Toyota មានគម្រោងបញ្ចេញរថយន្តអគ្គិសនីឲ្យបាន 30 ម៉ូឌែលមុនឆ្នាំ 2030
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កន្លងទៅនេះ គម្រោងរបស់ Toyota ទាក់ទងនឹងរថយន្តអគ្គិសនីនោះគឺ គេនឹងបញ្ចេញរថយន្តអគ្គិសនីពេញលេញឲ្យបាន 15 ម៉ូឌែល គិតត្រឹមឆ្នាំ 2025 ខាងមុខ ប៉ុន្តែថ្មីៗចុងក្រោយនេះ ក្រុមហ៊ុនរថយន្តរបស់ជប៉ុន បានធ្វើការប្រកាសបញ្ជាក់បន្ថែមទៀត ទៅលើការពង្រីកគម្រោងរថយន្តអគ្គិសនីរបស់ខ្លួន។ 

មិនខុសទេ យោងតាមការបង្ហាញចេញពីសំណាក់ Toyota ផ្ទាល់ បានឲ្យដឹងថា ពួកគេមានគម្រោងក្នុងការបញ្ចេញរថយន្តអគ្គិសនីពេញលេញឲ្យបាន 30 ម៉ូឌែល គិតត្រឹមឆ្នាំ 2030 មិនត្រឹមតែប៉ុណ្ណោះទេ គេក៏មានគម្រោងលក់រថយន្តអគ្គិសនីពេញលេញរបស់ខ្លួន នៅក្នុងទីផ្សារសកលឲ្យបានខ្ទង់ 3.5 លានគ្រឿង គិតត្រឹមឆ្នាំ 2030 នោះដូចគ្នា។

ក្នុងការប្រកាសបង្ហាញពីគម្រោងខាងលើដែរ Toyota បានក៏បានដាក់បង្ហាញរថយន្តអគ្គិសនីគំរូម៉ូឌែលថ្មីរបស់ខ្លួនចំនួន 15 ម៉ូឌែលឯណោះ ដោយក្នុងនោះគឺមានគ្រប់ប្រភេទតែម្ដង ដែលរួមបញ្ចូលទាំងរថយន្តប្រភេទ Pick-up, SUV, Sedan, Sports ក៏ដូចជារថយន្តធំដឹកអ្នកដំណើរជាដើម។

គួរបញ្ជាក់ដែរថា ដើម្បីសម្រេចបានតាមគោលដៅរបស់គេនៅត្រឹម 2030 នោះ Toyota បានវិនិយោគគិតជាទឹកប្រាក់បន្ថែមប្រមាណជា 70 ពាន់លានដុល្លារឯណោះ ទៅលើផ្នែករថយន្តអគ្គិសនីនេះ។ ចំណុចសំខាន់ចុងក្រោយមួយទៀតគឺ ក្រុមហ៊ុនរថយន្តធំក្នុងពិភពលោកខាងលើ បានបន្ថែមថា សម្រាប់យីហោ Lexus គឺគេមានគម្រោងបញ្ចេញលក់តែរថយន្តអគ្គិសនីសុទ្ធឲ្យបាន គិតត្រឹមឆ្នាំ 2035 ខាងមុខ។

ប្រភព ៖ Toyota
អត្ថបទទាក់ទង