Apple បញ្ចេញ Beats Studio Buds ជម្រើសថ្មី ដើម្បីអបអរឆ្នាំថ្មី ឆ្នាំខាលខាងមុខ
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

Apple បានប្រកាសចេញកាស Beats Studio Buds ជាផ្លូវការ អស់រយៈពេលជាច្រើនខែមកហើយ ដោយក្នុងនោះ វាក៏ជាកាសយីហោ Beats មួយ ដែលកំពុងទទួលបានការគាំទ្រច្រើនផងដែរ។ ខណៈពេលវេលាចូលឆ្នាំថ្មីខាងមុខនេះ កាន់តែខិតជិតមកដល់ Apple បានបញ្ចេញជម្រើស Special Edition ថ្មីមួយនៅលើ Beats Studio Buds ដើម្បីអមអរដល់ឆ្នាំថ្មី តាមទំនៀបទម្លាប់ប្រទេសក្នុងតំបន់អាស៊ីយើងទៀតផង។

នៅលើកាសនោះ គេបានឌីហ្សាញចាក់ពណ៌ក្រហមជាមួយឆ្នូតពណ៌មាស ឲ្យមើលទៅដូចជាឆ្នូតក្រឡានៅលើខ្លួនរបស់ខ្លាអញ្ចឹង ព្រោះគោលដៅគឺគេចង់តំណាងឲ្យឆ្នាំថ្មី ឆ្នាំខ្លា ឬឆ្នាំខាល ត្រូវជាឆ្នាំ 2022 ខាងមុខហ្នឹងតែម្ដង។ ជម្រើសថ្មីនេះ នឹងចាប់ផ្តើមចេញលក់ចាប់ផ្តើមពីថ្ងៃទី 1 មករាទៅតែម្ដង។ យ៉ាងណា Beats មិនបានបញ្ជាក់ប្រាប់ច្បាស់ ទាក់ទងនឹងតម្លៃនៃកាសពណ៌ថ្មីនោះទេ ប៉ុន្តែភាគរយច្រើន គឺគេអាចនឹងដាក់លក់ក្នុងតម្លៃខ្ទង់ 149 ដុល្លារ ដូចម៉ូឌែលធម្មតាដែរ។

គួរបញ្ជាក់ថា កាស Beats Studio Buds ជម្រើស Special Edition ខាងលើ ខុសគ្នាពីម៉ូឌែលធម្មតាកន្លងទៅ តែពណ៌ខាងក្រៅប៉ុណ្ណោះ ចំណែកឯនៅផ្នែកក្នុងវិញ វានៅតែបន្តបំពាក់មកជាមួយលក្ខណៈសម្បត្តិដូចមុនអញ្ចឹង។ 

Beats Studio Buds មានមុខងារទប់សម្លេងរំខានពីខាងក្រៅ, មុខងារ Transparency Mode, មុខងារភ្ជាប់ជាមួយឧបករណ៍ iOS និង Android បានរហ័សដូចគ្នា ព្រមទាំងបំពាក់រន្ធសាកថ្មជាប្រភេទ USB-C ទៀតផង។ ចំពោះថាមពលថ្ម វាអាចប្រើប្រាស់បាន 5 ម៉ោងនៅលើកាសទាំងពីរ ជាមួយមុខងារទប់សម្លេងរំខាន និងឡើងដល់ 8 ម៉ោង បើបិទមុខងារទប់សម្លេងរំខាន ហើយបើគិតទាំងប្រអប់សាកវិញ វាអាចកំដរអ្នកប្រើប្រាស់បានដល់ 24 ម៉ោងផងដែរ។ សម្រាប់លក្ខណៈសម្បត្តិលម្អិតរបស់ Beats Studio Buds អាចចុចត្រង់នេះបាន

ប្រភព ៖ 9To5 Mac
អត្ថបទទាក់ទង