Qualcomm ប្រកាសចេញឈីប Snapdragon G3x Gen 1 ថ្មី សម្រាប់បំពាក់លើម៉ាស៊ីនហ្គេមខ្នាតតូច
ដោយ​ ៖ ខេមបូរីផត | 8 ខែមុន SHARE

 

បន្ទាប់ពីបានប្រកាសចេញឈីបកំពូល សម្រាប់ទូរសព្ទឆ្លាតជំនាន់ថ្មីរួចរាល់មក ពោលគឺ Snapdragon 8 Gen 1 នេះ Qualcomm ក៏បានប្រកាសចេញឈីបដំបូងមួយទៀតរបស់ខ្លួន ត្រូវបានបង្កើតឡើងមក សម្រាប់បំពាក់នៅលើម៉ាស៊ីនហ្គេមខ្នាតតូច មានលក្ខណៈស្រដៀងគ្នានឹង Nintendo Switch ឬ Steam Deck ជាដើម។ ឈីបដំបូងរបស់គេនោះ គឺមានឈ្មោះថា Snapdragon G3x Gen 1។

ដើម្បីបង្ហាញ ក៏ដូចជាតេស្តទៅលើឈីបថ្មីសម្រាប់ម៉ាស៊ីនហ្គេមខ្នាតតូចនោះដែរ Qualcomm សហការជាមួយ Razer ដើម្បីឲ្យគេជួយបង្កើតម៉ាស៊ីនហ្គេមមួយ បំពាក់ជាមួយឈីបថ្មី Snapdragon G3x Gen 1 ហើយម៉ាស៊ីនហ្គេមនោះ មានការឌីហ្សាញដូចរូបភាពខាងលើ និងខាងក្រោមអញ្ចឹង ប៉ុន្តែគេមិនមែនធ្វើមកសម្រាប់ដាក់លក់ទេ។

ឈីបថ្មីនេះ គឺធ្វើឡើងសម្រាប់ដំណើរការទៅលើហ្គេម Android, ការ Stream ហ្គេមចេញពីម៉ាស៊ីនហ្គេម ឬកុំព្យូទ័រ និងការលេងហ្គេមជាលក្ខណៈ Cloud Gaming Service នោះឯង ដែលមានន័យថា វាមិនអាចលេងហ្គេមសម្រាប់កុំព្យូទ័របាន ដូច Nintendo Switch ឬ Steam Deck ឡើយ។ ឈីបថ្មីនេះ វាមានបំពាក់មកជាមួយ GPU Adreno ជំនាន់ចុងក្រោយ ដែលអាចគាំទ្រដល់ការលេងហ្គេមឡើងដល់កម្រិត Refresh Rate 144Hz ទៀតផង។ 

វាក៏គាំទ្រ 5G ជាប្រភេទ Sub-6GHz និង mmWave 5G បានដូចគ្នា ចំណែកឯ WiFi 6E ក៏ត្រូវបាន Qualcomm ដាក់ឲ្យគាំទ្រដែរ។ កាន់តែប្រសើរឈីបថ្មី សម្រាប់ម៉ាស៊ីនហ្គេមខ្នាតតូចខាងលើ អាចធ្វើការភ្ជាប់ទៅកាន់អេក្រង់បង្ហាញផ្សេងទៀត ដែលមានកម្រិត 4K បានដូចគ្នា លើសពីនេះវាក៏គាំទ្រការតភ្ជាប់ទៅកាន់ឧបករណ៍ VR បាន តាមរយៈរន្ធ USB-C ផងដែរ។ 

ទៅមើលម៉ាស៊ីនហ្គេមដែល Razer បង្កើតសម្រាប់ឈីបថ្មីនោះវិញឃើញថា វាមានអេក្រង់ទំហំ 6.65 អ៊ីញ ជាប្រភេទ OLED ដែលគាំទ្របានកម្រិត Refresh Rate 120Hz និងមានកាមេរ៉ាមួយគ្រាប់ទំហំ 5MP ទៀតផង សម្រាប់អនុញ្ញាតឲ្យអ្នកលេងធ្វើការ Livestream មុខខ្លួនឯង ពេលកំពុងលេងហ្គេម។

ដូចបានបញ្ជាក់ខាងលើអញ្ចឹង ម៉ាស៊ីនហ្គេមនោះ មិនមែនធ្វើឡើងមកសម្រាប់ដាក់លក់ទេ ពោលគឺ Qualcomm សហការជាមួយ Razer ដើម្បីបង្កើតឡើងសម្រាប់តែ Developer Kit ប៉ុណ្ណោះ ដូច្នេះគេបើកឲ្យក្រុម Developers ដែលមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះដើម្បីទទួលបាន Kit នេះ ចេញពីវេបសាយរបស់ Razer ផ្ទាល់។ 

យ៉ាងណា យើងនៅមិនទាន់ច្បាស់ទេថា ពេលណាទើបមានក្រុមហ៊ុនបង្កើតម៉ាស៊ីនហ្គេមពិតប្រាកដសម្រាប់ដាក់លក់ ជាមួយការបំពាក់ឈីបថ្មី Snapdragon G3x Gen 1 របស់ Qualcomm នេះ ព្រោះជាក់ស្ដែងក្រុមហ៊ុនគេផ្ទាល់ ក៏មិនទាន់បានបញ្ជាក់ប្រាប់ច្បាស់ដូចគ្នា។

ប្រភព ៖ The Verge
អត្ថបទទាក់ទង