តាមអ្នកជំនាន់ទី ៣ ប្រកាសជាផ្លូវការហើយ មានទាំងឆាតមកស្រាប់ទៀតផង
ដោយ​ ៖ ប្រណិត | 1 ខែមុន SHARE

 

បន្ទាប់ពី តាមអ្នក ជំនាន់ 2.2 បានដាក់ឲ្យទាញយកជាផ្លូវការនៅលើ App Store និង Play Store រួចមកឃើញថាមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ក្នុងនោះ យើងឃើញមានមតិល្អៗ និងការចូលរួមប្រើប្រាស់គួរឲ្យកត់សម្គាល់ផងដែរ។ បន្ថែមពីមតិវិជ្ជមានដ៏សម្បូរបែបហើយនោះ ក៏មានសំណូមពរជាច្រើនផងដែរពីសំណាក់អ្នកប្រើប្រាស់។ អ្វីដែលចាប់អារម្មណ៍ជាងគេ គឺការចង់បានមុខងារជជែកកម្សាន្តបន្ថែមទៅលើ តាមអ្នក នោះឯង។ មិនឲ្យអ្នកគាំទ្ររបស់ខ្លួនរង់ចាំយូរ ថ្ងៃនេះ តាមអ្នក បានណែនាំ តាមអ្នក 3.0 មានការកែប្រែច្រើនទៅលើផ្ទៃអ្នកប្រើប្រាស់ និងជាពិសេសសូមស្វាគមន៍មុខងារជជែកកម្សាន្ត តាមឆាត។

ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ ប្រាកដជាចង់ដឹងថាតើនៅលើ តាមអ្នក 3.0 នេះមានអ្វីពិសេសខ្លះ? ដូច្នេះខាងក្រោមនេះជាកំណែប្រែមួយចំនួនរបស់ តាមអ្នក 3.0 ៖

• កែសម្រួលរូបរាងថ្មីច្រើន 

• បន្ថែម Animation ដើម្បីកាន់តែរស់រវើក 

• បន្ថែមមុខងារឯកជនភាពលើការបង្ហោះ 

• បន្ថែមមុខងារជជែកកម្សាន្ត (តាមឆាត) ជាអក្សរ និងរូបភាពជាមួយមុខងារពេញលេញ 

• អាចចែក ព័ត៌មាន វីដេអូ ការបង្ហោះ និងគណនី ចូលទៅ តាមឆាត

• និងដោះស្រាយបញ្ហាបច្ចេកទេសមួយចំនួនទៀត

សូមបញ្ជាក់ផងដែរថា៖ សម្រាប់ តាមអ្នក 3.0 នេះ អ្នកទាំងអស់គ្នាអាចដោនឡូដជំនាន់សាកល្បងបាន នៅថ្ងៃទី ១៥ ខែធ្នូនេះ ហើយសម្រាប់ជំនាន់ផ្លូវការ តាមអ្នក នឹងដាក់ឲ្យដោនឡូដនៅលើ App Store និង Play Store នៅចុងឆ្នាំនេះហើយ។

សរុបមកទាំងអស់នេះជាអ្វីដែលមាននៅលើ តាមអ្នក 3.0 វាមានមុខមាត់ថ្មីច្រើន ល្បឿនដំណើរការក៏ប្រសើរជាងមុន ហើយអ្វីដែលពិសេសនោះគឺអ្នកទាំងអស់គ្នាអាចសាកល្បងប្រើប្រាស់មុខងារជជែកកម្សាន្ត តាមឆាត បានជាលើកដំបូងហើយ។ កុំភ្លេចចូលរួមដោនឡូដ តាមអ្នក 3.0 យកមកប្រើប្រាស់ទាំងអស់គ្នាណា ដើម្បីចូលរួមលើកស្ទួយវិស័យបច្ចេកវិទ្យាក៏ដូចជាស្នាដៃក្នុងស្រុករបស់យើង។ តាមអ្នក តាមខ្ញុំ តាមយើងទាំងអស់គ្នា!

ប្រភព ៖ តាមអ្នក
អត្ថបទទាក់ទង