Elon Musk ទទួលបាននាមជាបុគ្គលឆ្នើមប្រចាំឆ្នាំ 2021 ពីទស្សនាវដ្តី TIME
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ 1927 (94 ឆ្នាំមុន) ទស្សនាវដ្តី TIME តែងតែជ្រើសរើសបុគ្គលប្រចាំឆ្នាំ, ក្រុមប្រចាំឆ្នាំ ឬក៏គំនិតប្រចាំឆ្នាំអ្វីមួយ ដែលមានមុខមាត់ល្បីល្បាញ និងមានឥទ្ធិពលច្រើនជាងគេ នៅក្នុងអំឡុងឆ្នាំនីមួយៗនោះ។ ដូច្នេះហើយសម្រាប់លើកនេះ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX ត្រូវបានក្លាយជាបុគ្គលប្រចាំឆ្នាំ 2021 របស់ទស្សនាវដ្តី TIME តែម្ដង។

នាយកផ្នែកនិពន្ធម្នាក់របស់ទស្សនាវដ្តី TIME បានលើកឡើងមកថា លោក Elon Musk កំពុងតែកែប្រែជីវិតនៅលើផែនដី ហើយអាចនិងជីវិតនៅក្រៅផែនដីផងដែរ។ នៅឆ្នាំ 2021 នេះ លោក Elon Musk មិនត្រឹមតែក្លាយជាអ្នកមានបំផុតលើពិភពលោកនោះទេ ប៉ុន្តែគាត់ក៏បានចូលរួម លើការផ្លាស់ប្តូរដ៏ធំ នៅក្នុងសង្គមថែមទៀតផង។ ជាការពិតណាស់ ក្រុមហ៊ុន SpaceX របស់ Musk បានបង្កើតប្រវត្តិសាស្ត្រថ្មី នៅក្នុងខែកញ្ញា ឆ្នាំ 2021 កន្លងទៅនេះ ដោយបានបង្ហោះអ្នកដំណើរឯកជន 4 នាក់ ទៅកាន់គន្លងលំហដោយជោគជ័យ ក្នុងបេសកកម្មលើកដំបូង ជាមួយនឹងជនស៊ីវិលទាំងអស់។ ហើយកាលពីខែមេសា ឆ្នាំ 2021 នេះ អង្គការ NASA ក៏បានជ្រើសរើស SpaceX ជាក្រុមហ៊ុនអវកាសមួយ ក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀត ដើម្បីចូលរួមដឹកអវកាសយានិក ទៅកាន់ភពព្រះច័ន្ទមុនឆ្នាំ 2024 តែម្ដង។

គួររំលឹកផងថា កាលពីឆ្នាំ 2020 ទស្សនាវដ្តី TIME បានផ្ដល់នាមនេះទៅឲ្យ ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោត លោកស្រី Kamala Harris និងកាលពីឆ្នាំ 2019 ត្រូវបានទៅលើក្មេងស្រី Greta Thunberg អាយុ 18 ឆ្នាំ (កាលនោះអាយុ 16 ឆ្នាំ) ដែលជាអ្នកសកម្មជនអំពី ផ្នែកបម្រែបម្រួលអាកាសធាតុ មកពីប្រទេសស៊ុយអែត។

ប្រភព ៖ TIME
អត្ថបទទាក់ទង