យានអវកាស NASA បានធ្វើដំណើរដល់ស្រទាប់បរិយាកាស Corona របស់ព្រះអាទិត្យជាលើកដំបូងបង្អស់
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗនេះ NASA បានប្រកាសថា យានអវកាសឈ្មោះ Parker Solar Probe របស់គេ បានក្លាយជាយានអវកាសដំបូងបំផុត ដែលហោះហើរឆ្លងកាត់ស្រទាប់បរិយាកាសខាងលើបំផុតរបស់ព្រះអាទិត្យ មានឈ្មោះថា Corona នោះឯង។

យានអវកាស Parker Solar Probe ត្រូវបានបើកដំណើរការកាលពីក្នុងឆ្នាំ 2018 កន្លងទៅ ហើយបន្ទាប់ធ្វើដំណើរក្នុងលំហអាកាសខ្ទង់ 3 ឆ្នាំមក មកទល់ពេលនេះវាក្លាយជាយានអវកាសមួយ ដែលអាចធ្វើការជុំវិញព្រះអាទិត្យបានច្រើនជាង 8 ដង និងបានធ្វើដំណើរឈានចូលទៅក្នុងស្រទាប់បរិយាកាសខាងលើបំផុតរបស់ព្រះអាទិត្យ ឬស្រទាប់ Corona ជាលើកដំបូងទៀតផង។

គួរបញ្ជាក់ថា Corona ជាស្រទាប់បរិយាកាសខាងលើ មានសីតុណ្ហភាពខ្ពស់ ដែលភ្ជាប់ទំនាក់ទំនងជាទៅផ្ទៃនៃព្រះអាទិត្យតាមរយៈទំនាញ និងដែនម៉ាញ៉េទិចរបស់ព្រះអាទិត្យ។ អ្នកវិទ្យាសាស្ត្រសន្មតថា ចម្ងាយរវាងផ្ទៃព្រះអាទិត្យមកដល់ស្រទាប់បរិកាសខាងលើ ឬ Corona នេះ មានចម្ងាយប្រមាណជាខ្ទង់ 4.3 ទៅ 8.6 លានម៉ាយល៍ផងដែរ។

បេសកកម្មរបស់យានអវកាស Probe នេះ គឺត្រូវបាន NASA បង្ហោះឡើង ដើម្បីស្វែងយល់បន្ថែមទាក់ទងនឹងខ្យល់របស់ព្រះអាទិត្យ និងចំណុចសំខាន់ៗផ្សេងទៀតទាក់ទងនឹងព្រះអាទិត្យដូចជា ដែនម៉ាញ៉េទិច ព្រមទាំងសីតុណ្ហភាពនៅលើផ្ទៃរបស់វាជាដើម។

លទ្ធផលសំខាន់ដែលយានអវកាស Probe សិក្សាបាន គឺវាបានតាមដានដឹងពីម៉ាញ៉េទិកជាក់លាក់ និងលក្ខខណ្ឌសំខាន់ៗមួយចំនួន ដែលមាននៅលើស្រទាប់បរិយាកាស Corona ហើយមិនត្រឹមតែប៉ុណ្ណោះទេ វាក៏បានធ្វើការដំណើរចូល និងចេញនៅតំបន់ព្រំដែននៃស្រទាប់នោះជាច្រើនដង ដើម្បីផ្តល់នូវការបញ្ជាក់មកវិញថា ផ្ទៃ Alfvén Critical Surface របស់ព្រះអាទិត្យ គឺមិនមែនមានរាងមូលស្មើដូចបាល់នោះទេ។

ប្រភព ៖ Engadget
អត្ថបទទាក់ទង