ស្ងាត់ៗ Tesla បញ្ចេញលក់ម៉ូតូកង់បួន Cyberquad សម្រាប់កុមារ ជាមួយតម្លៃ 1,900 ដុល្លារ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗមុននេះ Tesla បានប្រកាសចេញផលិតផលថ្មីមួយរបស់ខ្លួន ដោយមិនបានប្រាប់ជាដំណឹងមុននោះទេ ពោលគឺគេបានបញ្ចេញម៉ូតូអគ្គិសនីខ្នាតតូចមួយសម្រាប់កុមារ ដែលត្រូវបានហៅថា Cyberquad For Kids។ ម៉ូតូខ្នាតតូចនេះ គឺត្រូវបានធ្វើឡើង ដោយយកលំនាំតាមម៉ូតូ Cyberquad ខ្នាតធំ ដែលត្រូវបាន Tesla បង្ហាញដំបូង តាំងពីពេលគេប្រកាសចេញរថយន្ត Cybertruck កាលពីជាង 2 ឆ្នាំមុនមកម្លេះ។

ខណៈពេលដែល Cyberquad ទំហំធំ នៅមិនទាន់អាចផលិតចេញបាន Tesla បានបញ្ចេញ Cyberquad For Kids មួយជាមុនសិន សម្រាប់ឲ្យកុមារជាអ្នកប្រើប្រាស់ ប៉ុន្តែមនុស្សពេញវ័យមានទម្ងន់ក្រោម 68kg ក៏អាចជិះម៉ូតូនេះបានដូចគ្នាដែរ គ្រាន់តែទំហំដែលធ្វើឡើងមក គឺសម្រាប់កុមារច្រើនជាង។ ម៉ូតូកង់ 4 នេះ ត្រូវបានអនុញ្ញាតឲ្យកុមារមានអាយុចាប់ពី 8 ឆ្នាំឡើងទៅ ទើបអាចជិះបាន ហើយទៅលើតួខ្លួនរបស់វាវិញ គឺត្រូវបានគេធ្វើឡើងមក ដោយក្រាលដែក ជាមួយពូកអង្គុយ ថែមទាំងមានបូមអាចតម្លើង ឬបន្ថយកម្ពស់បានទៀតផង។ 

Cyberquad មានល្បឿនខ្ពស់បំផុត អាចឡើងបានដល់ 16km/h ហើយថាមពលថ្មរបស់វាវិញ គឺអាចទ្រទ្រង់បានជាមួយការជិះចម្ងាយខ្ទង់ 24km។  ហ្រ្វាំងរបស់ម៉ូតូនេះ គឺត្រូវបានភ្ជាប់នៅកង់ក្រោយ ហើយវាក៏មានបំពាក់ជាមួយភ្លើង LED កដូចគ្នា ដើម្បីជួយបំពេញបន្ថែម ឲ្យមើលទៅកាន់តែកាត់ទៅរករថយន្ត Cybertruck ថែមមួយកម្រិតទៀត។

ម៉ូតូកង់បួន Cyberquad ខ្នាតតូចមានការកំណត់ល្បឿនចំនួន 3 ប្រភេទ ជាក់ស្ដែងដូចជា ល្បឿនទៅមុខ 8km/h, 16km/h និងការកំណត់មួយទៀតគឺ 8km/h ដែរ ប៉ុន្តែសម្រាប់ការបើកថយក្រោយ។ ក្នុងខណៈពេលនេះ Cyberquad គឺមានដាក់លក់សម្រាប់តែទីផ្សារសហរដ្ឋអាមេរិកជាមុនសិន ហើយក៏កំពុងតែបើកឲ្យអ្នកមានចំណាប់អារម្មណ៍ ធ្វើការកុម្ម៉ង់ទុកមុនតាមរយៈវេបសាយរបស់ Tesla ផ្ទាល់ ជាមួយតម្លៃ 1,900 ដុល្លារ។

ប្រភព ៖ The Verge
អត្ថបទទាក់ទង