លេចធ្លាយវីដេអូផ្លូវការ បង្ហាញកាន់តែច្បាស់ពីការឌីហ្សាញរូបរាងរបស់ OnePlus 10 Pro
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

យើងធ្លាប់បានឃើញរូបរាង ដែលត្រូវបានរំពឹងថាជា OnePlus 10 Pro ច្រើនមកហើយ តាមរយៈរូបភាព Render ចេញពីប្រភពល្បីៗមួយចំនួន។ ដោយឡែកនៅក្នុងពេលនេះ មានវីដេអូបែកធ្លាយមួយ កំពុងតែត្រូវបានគេចែកចាយតាមបណ្ដាញសង្គម Wiebo ក្នុងប្រទេសចិន ហើយវីដេអូនោះគឺត្រូវបានគេអះអាងថា ជាវីដេអូរបស់ OnePlus ផ្ទាល់ ដែលត្រូវបានបែកធ្លាយទៀតផង។

យោងតាមវីដេអូដែលយើងបានឃើញនោះ គឺវាបានបង្ហាញពីរូបរាងខាងមុខ និងខាងក្រោយរបស់ OnePlus 10 Pro ឲ្យយើងបានឃើញកាន់តែច្បាស់ជាងមុនថែមទៀត ជាក់ស្ដែងឃើញថា OnePlus 10 Pro ពិតជាមានការឌីហ្សាញទម្រង់កាមេរ៉ាក្រោយថ្មី ដូចរូបភាព Render កន្លងមកបង្ហាញមែន។ 

មិនខុសទេ នៅផ្នែកខាងក្រោយរបស់វាឃើញមានកាមេរ៉ាចំនួន 3 គ្រាប់ បន្តសហការជាមួយ Hasselblad ដូចឆ្នាំមុនអញ្ចឹង ចំណែកឯផ្នែកខាងមុខវិញ គឺវានៅតែបន្តប្រើប្រាស់លេនទំលុះអេក្រង់មួយគ្រាប់ នៅខាងលើផ្នែកខាងឆ្វេង ជាមួយអេក្រង់កោងនៅគែមសងខាងផងដែរ។ 

ទន្ទឹមគ្នានឹងការបង្ហាញពីរូបរាងនោះដែរ យើងក៏ឃើញមានបញ្ជាក់ពីពេលវេលា ដែល OnePlus នឹងបើកព្រឹត្តិការណ៍ប្រកាសចេញទូរសព្ទឆ្លាតម៉ូឌែលនេះដូចគ្នា ប៉ុន្តែការបង្ហាញនោះគឺខុសពីការបង្ហើបរបស់ OnePlus កន្លងមកវិញ ដោយលើកនេះឃើញថា ការប្រកាសចេញនឹងធ្វើឡើងនៅថ្ងៃទី 11 ខែមករា ឆ្នាំ 2022 ខាងមុខវិញ មិនមែនថ្ងៃទី 4 នោះទេ។ 

តាមរយៈវីដេអូដែលបែកធ្លាយ OnePlus 10 Pro ទំនងជានឹងមានជម្រើសពណ៌ខ្មៅ និងពណ៌បៃតងចាស់ ដូចក្នុងរូបភាពដែលបានបង្ហាញខាងលើអញ្ចឹង ប៉ុន្តែចំណុចប្លែកនោះគឺ មិនថាដំណឹងលេចធ្លាយលើកមុន ឬពេលនេះទេ នៅតែមិនទាន់មានការបង្ហាញពី OnePlus 10 ធម្មតាឡើយ។

ប្រភព ៖ 9To5 Google
អត្ថបទទាក់ទង