ឈីប Exynos ជំនាន់ថ្មី ជាមួយ GPU RDNA 2 នឹងចេញផ្លូវការនៅថ្ងៃទី 11 ខែមករាខាងមុខ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ឈីបកំពូលជំនាន់ថ្មីរបស់ Qualcomm ក៏ដូចជា MediaTek ជាដើមនោះ ត្រូវបានក្រុមហ៊ុនគេប្រកាសចេញជាផ្លូវការរួចរាល់អស់ហើយ ដោយ Qualcomm មាន Snapdragon 8 Gen 1 ខណៈ MediaTek មាន Dimensity 9000 ចំណែកឈីប Exynos របស់ Samsung វិញ នៅមិនទាន់ឃើញចេញមកនៅឡើយទេ។

យ៉ាងណាមិនយូរទៀតទេ Samsung នឹងបញ្ចេញឈីបកំពូល Exynos ជំនាន់ថ្មីមកនឹងគេដែរហើយ ព្រោះថ្មីៗនេះ គេបានប្រកាសចេញជាផ្លូវការ នៅតាមបណ្ដាញសង្គម Twitter ថា នឹងប្រកាសចេញឈីប Exynos ជំនាន់ក្រោយ ដែលមានបំពាក់ GPU RDNA 2 របស់ AMD នោះ នៅក្នុងថ្ងៃទី 11 ខែមករាខាងមុខនេះ។ 

យោងតាមការបង្ហោះរបស់ Samsung គឺថាឈីប Exynos ជំនាន់ថ្មីរបស់គេទំនងជានឹងទទួលបានការពង្រឹងបន្ថែមខ្ពស់ ទៅលើផ្នែក Gaming តែម្ដង ហើយនេះក៏ជាមូលហេតុមួយ ដែលធ្វើឲ្យគេផ្លាស់ប្តូរទៅសហការគ្នាជាមួយ AMD ដើម្បីនាំយក GPU ត្រកូល RDNA 2 មកកាន់ទូរសព្ទឆ្លាត។

ឈីប Exynos ជំនាន់ថ្មីត្រូវបានរំពឹងខ្ពស់ថាជា Exynos 2200 ហ្នឹងឯង ហើយក៏មានសង្ឃឹមខ្ពស់ដូចគ្នា ថានឹងបង្ហាញខ្លួននៅលើ Galaxy S22 Series គ្រោងចេញដើមឆ្នាំក្រោយហ្នឹងតែម្ដង។ យ៉ាងណាយោងតាមដំណឹងលេចធ្លាយកន្លងមក Samsung អាចនឹងធ្វើដូចទម្លាប់រាល់ដងអញ្ចឹង ដោយទូរសព្ទកំពូលជំនាន់ក្រោយរបស់គេ នឹងមានប្រើប្រាស់ឈីបខុសគ្នាអាស្រ័យតាមតំបន់ ជាក់ស្ដែងទីផ្សារមួយចំនួនដូចជា សហរដ្ឋអាមេរិក និងចិនជាដើមនោះ អាចនឹងទទួលបានឈីប Snapdragon 8 Gen 1 ខណៈពេលទីផ្សារក្រៅពីនេះ អាចនឹងទទួលបាន Exynos 2200 វិញ។

ប្រភព ៖ Sam Mobile
អត្ថបទទាក់ទង