រុស្ស៊ីពិន័យ Google ចំនួន 98 លានដុល្លារ ដោយសារមិនបានលុបមាតិកាដែលគេហាមឃាត់
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

កាលពីថ្មីៗនេះ តុលាការក្នុងប្រទេសរុស្សី បានកាត់ទោសដាក់ពិន័យក្រុមហ៊ុន Google ក្នុងចំនួនទឹកប្រាប់ក្បែរ 100 លានដុល្លារឯណោះ ដោយសារក្រុមហ៊ុននេះ បានបរាជ័យម្ដងហើយម្ដងទៀត ទៅលើការលុបមាតិកាផ្សេងៗ ដែលរដ្ឋាភិបាលប្រទេសមួយនេះ ចាត់ទុកថាជាមាតិកាខុសច្បាប់។

ទឹកប្រាក់សរុបជាក់លាក់ដែលតុលាការរុស្សី បានដាក់ពិន័យទៅលើ Google នោះគឺប្រមាណជាខ្ទង់ 98 លានដុល្លារឯណោះ ហើយនេះលើកទីមួយហើយ ដែលតុលាការរបស់រុស្សីបានកាត់ក្តីដាក់ពិន័យជាទឹកប្រាក់ ដោយផ្អែកទៅលើចំណូលជាក់ស្ដែងរបស់ក្រុមហ៊ុន។ មិនត្រឹមតែប៉ុណ្ណោះទេ តុលាការរុស្ស៊ីក៏បានដាក់ពិន័យទៅលើក្រុមហ៊ុន Meta និងក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់គេគឺ Instagram ពីបទស្រដៀងគ្នានឹងការដាក់ពិន័យ Google ដែរ ប៉ុន្តែចំនួនទឹកប្រាក់នោះគឺទាបជាង Google ពោលគឺគេពិន័យខ្ទង់ 27.15 លានដុល្លារវិញ ដោយសារតែមានកំហុសស្រាលជាង Google។

យោងតាមព័ត៌មានលម្អិតចេញពី Reuters គឺ Meta រងការពិន័យដោយសារតែបរាជ័យក្នុងការលុបចោលនូវវត្ថុផ្សេងៗ ដែលហាមឃាត់ចំនួនខ្ទង់ 2,000 ខណៈពេល Google វិញ គឺបរាជ័យក្នុងការលុបចោលនូវមាតិកាផ្សេងៗ ដែលប្រទេសមួយនេះចាត់ទុកថាខុសច្បាប់ប្រមាណជា 2,600 bits ផងដែរ។

ករណីសំខាន់ៗដែល Google និង Meta មិនបានលុប ដែលបណ្ដាលឲ្យ មានការពិន័យពីតុលាការប្រទេសរុស្សីនោះ គឺរួមមានទាំងការបង្ហោះ Promote ពីការប្រើប្រាស់ថ្នាំញៀន ឬអាកប្បកិរិយាបង្ករឲ្យមានគ្រោះថ្នាក់ផ្សេងៗ, ការបង្ហោះណែនាំទៅលើការផលិតអាវុធ និងគ្រឿងផ្ទុះផ្សេងៗ ក៏ដូចជាការបង្ហោះទាំងឡាយណា ទាក់ទងនឹងអ្វីដែលប្រទេសរបស់គេ ចាត់ទុកថាជាអំពើជ្រុលនិយម ឬក្រុមភេរវករជាដើម។

ប្រភព ៖ Engadget
អត្ថបទទាក់ទង