Samsung Electronic បង្រួមមុខជំនួញផ្នែកទូរសព្ទ និងផ្នែកឧបករណ៍អេឡិចត្រូនិចចូលគ្នាតែមួយវិញ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

នៅក្នុងថ្ងៃនេះ Samsung Electronic បានប្រកាសចេញពីការកែទម្រង់ធំមួយ នៅក្នុងក្រុមហ៊ុនទាំងមូលរបស់គេ ពោលគឺទាក់ទងនឹងការផ្លាស់ប្តូរប្រព័ន្ធដឹកនាំថ្មីតែម្ដង។ នៅក្នុងកំណែទម្រង់ផ្ទៃក្នុងនោះដែរគឺ ចាប់ពីពេលនេះទៅ Samsung Electronic នឹងត្រូវបង្រួមមកបែងចែកចេញជាពីរផ្នែកវិញ មិនមែនចែកជា 3 ផ្នែកដូចមុនទៀតទេ។

មិនខុសទេ Samsung បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ គេនឹងធ្វើកំណែទម្រង់ដោយបែងចេញពីរផ្នែកគឺ ផ្នែកខាង Device Solution ដែលសំដៅលើខាងវិស័យផលិតឈីប និងមួយផ្នែកទៀតគឺគេហៅកាត់ថា SET Division ដែលសំដៅលើផ្នែកទូរសព្ទឆ្លាត និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដែលរួមបញ្ចូលទាំងផលិតផលទូរទស្សន៍ជាដើម។ នេះជាការកែទម្រង់ធំមួយ គិតចាប់ពីឆ្នាំ 2017 មក ព្រោះកន្លងទៅ Samsung Electronic ត្រូវបានបែងចែកជា 3 ផ្នែក ដែលរួមមានផ្នែកផលិតឈីប, ផ្នែក Mobile ឬទូរសព្ទ និងផ្នែកគ្រឿងអេឡិចត្រូនិច (Consumer Electronics) ប៉ុន្តែកំណែទម្រង់ថ្មីចេញមកគឺ គេបានយកផ្នែក Mobile និង Consumer Electronics នេះ បង្រួបបង្រួមចូលគ្នាតែមួយវិញ។

ដូច្នេះមានន័យថា ផ្នែក Mobile និង Consumer Electronics ដែលបានរួមចូលគ្នាជា SET Division នោះ គឺមានអ្នកដឹកនាំរួមមួយ លោក Jong-hee (JH) Han ដោយកន្លងទៅគាត់ធ្លាប់ជាអ្នកដឹកនាំផ្នែកខាងបន្ទះអេក្រង់ ហើយគុណសម្បត្តិធំបំផុតរបស់គាត់ គឺបានជួយឲ្យ Samsung ឈានមុខគេក្នុងទីផ្សារទូរទស្សន៍បាន 15 ឆ្នាំជាប់គ្នាក្នុងពិភពលោក រហូតមកទល់បច្ចុប្បន្ននេះ។

ចំណែកឯអ្នកដឹកនាំផ្នែកផលិតឈីប ឬ Device Solution នោះវិញ គឺជាលោក Kyehyun Kyung ដោយកន្លងទៅគាត់ធ្លាប់ជានាយកប្រតិបត្តិនៅផ្នែក Electro-Mechanics នៃ Samsung ស្រាប់ និងក៏ធ្លាប់បានចូលរួមក្នុងក្រុមផលិត Flash Memory ព្រមទាំងផ្នែកផលិត DRAM ផងដែរ។

ហេតុនេះហើយចាប់ពីពេលនេះទៅ Samsung Electronic មាននាយកប្រតិបត្តិចំនួនពីររូប ឬអាចនិយាយបានថា សហនាយកប្រតិបត្តិ ដោយមួយគឺលោក Jong-hee (JH) Han និងមួយទៀតគឺលោក Kyehyun Kyung ដោយពួកគេមានផ្នែកកាន់កាប់ដាច់ដោយឡែកពីគ្នា ប៉ុន្តែស្ថិតក្រោមដំបូលក្រុមហ៊ុនតែមួយ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង