ឧបករណ៍ AR/VR ដំបូងរបស់ Apple នឹងផ្តោតលើផ្នែក Gaming, Media និងការទំនាក់ទំនង
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

មួយរយៈខ្លីចុងក្រោយនេះ មានព័ត៌មានច្រើនមែនទែន និយាយទាក់ទងនឹងឧបករណ៍ AR/VR របស់ Apple ដោយក្នុងនោះគឺសុទ្ធសឹងតែជាការបង្ហាញ ចេញពីប្រភពល្បីឈ្មោះទៀតផង។ ក្នុងចំណោមការបង្ហាញទាំងនោះ គឺលោក Ming-Chi Kuo ធ្លាប់បញ្ជាក់ថា Apple គ្រោងនឹងយក AR/VR មកជំនួសតំណែង iPhone ក្នុងរយៈពេល 10 ខាងមុខទៀត។

យ៉ាងណាក៏ដោយ បើយើងក្រឡេកមកដំណឹងចេញពីបុគ្គលល្បីឈ្មោះម្នាក់ទៀត ពោលគឺលោក Mark Gurman មកពី Bloomberg នោះ គាត់បានប្រាប់ឲ្យដឹងថា ឧបករណ៍ AR/VR ជំនាន់ដំបូង ដែល Apple គ្រោងនឹងប្រកាសចេញ ហាក់ដូចជាមិនទាន់ធ្វើឡើងមក ដណ្តើមតួនាទីរបស់ iPhone ឬ Mac នោះឡើយ ផ្ទុយទៅវិញ វានឹងចេញមកដោយផ្តោតលើការប្រើប្រាស់ 3 ចំណុចរួមមាន ការលេងហ្គេម, ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់លើការទំនាក់ទំនងផ្សេងៗ។

លើកនេះដែរ យើងក៏ទទួលបានដំណឹងពីលក្ខណៈសម្បត្តិសំខាន់ៗ ដែល Apple អាចនឹងបំពាក់នៅលើឧបករណ៍ខាងលើដូចគ្នា ជាក់ស្ដែងឧបករណ៍នេះ អាចនឹងត្រូវបានគេឌីហ្សាញមកជាមួយរូបរាងតូច និងស្រាល, អាចមានបំពាក់ឈីបគោលដល់ទៅ 2 ក៏ដូចជាអាចមានអេក្រង់ Micro LED កម្រិតបង្ហាញ 4K ចំនួនពីរផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ឧបករណ៍ខាងលើ ក៏អាចនឹងមានបំពាក់មកជាមួយលេនកាមេរ៉ា 15 គ្រាប់, សេនស័រ Eye Tracking ព្រមទាំងគាំទ្របច្ចេកវិទ្យា WiFi 6E ជាដើម។ ក្រៅពីនេះ ក៏មានគេធ្លាប់បានឃើញពីប៉ាតង់របស់ Apple ទៅលើផ្នែក Software សម្រាប់ឧបករណ៍ VR ដែរ ជាក់ស្ដែងដូចជា គេបានចុះបញ្ជីលើមុខងារ AR Mode មួយ ដែលអនុញ្ញាតឲ្យអ្នកប្រើ VR អាចមើលធ្លុះឃើញមជ្ឈដ្ឋានខាងក្រៅ ដូចពាក់វ៉ែនតាធម្មតាបានទៀតផង។ 

សូមរំឮកដែរថា ឧបករណ៍ AR/VR របស់ Apple នោះ អាចនឹងត្រូវបង្ហាញខ្លួនផ្លូវការក្នុងត្រីមាសទី 4 ឆ្នាំក្រោយនេះ ហើយគេអាចនឹងបើកការផលិតទ្រង់ទ្រាយធំ ចាប់ផ្តើមពីអំឡុងត្រីមាសទី 2 ឆ្នាំ 2022 ទៅតែម្ដង។

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង