Xiaomi Buds 3 បំពាក់មុខងារទប់សម្លេងរំខាន ជាមួយបច្ចេកវិទ្យាសម្លេង HiFi មានតម្លៃ 78 ដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

ក្រោយពីបានប្រកាសចេញ Xiaomi 12, Xiaomi 12 Pro និង Xiaomi 12X រួចមក Xiaomi ក៏បានប្រកាសចេញផលិតផលថ្មីៗជាច្រើនទៀតដែរ ក្នុងនោះក៏មានវត្តមានកាសឥតខ្សែ Xiaomi Buds 3 មកដូចគ្នា។ មិនខុសទេ Xiaomi Buds 3 ជាកាសឥតខ្សែម៉ូឌែលថ្មីមួយទៀត បន្ទាប់ពីម៉ូឌែល Xiaomi Buds 3 Pro ដែលគេបានប្រកាសចេញកាលពីដើមឆ្នាំកន្លងទៅ ហើយលើកនេះដែរ គេផ្តោតសំខាន់ទៅលើតម្លៃឲ្យទាបជាងមុន។

រូបរាងរបស់ Xiaomi Buds 3 លើកនេះ ស្រដៀងគ្នាច្រើនជាមួយ Xiaomi Buds 3 Pro កន្លងទៅ ហើយក៏ស្រដៀងគ្នានឹង AirPods Pro របស់ Apple ដែរ។ ចំណុចសំខាន់មួយនៅលើ Xiaomi Buds 3 គឺវាបានបំពាក់មកជាមួយមុខងារទប់សម្លេងរំខានពីខាងក្រៅ ដែលអាចកាត់សម្លេងរំខានចេញបានដល់ 40dB ទៀតផង ហើយមួយវិញទៀតនោះ វាក៏គាំទ្របច្ចេកវិទ្យាសម្លេង HiFi Audio ផងដែរ។ 

កាសថ្មីនេះមានមុខងារប៉ះបញ្ជាលើតួខ្លួនដូចគ្នា ហើយដើម្បីជំរុញការប្រើប្រាស់ឲ្យកាន់តែងាយស្រួល Xiaomi ក៏អនុញ្ញាតឲ្យ Buds 3 ថ្មីរបស់គេ អាចភ្ជាប់ទៅកាន់ឧបករណ៍ 2 ក្នុងពេលតែមួយបានទៀតផង។ 

ទៅមើលលើថាមពលថ្មវិញ Xiaomi អះអាងថា ក្នុងការសាកពេញម្ដង កាសទាំងគូរអាចកំដរអ្នកប្រើប្រាស់បាន 7 ម៉ោង ហើយបើគិតបញ្ចូលទាំងប្រអប់សាកទៀតនោះ វាអាចកាន់បានដល់ទៅ 32 ម៉ោងឯណោះ។ កាសនីមួយៗមានទម្ងន់ស្រាលត្រឹម 4.6 ក្រាម ហើយមានបំពាក់មកជាមួយ Magnetic Dynamic Driver ចំនួនពីរគ្រាប់ផងដែរ ដើម្បីឲ្យវាមានលទ្ធភាពអាចបញ្ចេញសម្លេង HiFi Audio បាន។

សម្រាប់ទីផ្សារប្រទេសចិន Xiaomi នឹងដាក់លក់ Buds 3 ថ្មីនោះ ចាប់ពីថ្ងៃទី 31 ខែធ្នូនេះទៅតែម្ដង ជាមួយតម្លៃខ្ទង់ 78 ដុល្លារ។

ប្រភព ៖ Gizmochina
អត្ថបទទាក់ទង