LG កំពុងធ្វើការទៅលើអេក្រង់បត់ សម្រាប់បំពាក់នៅក្នុងរថយន្ត
ដោយ​ ៖ ខេមបូរីផត | 8 ខែមុន SHARE

 

អេក្រង់បត់មានវត្តមាននៅលើទូរសព្ទឆ្លាត ក៏ដូចជាថេប្លេតកូនកាត់កុំព្យូទ័រជាច្រើនឆ្នាំមកហើយ គិតមកទល់ពេលនេះ ដោយក្នុងនោះក៏ឃើញថា ក្រុមហ៊ុននីមួយៗកំពុងតែពង្រឹងសមត្ថភាពអេក្រង់បត់របស់គេ ឲ្យកាន់តែប្រសើរថែមទៀត។ ដោយឡែក នៅក្នុងពេលនេះវិញ មានរបាយការណ៍ថ្មីមួយបង្ហាញថា LG កំពុងតែពង្រីកវត្តមានអេក្រង់បត់ឲ្យកាន់តែទូលំទូលាយ តាមរយៈការនាំយកទៅបំពាក់នៅលើរថយន្តទៀតផង។

មិនខុសទេ យោងតាមប៉ាតង់ថ្មីមួយ ដែលត្រូវបាន LG ទើបចុះបញ្ជីនោះ គឺបានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនមួយនេះកំពុងតែធ្វើការទៅលើអេក្រង់បត់ សម្រាប់យកទៅប្រើប្រាស់ធ្វើជាអេក្រង់ Infotainment System ក្នុងរថយន្តតែម្ដង។ ប៉ាតង់នោះដែរ ត្រូវបានគេចុះនៅក្នុងអង្គកាកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដោយបានបង្ហាញពីរូបភាពគំរូមួយចំនួន ដែលអាចឲ្យយើងអាចរំពឹងបាន ទាក់ទងនឹងលក្ខណៈនៃអេក្រង់នោះ។

យោងតាមរូបភាព យើងឃើថា អេក្រង់បត់ដែល LG បានគូរ គឺត្រូវបានគេបត់ទៅក្រោយ មានន័យថាពេលបត់ទៅ អេក្រង់របស់វានៅតែចេញក្រៅ អាចបង្ហាញពត៌មានផ្សេងៗបានដដែល ហើយនៅពេលដែលពន្លាចេញវិញ វានឹងផ្តល់ឲ្យការបង្ហាញនោះ ជាមួយបទពិសោធន៍ថ្មី ដោយឃើញព័ត៌មានកាន់តែច្រើនជាងមុន នៅលើអេក្រង់ទំហំធំជាងមុន។

អេក្រង់នោះដែរ ក៏អាចនឹងត្រូវទាញចូលបង្កប់ក្រោម Dashboard វិញដែរ ដើម្បីជួយឲ្យមើលទៅទូលាយ ក៏ដូចជាការពារអេក្រង់នោះ នៅពេលដែលមិនត្រូវការប្រើ។ យ៉ាងណាក៏ដោយ នៅក្នុងប៉ាតង់នោះ មិនបានបង្ហាញពីលក្ខណៈសម្បត្តិ ក៏ដូចជាចំណុចសំខាន់លម្អិតច្រើន ទាក់ទងនឹងអេក្រង់នោះឡើយ ជាក់ស្ដែងដូចជាទំហំ ព្រមទាំងលទ្ធភាពនៃការប្រើប្រាស់ជាដើម។

សម្រាប់វត្តមានផ្លូវការនៃអេក្រង់នេះ នៅលើរថយន្តក៏យើងមិនទាន់ដឹងច្បាស់ដែរ ព្រោះជាក់ស្ដែងនៅមិនទាន់មានការបង្ហាញទេថា LG នឹងប្រកាសចេញផលិតផលសម្រេចផ្លូវការ ដូចដែលបានធ្វើក្នុងប៉ាតង់នោះ ឬអត់។

ប្រភព ៖ 91Moblies
អត្ថបទទាក់ទង