Sony ដាក់លក់គម្រប PS5 និងដៃបញ្ជា DualSense ថ្មីជាមួយជម្រើសច្រើនពណ៌
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ទីបំផុតអ្វីដែលអ្នកគាំទ្រ PS5 មួយចំនួនទន្ទឹងរង់ចាំនោះបានមកដល់ហើយ ដោយថ្មីៗនេះ Sony បានប្រកាសចេញគម្របសម្រាប់ PS5 និង PS5 Digital Edition ថ្មី ជាមួយជម្រើសពណ៌ច្រើនប្រភេទ ហើយកាន់តែពិសេសនោះ សូម្បីដៃបញ្ជាហ្គេមរបស់វាក៏ត្រូវបាន Sony បញ្ចេញជម្រើសថ្មីជាមួយពណ៌ច្រើនប្រភេទ ឲ្យត្រូវគ្នាជាមួយបន្ទះគម្របនោះដែរ។

ពណ៌ទាំងអស់ដែល Sony បានផ្តល់ឲ្យសម្រាប់គម្រប PS5 និង PS5 Digital Edition នោះគឺមានដូចជា ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ខ្មៅ ក្រហម និងពណ៌ផ្កាឈូកផងដែរ។ សម្រាប់ DualSense Controller វិញ Sony បានផ្តល់ជម្រើសពណ៌ថ្មីចំនួន 3 គឺពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ផ្កាឈូក។

បន្ទះគម្រប PS5 និង PS5 Digital Edition នោះ នឹងត្រូវ Sony ដាក់លក់ជម្រើសពណ៌ក្រហម និងពណ៌ខ្មៅមុនគេ ដោយចាប់ផ្តើមឡើងពីដើមឆ្នាំក្រោយ ពោលគឺអំឡុងខែមករាខាងមុខនេះទៅតែម្ដង ខណៈពណ៌ផ្សេងៗទៀត នឹងចាប់ផ្តើមដាក់លក់ក្នុងពេលបន្ទាប់ពីនោះ ប៉ុន្តែស្ថិតក្នុងអំឡុងឆមាសទី 1 ឆ្នាំ 2022 ដូចគ្នា។

សម្រាប់ដៃបញ្ជា DualSense នោះវិញ ជម្រើសពណ៌ទាំងអស់នឹងមានលក់ទូលំទូលាយចាប់ពីថ្ងៃទី 11 ខែកុម្ភៈទៅ ប៉ុន្តែសម្រាប់តំបន់មួយចំនួននឹងចាប់ផ្តើមពីខែមករាទៅតែម្ដង សម្រាប់ Early Access Program។ 

សូមបញ្ជាក់ដែរថា គម្របរបស់ PS5 ជម្រើសពណ៌ថ្មី ត្រូវបាន Sony ដាក់លក់ក្នុងតម្លៃខ្ទង់ 55 ដុល្លារ ខណៈពេលដែលដៃបញ្ជាថ្មីនោះវិញ គឺមានតម្លៃខ្ទង់ 75 ដុល្លារ សម្រាប់ទីផ្សារស្រុកគេ ដូច្នេះតម្លៃអាចនឹងថ្លៃជាងនេះ នៅពេលវាមានលក់ផ្លូវការក្នុងប្រទេសយើង។

ប្រភព ៖ The Verge
អត្ថបទទាក់ទង