មានដំណឹងថា iPhone 14 Pro អាចនឹងទទួលបានការតម្លើងទៅប្រើកាមេរ៉ាគោល 48MP
ដោយ​ ៖ ខេមបូរីផត | 7 ខែមុន SHARE

 

ជាច្រើនឆ្នាំមកហើយ ដែល Apple នៅតែបន្តប្រើប្រាស់កាមេរ៉ាគោលទំហំ 12MP លើទូរសព្ទឆ្លាតរបស់គេ ហើយជាក់ស្ដែងរហូតមកទល់ iPhone 13 Series នាពេលបច្ចុប្បន្ននេះ ក៏នៅតែមានលេនគោលទំហំ 12MP មកដដែល។ យ៉ាងណាយោងតាមដំណឹងថ្មីៗនេះ គឺ Apple ទំនងជាសម្រេចតម្លើងទៅប្រើកាមេរ៉ាទំហំធំជាងនេះលើ iPhone 14 Pro ជំនាន់ក្រោយ។

តាមរយៈការបង្ហាញចេញពីអ្នកព្យាករណ៍ Ming-Chi Kuo បានឲ្យដឹងថា iPhone 14 អាចទទួលបានការតម្លើងទៅប្រើប្រាស់កាមេរ៉ាគោលទំហំ 48MP ហើយកាមេរ៉ានេះដែរ នឹងគាំទ្របានទាំងការថតរូបភាពកម្រិត 48MP ពេញ ក៏ដូចជាបានទាំងការថតយករូបភាពកម្រិត 12MP ធម្មតាដូចគ្នា ដោយទំនងជាអាចធ្វើទៅបាន ដោយប្រើប្រាស់បច្ចេកវិទ្យា Pixel Binning ដូចដែលយើងធ្លាប់ឃើញលើទូរសព្ទឆ្លាត មានលេនទំហំធំៗកន្លងទៅអញ្ចឹង។

កាន់តែពិសេសទៀតនោះ ប្រភពខាងលើក៏បានបន្ថែមថា ជាមួយកាមេរ៉ាដែលអាចចាប់យករូបភាពក្នុងកម្រិត Pixel ច្រើនជាងមុនបែបនេះ វានឹងអនុញ្ញាតឲ្យ iPhone 14 Pro អាចគាំទ្រការថតវីដេអូបានដល់កម្រិត 8K ថែមទៀតផង។

ខណៈពេលដែលទូរសព្ទកំពូល Android មួយចំនួនធំ អាចថតវីដេអូ 8K បានហើយនោះ iPhone 13 Pro នាពេលបច្ចុប្បន្ននៅតែគាំទ្របានត្រឹម 4K ដដែល ដោយនេះគឺដោយសារតែលេន 12MP របស់វា មិនអាចគាំទ្រការចាប់យកវីដេអូ បានខ្ពស់ដល់កម្រិត 8K ឡើយ។ ប្រភពខាងលើប្រាប់ទៀតថា វីដេអូ 8K ថតចេញពី iPhone 14 Pro ឆ្នាំក្រោយនោះ គឺ Apple អាចនឹងបើកឲ្យយកវាទៅបង្ហាញ នៅក្នុងផលិតផល AR/VR របស់គេបានទៀត ហើយផលិតផលនោះ គឺមានភាគរយខ្ពស់ថានឹងត្រូវប្រកាសចេញនាឆ្នាំក្រោយនោះដែរ។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង