OnePlus បញ្ចេញកាស Buds Z2 ថ្មីមានមុខងារទប់សម្លេងរំខាន ថ្មប្រើបានយូរ និងតម្លៃខ្ទង់ 99 ដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

OnePlus ទើបប្រកាសចេញកាសឥតខ្សែជំនាន់ថ្មីមួយជាផ្លូវការ កាលពីយប់មិញនេះ ដោយនោះគឺជាម៉ូឌែលបន្តតំណែងពី OnePlus Buds Z កន្លងទៅ ហើយត្រូវបានគេដាក់ឈ្មោះថា Buds Z2 តែម្ដង។ ជាមួយការឌីហ្សាញរូបរាងឃើញថា វាហាក់ដូចជាមិនខុសគ្នាពីជំនាន់មុនឡើយ ប៉ុន្តែអ្វីដែលត្រូវបានគេកែប្រែច្រើននោះគឺ នៅផ្នែកខាងក្នុងរបស់វា។

ចំណុចសំខាន់បំផុតនៅកាសឥតខ្សែជំនាន់ថ្មី Buds Z2 នោះ គឺវាបានបំពាក់មកជាមួយមុខងារទប់សម្លេងរំខាន ហើយថែមទាំងត្រូវបានគេពង្រឹងបន្ថែមទៅលើថាមពលថ្ម ដើម្បីឲ្យការប្រើប្រាស់ប្រចាំថ្ងៃ បានកាន់តែយូរជាងមុន។ OnePlus អះអាងថា សម្រាប់ការប្រើប្រាស់ជាមួយមុខងារទប់សម្លេងរំខានជាប់ កាសជំនាន់ថ្មីរបស់គេ អាចកំដរអ្នកប្រើប្រាស់បាន 5 ម៉ោង និងអាចឡើងបានដល់ 7 ម៉ោង បើសិនជាមិនបើកមុខងារទប់សម្លេងរំខាន។ បើគិតទាំងថាមពលថ្មនៅលើប្រអប់ទៀតនោះ Buds Z2 អាចផ្តល់ឲ្យរយៈពេលប្រើប្រាស់សរុបដល់ទៅ 38 ម៉ោងឯណោះ។

នៅលើប្រអប់សាករបស់វា ក៏មានមុខងារសាកថ្មល្បឿនលឿន ចូលទៅកាន់កាសទាំងគូរនោះដែរ ជាក់ស្ដែងក្នុងការសាកត្រឹមតែ 10 នាទី វាផ្តល់ឲ្យអ្នកប្រើប្រាស់ស្ដាប់តន្រ្តីបន្តបានដល់ 5 ម៉ោងឯណោះ។

មិនត្រឹមតែប៉ុណ្ណោះទេ មុខងារ Transparency Mode ក៏ត្រូវបានគេបំពាក់នៅក្នុងនោះដែរ ដែលមាននាទីសម្រាប់ឲ្យអាចស្ដាប់ឮសម្លេងផ្សេងៗ ចេញពីមជ្ឈដ្ឋានជុំវិញខ្លួនបាន ផ្ទុយពីមុខងារទប់សម្លេងរំខាន។ ក្រៅពីនេះ OnePlus Buds Z2 នៅតែបន្តបំពាក់មកជាមួយ Drivers ទំហំ 11mm ដដែល ជាមួយគ្នានឹងឧបករណ៍ស្រូបសម្លេង 3 គ្រាប់នៅលើកាសម្ខាងៗ, គាំទ្រ Dolby Atmos, ប្រើប្រាស់ Bluetooth 5.2 និងមានមុខងារការពារទឹកកម្រិត IP55 ផងដែរ។

ចុងក្រោយសម្រាប់តម្លៃវិញ OnePlus បានដាក់លក់កាសឥតខ្សែជំនាន់ថ្មីខាងលើ នៅក្នុងទីផ្សារសហរដ្ឋអាមេរិកខ្ទង់ 99 ដុល្លារ ជាមួយជម្រើសពីរពណ៌គឺ ស និងខ្មៅ ប៉ុន្តែដំណាក់កាលដំបូង គេបញ្ចេញលក់តែពណ៌សមុនប៉ុណ្ណោះ ខណៈពណ៌ខ្មៅនឹងចេញតាមក្រោយនៅដើមឆ្នាំ 2022។

ប្រភព ៖ GSMArena
អត្ថបទទាក់ទង