រថយន្ដប្រើប្រាស់ពន្លឺព្រះអាទិត្យ Lightyear One មានគម្រោងចាប់ផ្ដើមផលិតលក់នៅឆ្នាំ 2023
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

នេះជារថយន្តអគ្គិសនី ប្រើប្រាស់ពន្លឺព្រះអាទិត្យ ដែលមានឈ្មោះហៅថា Lightyear One និងត្រូវបានបង្កើតឡើងមកដោយ ក្រុមហ៊ុនមកពីប្រទេសហូឡង់។ ម្ចាស់រថយន្ដមានជម្រើសចំនួន 2 ក្នុងការបញ្ចូលថាមពលឲ្យរថយន្ដនេះ ដោយរួមមានបញ្ចូលទាំង ការស្រូបយកពន្លឺព្រះអាទិត្យក៏បាន និងនៅតែអាចសាកតាមរយៈភ្លើងអគ្គិសនីក៏បានដែរ។

ប្រសិនបើនៅពេលបញ្ចូលថាមពលមួយពេញ វាអាចបើកបានចម្ងាយសរុប 725 គឺឡូម៉ែត្រ នេះបើយោងតាមការអះអាងពីក្រុមហ៊ុន Lightyear ផ្ទាល់។ អ្វីដែលកាន់តែពិសេសនោះគឺថា ម្ចាស់រថយន្ដនេះក៏អាចមិនចាំបាច់ចំណាយប្រាក់លើថ្លៃសាំង ឬថ្លៃអគ្គិសនីនោះទេ ព្រោះតែការស្រូបយកពន្លឺព្រះអាទិត្យ ដោយឥតគិតថ្លៃនេះ។ វាមានបំពាក់បន្ទះសូឡាលើដំបូលរថយន្ដតែម្ដង ដោយការចតចោលក្រោមពន្លឺព្រះអាទិត្យរយៈពេល 1 ម៉ោង អាចឲ្យវាបញ្ចូលថាមពល ស្មើនឹងការជិះបានចម្ងាយ 12 គឺឡូម៉ែត្រ។

ប្រាកដណាស់ ចំពោះការសាកភ្លើងអគ្គិសនីវិញ គឺនៅតែអាចបញ្ចូលថាមពលបានលឿនជាងដដែល ដោយការសាកភ្លើងរយៈពេល 1 ម៉ោងដូចគ្នា ជាមួយកម្លាំងភ្លើង 3.7 kW (230 V) អាចទទួលបាន 35 គឺឡូម៉ែត្រ ឬក៏ជាមួយកម្លាំងភ្លើង 22 kW អាចទទួលបាន 209 គឺឡូម៉ែត្រ និងជាមួយកម្លាំងភ្លើង 60 kW អាចទទួលបាន 570 គឺឡូម៉ែត្រ។

ចំណែកឯម៉ាស៊ីនរបស់វា មានសមត្ថភាពអាចជាន់ស្ទុះពីល្បឿន 0 km/h ដល់ 100 km/h ក្នុងរយៈពេលក្រោម 10 វិនាទីប៉ុណ្ណោះ។ វាមានកម្លាំងបង្វិល 885 Pound-Foot ដែលផ្ដល់ជូនកម្លាំងសេះបាន 136hp។

រថយន្ដ Lightyear One ត្រូវបានប្រកាសជាផ្លូវការហើយថា នឹងធ្វើការផលិតលក់នៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ចាប់ផ្ដើមពីឆ្នាំ 2023 តទៅ ជាមួយនឹងតម្លៃ 175,000 ឡើងទៅ។ យ៉ាងណា ក្រុមហ៊ុនក៏នៅមានគម្រោងផលិតម៉ូឌែលថ្មីមួយទៀតដែរ ដោយវាមានតម្លៃសមរម្យជាង ចាប់ពី 33,779 ដុល្លារឡើងទៅវិញ។ ជាការពិតណាស់ ប្រសិនបើរថយន្ដប្រើប្រាស់ថាមពលព្រះអាទិត្យនេះ ទទួលបានការគាំទ្រកាន់តែច្រើន នោះពួកគេនឹងអាចពង្រីកការលក់ បានទូទាំងពិភពលោកមិនខានឡើយ។

ប្រភព ៖ Lightyear
អត្ថបទទាក់ទង