XPG Vault ជា Gaming Mouse គំរូមានផ្ទុក SSD ទំហំ 1TB មកស្រាប់តែម្ដង
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

សព្វថ្ងៃនេះ ប្រហែលជាធ្លាប់មានអ្នកលេងហ្គេមមួយចំនួនស្រម៉ៃថា បើសិនជា Mouse ដែលពួកគាត់កំពុងកាន់នឹងដៃនោះ មានប្រយោជន៍បន្ថែមច្រើនជាងត្រឹមការបញ្ជាប្រហែលកាន់តែល្អ ព្រោះថាទំហំតួខ្លួនធំរបស់វានោះ គួរតែអាចផ្ទុកអ្វីផ្សេងបាន។ បើអ្នកធ្លាប់ស្រម៉ៃបែបនេះមែន ពេលនេះ XPG ធ្វើឲ្យការស្រម៉ៃរបស់អ្នកក្លាយជាការពិតហើយ ដោយគេបានបញ្ចេញ Mouse គំរូមួយ មានផ្ទុក SSD នៅក្នុងនោះស្រាប់តែម្ដង។

Mouse គំរូរបស់ XPG នោះ មានឈ្មោះថា XPG Vault ដោយត្រូវបានគេបង្កើតឡើង សម្រាប់យកទៅដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ CES នាដើមឆ្នាំក្រោយនេះ។ XPG Vault ជា Mouse Gaming ប្រើប្រាស់ខ្សែ USB-C ដើម្បីភ្ជាប់ជាមួយកុំព្យូទ័រ ហើយចំណុចពិសេសប្លែកពីគេនៅលើ Mouse នេះ គឺវាមានបំពាក់មកជាមួយ SSD នៅក្នុងស្រាប់តែម្ដង ដែលមានទំហំដល់ទៅ 1TB ទៀតផង។ 

SSD ដែលមានផ្ទុកមកនោះមានល្បឿនដល់ 985 MB/s អាចឲ្យអ្នកប្រើប្រាស់ដាក់ហ្គេម និងបើកដំណើរការហ្គេមនៅក្នុងនោះបានតែម្ដង ហើយសម្រាប់ការគ្រប់គ្រងផ្សេងៗលើ SSD នេះ គឺត្រូវការប្រើប្រាស់កម្មវិធីរបស់ XPG ផ្ទាល់ ដែលត្រូវបានគេអះអាងថា វានឹងក្លាយជាបណ្ណាល័យហ្គេមមួយ ផ្តល់ភាពងាយស្រួលសម្រាប់ Gamers ផងដែរ។

ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង XPG Vault ជា Mouse គំរូប៉ុណ្ណោះ ដូច្នេះវាមិនមែនជាផលិតផល ដែលនឹងត្រូវគេដាក់លក់លើទីផ្សារនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ការបំពាក់ SSD នៅក្នុងតួខ្លួនរបស់ Mouse គឺគំនិតល្អមួយ ហើយយើងសង្ឃឹមថា XPG ក៏ដូចជាក្រុមហ៊ុនជាច្រើនដទៃ នឹងធ្វើឲ្យ Mouse ប្រភេទនេះ ចេញជារូបរាងនៅលើទីផ្សារក្នុងពេលឆាប់ៗខាងមុខទៅចុះ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង