មូលហេតុ NASA បង្ហោះតេឡេស្កុបតម្លៃខ្ទង់ 10 ពាន់លានដុល្លារទៅកាន់លំហអាកាសថ្មីៗនេះ
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ថ្មីៗកន្លងទៅប៉ុន្មានថ្ងៃនេះ NASA បានសហការជាមួយ European Space Agency និង Canadian Space Agency ក្នុងការបញ្ជូនតេឡេស្កុបថ្មីមួយទៀត ដែលមានឈ្មោះថា James Webb Space Telescope ទៅកាន់លំហអាកាសបានសម្រេច។ តេឡេស្កុបថ្មីនេះ គឺត្រូវបាន NASA ធ្វើឡើងយ៉ាងសម្រិតសម្រាំង ដែលចំណាយទឹកប្រាក់សរុបដល់ទៅខ្ទង់ 10 ពាន់លានដុល្លារឯណោះ ប៉ុន្តែចំណុចសំខាន់នោះគឺថា តើ NASA មានគោលបំណងអ្វី បានជានាំយកតេឡេស្កុបតម្លៃខ្ពស់បំផុតនេះ ទៅកាន់លំហ?

មិនខុសទេ ពេលនេះយើងនឹងមកដឹងពីមូលហេតុសំខាន់ៗ ដែលជាគោលបំណងចំបងរបស់ NASA ក្នុងការសម្រេចចិត្តផលិត និងបញ្ជូនតេឡេស្កុបខាងលើទៅកាន់លំហអាកាស។ ចំណុចសំខាន់ដំបូងនោះគឺ គេបង្កើតតេឡេស្កុបនេះឡើង ដើម្បីឲ្យវាមានសមត្ថភាពជួយ NASA ក្នុងការស្វែងរកភពខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើងបាន។ សព្វថ្ងៃនេះអ្នកវិទ្យាសាស្ត្រមានវិធីមួយឆ្លាតវៃមួយចំនួនដែរ ក្នុងការតាមដានដឹងពីភពក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង ប៉ុន្តែព័ត៌មានដែលទទួលបានពីវិធីស្វែងរកទាំងនោះ គឺអាចផ្តល់ឲ្យដឹងបានតែត្រឹមទំហំប្រហាក់ប្រហែលរបស់វា ក៏ដូចជាចម្ងាយដែលវាឃ្លាតឆ្លាតពីកន្លងតារារបស់ខ្លួនប៉ុណ្ណោះ។

ដូច្នេះហើយ ដើម្បីអាចដឹងបន្ថែមពីព័ត៌មានសំខាន់ៗ របស់ភពក្រៅប្រព័ន្ធព្រះអាទិត្យបាន ក៏ដូចជាក្នុងគោលបំណងដើម្បីស្វែងរកភពផែនដីទី 2 ផងនោះ ទើប NASA បង្កើត James Webb នេះឡើង ដោយធ្វើឲ្យវាមានលទ្ធភាពអាចតាមដានរកភពក្រៅប្រព័ន្ធ ក៏ដូចជាអាចប្រាប់មកវិញបានថា តើភពនោះមានស្រទាប់បរិយាកាសដូចម្ដេច ហើយតើស្រទាប់បរិយាកាសរបស់វា ក្រាស់ដូចផែនដី អាចអនុញ្ញាតឲ្យជីវិតរស់បានដែរ ឬអត់ជាដើម។

សមត្ថភាពអស្ចារ្យមួយទៀត ដែល NASA បញ្ជាក់ថា នឹងទទួលបានពីតេឡេស្កុប James Webb នោះ គឺវានឹងមានលទ្ធភាពអាចធ្វើការមើលឃើញ នូវដំណាក់កាលដំបូងៗនៃ Galaxy មួយចំនួនបាន ពោលគឺដូចជាការមើលទៅកាន់អតីតកាលរបស់ Galaxy ទាំងនោះអញ្ចឹង។ កុំទាន់យល់ច្រឡំ ការមើលទៅកាន់អតីតកាលនេះគឺចង់សំដៅថា ដោយសារតែពន្លឺត្រូវការពេលវេលា ដើម្បីធ្វើដំណើរពីវត្ថុអ្វីមួយ មកកាន់ភ្នែករបស់យើង ទើបធ្វើឲ្យយើងមើលឃើញវត្ថុទាំងនោះ។ ដូច្នេះសម្រាប់វត្ថុ ឬក៏ Galaxy មួយចំនួនដែលនៅឆ្ងាយៗខ្លាំង គឺពន្លឺប្រាកដជាត្រូវការរយៈពេលយូរណាស់ ទម្រាំធ្វើដំណើរមកដល់ទីតាំងរបស់យើង ឬមកដល់ទីតាំងដែលតេឡេស្កុបមើលឃើញ ហេតុនេះហើយក្នុងខណៈពេលដែលពន្លឺបច្ចុប្បន្នរបស់ Galaxy ណាមួយនោះ មិនទាន់ធ្វើដំណើរមកដល់តេឡេស្កុបទេ គឺមានន័យថា អ្វីដែលតេឡេស្កុប James Webb អាចមើលឃើញ គឺជាពន្លឺពេលអតីតកាលរបស់ Galaxy មួយចំនួននោះប៉ុណ្ណោះ ហេតុនេះ NASA នឹងអាចស្រាវជ្រាវដឹង ទាក់ទងនឹងដើមកំណើតដំបូងៗនៃ Galaxy ទាំងនោះ ក៏ដូចជាមូលហេតុដែលបង្កើតឲ្យមាន Black Hole នៅគ្រប់ Galaxy នីមួយៗបាន។

យ៉ាងណាក៏ដោយ ចំណុចសំខាន់ទាំងពីរៗ ដែលបានរៀបរាប់ខាងលើនេះ គ្រាន់តែជាតួនាទីមួយផ្នែករបស់តេឡេស្កុប James Webb ប៉ុណ្ណោះ ព្រោះជាក់ស្ដែងវានៅមានតួនាទីជាច្រើនទៀត ដែល NASA បានកំណត់ឲ្យធ្វើ ក្នុងនោះរួមមានទាំង ការស្រាវជ្រាវស្វែងរករបៀបដែលភពបង្កើតបាន, ស្វែងរកភពក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានសញ្ញាទាក់ទងនឹងសកម្មភាពផ្ទុះភ្នំភ្លើង ព្រមទាំងសិក្សាទៅលើធម្មជាតិទ្រង់ទ្រាយធំ ដែលទាក់ទងនឹងចក្រវាលទាំងមូលផ្ទាល់ទៀតផង។

អញ្ចឹងហើយ ការចំណាយទឹកប្រាក់ខ្ទង់ 10 ពាន់លានដុល្លាររបស់ NASA ដើម្បីបង្កើត James Webb Space Telescope នោះ គឺមិនមែនប្រើប្រាស់ដូចតេឡេស្កុបធម្មតាៗទេ ជាក់ស្ដែងគេបង្កើតមក ដើម្បីឲ្យវាទៅស្រាវជ្រាវពីអ្វី ដែលមនុស្សលោកយើងមិនធ្លាប់បានដឹងពីមុនមក។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង