មុខងារ Locked Folder ក្នុង Google Photos មកដល់ទូរសព្ទផ្សេងៗក្រៅពី Pixel ដែរហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ត្រលប់ទៅខែមិថុនាកន្លងទៅ Google បានដាក់បញ្ចូលមុខងារសំខាន់មួយ នៅក្នុង Google Photos ទៅកាន់ទូរសព្ទឆ្លាតត្រកូល Pixel របស់ខ្លួន ដោយមុខងារនោះមានឈ្មោះថា Locked Folder ហើយគេក៏បានសន្យារថា នឹងទម្លាក់ទៅឲ្យទូរសព្ទ Android ដទៃទៀតក្នុងពេលឆាប់ៗ។ មកទល់ពេលនេះ អ្នកប្រើប្រាស់ទូរសព្ទ Android ផ្សេងៗក្រៅពី Pixel ចាប់ផ្តើមទទួលបានមុខងារខាងលើដែរហើយ។

មិនខុសទេ មុខងារ Locked Folder ក្នុង Google Photos ពេលនេះមកដល់ទូរសព្ទ Android ជាច្រើនផ្សេងទៀតហើយ ជាក់ស្ដែងដូចជាទូរសព្ទរបស់ Samsung, Xiaomi, OPPO និង OnePlus ជាដើម ដោយអ្នកប្រើប្រាស់ភាគច្រើនបានទទួលបានវាដូចៗគ្នា។ គួរបញ្ជាក់ថា មុខងារ Locked Folder ក្នុង Google Photos គឺមាននាទីក្នុងការលាក់រូបភាព ឬវីដេអូនៅក្នុងទូរសព្ទឆ្លាតណាមួយបាន ហើយវាទាមទារ Passcode ឬក៏ការស្កេនម្រាមដៃរបស់អ្នកប្រើ ដើម្បីចូលទៅមើល File ទាំងនោះបាន។

មុខងារនេះដែរ មានអ្នកប្រើប្រាស់មួយចំនួនទទួលបានសារដំណឹង ឲ្យចូលទៅធ្វើការ Set Up ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួនទៀត មិនទទួលបាននោះទេ។ យ៉ាងណាដើម្បីចូលទៅ Set Up មុខងារនេះ អ្នកចូលទៅក្នុង Google Photos ចុចចូលទៅ Tab  Library -> Utilities បន្ទាប់មកនឹងឃើញ Locked Folder ជាមិនខាន។

អត្ថប្រយោជន៍សំខាន់នៃ Locked Folder គឺវាអាចការពារនូវរូបភាព និងវីដេអូពីការ Upload ពីទូរសព្ទ Android ចូលទៅកាន់ Cloud ដោយជំនួសមកវិញ រាល់រូបភាព និងវីដេអូដែលមានក្នុង Locked Folder នឹងត្រូវរក្សាទុកតែក្នុងទូរសព្ទដែលបាន Set Up នោះមួយប៉ុណ្ណោះ។ មួយវិញទៀត រូបភាព និងវីដេអូផ្សេងៗ ដែលមានក្នុង Locked Folder នឹងត្រូវលុបចោលដោយស្វ័យប្រវត្តិតែម្ដង នៅពេលដែលអ្នកធ្វើការ Uninstall Google Photos ហើយនឹងមិនធ្វើការផ្ទេរទិន្នន័យស្វ័យប្រវត្តិនោះទេ ពេលដែលអ្នកផ្ទេរទៅកាន់ឧបករណ៍ផ្សេងនោះ។

ប្រភព ៖ 9To5 Google
អត្ថបទទាក់ទង