Xiaomi ទើបប្រកាសចេញម៉ូនីទ័រអេក្រង់ 27 អ៊ីញ 4K ដំបូងរបស់ខ្លួន ជាមួយតម្លៃខ្ទង់ 549 ដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗនេះ Xiaomi បានប្រកាសចេញម៉ូនីទ័រម៉ូឌែលថ្មីមួយជាផ្លូវការ សម្រាប់ទីផ្សារប្រទេសចិន ហើយអ្វីដែលពិសេសនៅលើម៉ូនីទ័រនោះគឺថា វាមានបំពាក់មកជាមួយលក្ខណៈសម្បត្តិខ្ពស់ៗជាច្រើន ហើយក៏ជាម៉ូនីទ័រមានកម្រិតបង្ហាញ 4K ដំបូង ដែល Xiaomi បានផលិតដែរ។ សម្រាប់ឈ្មោះវិញ ក្រុមហ៊ុនចិននេះ បានហៅម៉ូនីទ័រនោះថា Xiaomi Monitor 27-inch 4K តែម្ដង។

Xiaomi Monitor 27-inch 4K បានបំពាក់អេក្រង់ទំហំ 27 អ៊ីញ ជាមួយការឌីហ្សាញគែម Bezel ខ្លីចំនួន 3 ជ្រុង ប៉ុន្តែនៅបន្សល់គែមខាងក្រោមធំគួរឲ្យកត់សម្គាល់ដែរ។ នេះជាប្រភេទអេក្រង់ IPS LCD ដែលមានកម្រិតបង្ហាញ 3840 x 2160 ភិចសែល ឬ 4K ដូចបានបញ្ជាក់ពីខាងដើមអញ្ចឹង កាន់តែប្រសើរ អេក្រង់នេះអាចបង្ហាញពណ៌បាន 1.07 ពាន់លានប្រភេទ និងមានកម្រិតពន្លឺអាចឡើងខ្ពស់បំផុតបានដល់ 400 ntis ទៀតផង។

ម៉ូនីទ័រថ្មីខាងលើ ក៏ទទួលបានការទទួលស្គាល់ពីវិញ្ញាបនបត្រ PANTONE ដែរ ដែលមានន័យថា នេះជាអេក្រង់មានកម្រិតល្អៀងនៃទឹកពណ៌ទាបបំផុត ពោលគឺ Delta E<1 ហើយអាចបង្ហាញទឹកពណ៌ជាប្រភេទ DCI-P3 បាន 99% និងគាំទ្រទឹកពណ៌ប្រភេទ sRGB បាន 100% ពេញផងដែរ។ 

មិនត្រឹមតែប៉ុណ្ណោះទេ បន្ទះអេក្រង់របស់ម៉ូនីទ័រខាងលើ ក៏ទទួលបានវិញ្ញាបនបត្របញ្ជាក់ថា មានកម្រិតពន្លឺពណ៌ខៀវ ដែលប៉ះពាល់ដល់ភ្នែកទាបពីភ្នាក់ងារ TÜV Rheinland ក៏ដូចជាគាំទ្រជាមួយ VESA DisplayHDR 400 HDR និងបច្វេកវិទ្យា DC Dimming ជាដើម។ ទៅមើលលើផតចេញចូល ដែល Xiaomi បានដាក់មកឲ្យវិញមានដូចជា រន្ធ HDMI 2.1 ចំនួន 2, រន្ធ DP 1.4 ចំនួនមួយ, រន្ធ USB-C ចំនួនមួយ, រន្ធ USB-A ចំនួន 2 និងចុងក្រោយរន្ធដោតកាស 3.5mm នោះឯង។ សម្រាប់រន្ធ USB-C ដែលមានភ្ជាប់មកនោះ គឺអាចគាំទ្របានទាំង Data Transfer, Audio/Video Transmission និងអាចផ្ទេរថាមពលចេញបានដល់កម្លាំង 90W ទៀតផង។

ចំណុចសំខាន់ផ្សេងទៀតទាក់ទងនឹងម៉ូនីទ័រខាងលើ គឺថាវាមានភ្ជាប់មកជាមួយជើងទម្រ ដែលអាចកែតម្រូវកម្ពស់ និងងាកឆ្វេងស្ដាំបាន ហើយកាន់តែពិសេស ក៏អាចធ្វើការបង្វិលដើម្បីប្រើប្រាស់ជារបៀបបញ្ឈរ ឬផ្ដេកបានដូចគ្នា។ Xiaomi Monitor 27-inch 4K ក៏អនុញ្ញាតឲ្យយកទៅចាប់ជាមួយជញ្ជាំងបានដែរ ក្នុងករណីដែលអ្នកប្រើត្រូវការបែបនោះ ខណៈពេលផ្នែកតម្លៃវិញ នៅក្នុងទីផ្សារចិនកំពុងត្រូវបានគេដាក់លក់ខ្ទង់ 549 ដុល្លារ ជាមួយការធានាដល់ទៅ 3 ឆ្នាំទៀតផង។

ប្រភព ៖ Gizmochina
អត្ថបទទាក់ទង