណែអាប់ដេតចុងក្រោយថ្មីទៀតនេះ Telegram បាននាំយកមុខងារជាច្រើនមកបន្ថែម ដែលក្នុងនោះរួមមានមុខងារ Reaction លើសារជាដើម។

មុខងារដំបូងគេ ដែល Telegram បង្ហាញគឺ Message Reactions នេះឯង ដែលជាមុខងារមួយ ធ្លាប់មានលើកម្មវិធីផ្ញើសារផ្សេងទៀតរួចហើយ ពោលគឺវាអនុញ្ញាតឲ្យអ្នកប្រើបញ្ចេញប្រតិកម្មតបជារូប Emoji នៅលើសារណាមួយបាន ហើយកាន់តែពិសេសនោះ អ្នកប្រើប្រាស់ក៏អាចធ្វើការកំណត់រូបភាព Emoji ដោយខ្លួនឯងក្នុង Setting ដើម្បីឲ្យនៅពេល Double Tab លើសារណាមួយ វានឹងធ្វើការ Reaction រូប Emoji នោះភ្លាមៗតែម្ដង។

មុខងារថ្មីប្លែកមួយទៀត គេហៅថា Spoiler Formatting ដែលជាមុខងារសម្រាប់អ្នកចូលជជែកគ្នាទាក់ទងនឹងសាច់រឿងភាពយន្តថ្មីៗ នៅក្នុងក្រុមមួយ ហើយមិនចង់ឲ្យគេឃើញស្វ័យប្រវត្តិពីសារទាំងនោះទេ ដូច្នេះអាចប្រើមុខងារនេះបាន ដើម្បីលាក់សារនោះមិនឲ្យគេឃើញ លុះត្រាតែគេចុចលើសារនោះផ្ទាល់ ទើបអាចឃើញបាន។ មុខងារនេះមានប្រយោជន៍ សម្រាប់អ្នកមិនចូលចិត្តការបង្ហើបសាច់រឿង មុនពេលមើលភាពយន្តណាមួយ។

មុខងារធំមួយទៀត ដែល Telegram ទើបទម្លាក់ឲ្យដែរ គឺមុខងារបកប្រែសារ ទៅជាភាសាផ្សេងទៀត នៅក្នុងកម្មវិធី Telegram នោះផ្ទាល់តែម្ដង។ សម្រាប់មុខងារ Translate នេះ មិនមែនបើកស្រាប់ទេ ដោយអ្នកអាចចូលទៅបើកដំណើរការវាបាននៅក្នុង Setting បន្ទាប់មកចូលទៅកាន់ Language នឹងឃើញមានប៊ូតុងសម្រាប់បើកមុខងារនេះ។ នៅសល់មុខងារតូចៗមួយចំនួនទៀតដែរ ដែល Telegram បានដាក់បញ្ចូលមក ជាក់ស្ដែងដូចជា QR Code សម្រាប់ Username របស់យើង, Menu ថ្មីសម្រាប់ MacOS និងមានស្ទីលចលនាថ្មីលើ Emoji ជាដើម។

ប្រភព ៖ Telegram
អត្ថបទទាក់ទង