ប៉ាតង់ថ្មីមួយរបស់ Samsung បង្ហាញពីនាឡិកាឆ្លាតមានអេក្រង់ពង្រីក ឬបង្រួមបាន
ដោយ​ ៖ ខេមបូរីផត | 7 ខែមុន SHARE

 

យើងធ្លាប់បានឃើញទូរសព្ទគំរូជាមួយអេក្រង់ទាញចូលចូល ឬអេក្រង់ដែលអាចពង្រីកបង្រួមបានរួចមកហើយ ជាក់ស្ដែងដូចជា OPPO X ជាដើម ដោយវាមានអេក្រង់អាចពន្លាចេញ បង្កើតបានជាអេក្រង់ថ្មីមួយទំហំធំជាងមុន។ ចំណែកឯពេលនេះវិញ យើងមកមើល ប៉ាតង់ថ្មីមួយរបស់ Samsung ដែលបង្ហាញទាក់ទងនឹងនាឡិកាឆ្លាត ជាមួយអេក្រង់ទាញចេញចូលវិញម្ដង។

ប៉ាតង់ថ្មីរបស់ Samsung ត្រូវបានបង្ហាញដោយប្រភព LetsGo Digital ដោយក្នុងនោះឃើញថា នាឡិកាឆ្លាតក្នុងរូបគំរូនោះ ដំបូងមានផ្ទៃមុខរាងរង្វង់ធម្មតាដូច Galaxy Watch របស់គេអញ្ចឹង។ បន្ទាប់មកទៀតជាមួយការប្រើប្រាស់មុខងារ Pinch-to-Zoom អេក្រង់របស់នាឡិកាឆ្លាតនោះ គឺត្រូវបានពង្រីកចេញដោយផ្នែកខាងលើ គឺពន្លាចេញទៅលើ រីឯផ្នែកខាងក្រោមពន្លាចេញមកក្រោម បង្កើតជាអេក្រង់ថ្មីមួយទៀត មានទំហំធំទ្រវែងជាងមុន។

អេក្រង់បន្ទាប់ពីពន្លាចេញនោះដែរ គឺមានទំហំធំជាងមុន 40% ឯណោះ ដូច្នេះវាអាចនឹងផ្តល់នូវការបង្ហាញព័ត៌មាន ឬ Content ផ្សេងៗ បានកាន់តែច្រើនជាងមុន ឧទាហរណ៍ដូចជាការបង្ហាញប្រតិទិនបានពេញ, ការបង្ហាញនូវព័ត៌មានលម្អិតជាងមុនក្នុងកម្មវិធីចាក់តន្ត្រី ក៏ដូចជាអាចបង្ហាញទិន្នន័យសុខភាពបានច្រើនជាងមុន នៅក្នុងកម្មវិធីតាមដានខុសភាពជាដើម។

ចំណុចប្លែកមួយទៀត នៅលើនាឡិកាឆ្លាតដែលត្រូវបាន Samsung គូរក្នុងប៉ាតង់នោះ គឺថាវាមានបំពាក់មកជាមួយកាមេរ៉ាមួយគ្រាប់ នៅចំកណ្ដាលអេក្រង់ថែមទៀតផង ដែលនេះមិនមែនជាមុខងារមួយ ដែលយើងងាយនឹងឃើញមានលើនាឡិកាឆ្លាតទេ។

យ៉ាងណាក៏ដោយ ក្នុងប៉ាតង់នោះគឺមិនបានបង្ហាញយើងលម្អិតទេ ទាក់ទងនឹងចំណុចសំខាន់ផ្សេងៗទៀត ដូចជាភាពធន់នៃអេក្រង់ពង្រីកបង្រួមនោះ ឬមួយកម្រិតការពារទឹករបស់វាជាដើម។ គួរបញ្ជាក់ថា នេះគ្រាន់តែជាប៉ាតង់សិនប៉ុណ្ណោះ ដូច្នេះយើងនៅមិនទាន់ប្រាកដទេថា Samsung នឹងធ្វើនាឡិកានោះឲ្យចេញជារូបរាងមែន ឬក៏អត់។

ប្រភព ៖ Android Authority
អត្ថបទទាក់ទង