Movano Ring ជាចិញ្ចៀនឆ្លាតវៃ បង្កើតមកសម្រាប់តាមដានសុខភាពអ្នកប្រើប្រាស់ជាប្រចាំ
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

កន្លងទៅ មានផលិតផលចិញ្ចៀនឆ្លាតវៃជាច្រើនមកហើយ ដោយម៉ូឌែលដែលល្បីល្បាញជាងគេនោះគឺ Oura Ring នេះឯង។ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកសុខភាព Movano បានធ្វើការប្រកាសចេញផលិតផលចិញ្ចៀនឆ្លាតវៃដំបូងរបស់ខ្លួនមួយ ដើម្បីប្រជែងជាមួយ Oura Ring និងគ្រោងយកទៅដាក់បង្ហាញក្នុងព្រឹត្តិការណ៍ CES 2022 ខាងមុខនេះផងដែរ។

គោលដៅរបស់ Movano គឺគេបានបញ្ជាក់ថា នឹងធ្វើឲ្យ Movano Ring នេះ ក្លាយជាឧបករណ៍ផ្នែកសុខភាព ដែលមានតម្លៃសមរម្យបំផុតតែម្ដង។ យ៉ាងណាគេមិនទាន់បានបញ្ជាក់ពីតម្លៃឲ្យដឹងនោះទេ ប៉ុន្តែបានបង្ហាញពីលក្ខណៈសម្បត្តិសំខាន់ៗជាច្រើនរបស់ចិញ្ចៀននោះរួចរាល់ហើយ។ Movano Ring អាចវាស់ទាក់ទងនឹងផ្នែកសុខភាពមូលដ្ឋានទាំងអស់បាន ដែលរួមមានទាំងវាស់ចង្វាក់បេះដូង, តាមដានដំណេក, ការដកដង្ហើម, សីតុណ្ហភាព, កម្រិតអុកស៊ីសែនក្នុងឈាម, វាស់ជំហានដើរ និងវាស់កម្រិតការដុតជាតិខ្លាញ់ជាដើម។ Movano មានគម្រោងចង់ឲ្យចិញ្ចៀនរបស់គេនោះ អាចធ្វើការវាស់កម្រិតជាតិស្ករ និងកម្រិតសម្ពាធឈាមបានដូចគ្នាដែរ ដូច្នេះខណៈពេលនេះ គេកំពុងធ្វើការតេស្តសាកល្បងបន្ថែមទៅលើបច្ចេកវិទ្យា ដែលអាចជួយឲ្យប្រមូលយកទិន្នន័យទាំងនោះបាន។

មិនខុសពីចិញ្ចៀនឆ្លាតវៃរបស់ក្រុមហ៊ុនផ្សេងៗទៀតទេ Movano Ring គឺត្រូវការកម្មវិធីផ្ទាល់ខ្លួនរបស់គេ ដើម្បីអាចភ្ជាប់ជាមួយទូរសព្ទ និងបង្ហាញពីទិន្នន័យសុខភាពដែលវាស់ស្ទង់បាន ទៅកាន់អ្នកប្រើប្រាស់។ អញ្ចឹងហើយ នេះជាចំណុចសំខាន់ខ្លះៗ ទាក់ទងនឹងចិញ្ចៀនឆ្លាតវៃ Movano Ring ហើយសម្រាប់តម្លៃ យើងរំពឹងខ្ពស់ថា គេនឹងបង្ហាញប្រាប់ជាផ្លូវការ នៅអំឡុងពេលដាក់បង្ហាញក្នុងព្រឹត្តិការណ៍ CES 2022 ខាងមុខនេះនោះឯង។

ប្រភព ៖ CNET
អត្ថបទទាក់ទង