Samsung រំពឹងថា Galaxy S22 Series នឹងជួយឲ្យគេទទួលចំណែកទីផ្សារ 22% នៅឆ្នាំក្រោយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ចំនួនលក់ទូរសព្ទឆ្លាតត្រកូល S របស់ Samsung ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺហាក់ដូចជាទទួលបានមិនច្រើន គួរឲ្យអារម្មណ៍ឡើយ។ ដើម្បីពង្រឹងលើចំនួនលក់ត្រកូល S ឡើងវិញ Samsung កំពុងតែសម្ងំធ្វើការទៅលើ Galaxy S22 Series ជំនាន់ថ្មី ហើយក្នុងពេលនេះ មានរបាយការណ៍មួយ បានបង្ហាញពីការរំពឹងទុករបស់ Samsung សម្រាប់ទីផ្សារទូរសព្ទឆ្លាតនាឆ្នាំក្រោយ។

យោងតាមការបង្ហាញចេញពីប្រភព The Elec, Samsung គឺបានរំពឹងទុកជាមុន នៅក្នុងទីផ្សារទូរសព្ទឆ្លាតនាឆ្នាំក្រោយថា ចំណែកទីផ្សាររបស់គេនឹងទទួលបានខ្ទង់ 22% ក្នុងចំណោមក្រុមហ៊ុនទូរសព្ទឆ្លាតទាំងអស់។ ក្រុមហ៊ុនខាងលើ ក៏បានរំពឹងទៀតថា ទូរសព្ទឆ្លាតទាំងអស់ ដែលនឹងលក់ចេញក្នុងឆ្នាំក្រោយ គឺអាចនឹងកើនឡើងដល់ខ្ទង់ 1.52 ពាន់លានគ្រឿង ហើយគេសង្ឃឹមថា ក្នុងចំណោមទូរសព្ទឆ្លាតទាំងអស់នេះ នឹងមានចំនួនខ្ទង់ 390 លានគ្រឿង ចេញពីយីហោរបស់ខ្លួនផ្ទាល់។

មិនត្រឹមតែប៉ុណ្ណោះទេ Samsung ក៏បានរំពឹងដែរថា ចំនួននៃការលក់ទូរសព្ទឆ្លាតត្រកូល Galaxy S22 Series របស់គេ នឹងទទួលបានសរុបទាំងអស់ខ្ទង់ 33 លានគ្រឿងទៀតផង។ 

ក្រុមហ៊ុនកូរ៉េខាងត្បូង ធ្លាប់ត្រូវបានគេដឹងថា មានគម្រោងក្នុងការលក់ចេញ Galaxy S22 ឲ្យបាន 14 លានគ្រឿង, Galaxy S22+ ឲ្យបាន 8 លានគ្រឿង និង Galaxy S22 Ultra ឲ្យបានខ្ទង់ 11 លានគ្រឿង នៅក្នុងទីផ្សារសកល។ ទន្ទឹមគ្នានេះដែរ គេក៏មានគោលដៅសម្រាប់ទូរសព្ទឆ្លាតលំដាប់មធ្យម និងបង្គួរដូចគ្នា ជាក់ស្ដែង Samsung គ្រោងនឹងលក់ចេញ Galaxy A23 និង Galaxy A33 ឲ្យបានខ្ទង់ 267 លានគ្រឿង និង Galaxy A53 ព្រមទាំង A73 ឲ្យបានខ្ទង់ 92 លានគ្រឿង។

ប្រភព ៖ Sam Mobile
អត្ថបទទាក់ទង