Emoji សើចចេញទឹកភ្នែក នៅតែបន្តមានអ្នកប្រើច្រើនជាងគេបំផុតប្រចាំឆ្នាំ 2021 នេះ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗនេះ វេបសាយ Unicode Consortium បានបញ្ចេញរបាយការណ៍មួយចេញមក ទាក់ទងនឹងបញ្ជីនៃ Emoji ដែលមានចំនួនអ្នកប្រើប្រាស់ច្រើនបំផុតប្រចាំឆ្នាំ 2021 នេះ ហើយនៅក្នុងការបង្ហាញនោះយើងឃើញថា រូប “Emoji សើចចេញទឹកភ្នែក->😂” នៅតែបន្តជាប់ជា Emoji ដែលមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេបំផុតដដែល។

មិនខុសទេ យោងតាមប្រភពខាងលើ “Emoji សើចចេញទឹកភ្នែក” គឺមានចំនួនប្រើប្រាស់ដល់ទៅខ្ទង់ 5% ឯណោះ ក្នុងចំណោម Emoji ទាំងអស់ផ្សេងៗទៀត។ ចំណែកឯ Emoji មួយទៀត ដែលទទួលបានអ្នកប្រើប្រាស់ច្រើន បន្ទាប់ពីរូបសើចចេញទឹកភ្នែកនោះគឺ “Emoji បេះដូង->❤️” ហ្នឹងឯង។ 

យ៉ាងណាបើរាប់យក Emoji ទាំង 10 ដែលមានអ្នកប្រើញឹកញ៉ាប់ជាងគេនោះ គឺដំបូងជារូបសើចចេញទឹកភ្នែក->😂, រូបបេះដូង->❤️, រូបមុខផ្អៀងសើចចេញទឹកភ្នែក->🤣, រូបមេដៃ->👍, រូបយំខ្លាំងៗ->😭, រូបសំពះ->🙏, រូបមុខថើប->😘, រូបមុខជាមួយបេះដូង->🥰, រូបមុខមានភ្នែកជាបេះដូង->😍 និងចុងក្រោយគេ ជារូបស្នាមញញឹម->😊 ផងដែរ។

តាមការបង្ហាញចេញពីសំណាក់ Unicode Consortium អាចនិយាយបានថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រូប Emoji ដែលទទួលបានចំនួនប្រើប្រាស់ច្រើនជាងគេនោះ គឺហាក់ដូចជាមិនសូវមានការប្រែប្រួលនោះទេ ជាក់ស្ដែងរូបសើចចេញទឹកភ្នែក ក៏ដូចជារូបបេះដូងនោះ គឺបានក្លាយជា Emoji មានអ្នកប្រើប្រាស់ច្រើនជាងគេ តាំងពីឆ្នាំ 2019 មកម្លេះ។ 

ក្រៅពីនេះដែរ ប្រភពខាងលើក៏បានបញ្ចេញជាតារាង Emoji មានអ្នកប្រើប្រាស់ច្រើន ទៅតាមប្រភេទនីមួយៗឲ្យដឹងដូចគ្នា ដូច្នេះហើយប្រិយមិត្តដែលចង់ដឹងបន្ថែម អាចចូលទៅមើលដោយផ្ទាល់ នៅលើវេបសាយរបស់គេផ្ទាល់ តាមរយៈការចុចត្រង់នេះ។ 

 

ប្រភព ៖ Mac Rumors
អត្ថបទទាក់ទង