Honor 60 Pro ចេញផ្លូវការជាមួយឈីប Snapdragon 778G+ និងអេក្រង់ OLED 120Hz កោង 4 ជ្រុង
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីខែមិថុនាកន្លងទៅ Honor បានប្រកាសចេញទូរសព្ទឆ្លាតលំដាប់បង្គួរ Honor 50 Series របស់ខ្លួនជាផ្លូវការ ជាមួយការសន្យាថានឹងនាំយកសេវាកម្ម Google ត្រលប់មកវិញទៀតផង។ ដោយឡែកខ្ទង់ 5 ខែកន្លងផុតទៅ ពេលនេះ Honor បានបញ្ចេញទូរសព្ទឆ្លាតជំនាន់ថ្មីមួយទៀត មកបន្តតំណែងរបស់ Honor 50 Series នោះហើយ ដោយគេបានដាក់ឈ្មោះថា Honor 60 Series ហ្នឹងឯង។

សម្រាប់ការឌីហ្សាញរូបរាងរបស់ Honor 60 Series ថ្មីរួមមាន Honor 60 និង Honor 60 Pro គឺដូចបានឃើញអញ្ចឹង វាដូចគ្នាច្រើនទៅនឹងជំនាន់មុនដែរ ជាក់ស្ដែងមានអេក្រង់លាត ជាមួយលេនទំលុះអេក្រង់ និងការឌីហ្សាញកាមេរ៉ាខាងក្រោយជាលក្ខណៈរង្វង់មូលចំនួន 2 ជាប់គ្នា។ សម្រាប់អេក្រង់ខាងមុខ យើងឃើញថាពួកវាទាំងពីរ មានការឌីហ្សាញខុសគ្នាបន្តិច ជាក់ស្ដែងម៉ូឌែល Honor 60 វាមានអេក្រង់កោងគែមឆ្វេងស្ដាំបន្តិច ប៉ុន្តែម៉ូឌែល Pro វិញ អេក្រង់របស់វាកោងទាំង 4 ជ្រុងតែម្ដង ធ្វើឲ្យមើលទៅឃើញថា គែមអេក្រង់របស់វាកាន់តែខ្លីថែមទៀត។

ចំពោះទំហំវិញ ក៏ខុសគ្នាបន្តិចដែរ ជាក់ស្ដែងម៉ូឌែលធម្មតាមានទំហំ 6.67 អ៊ីញ ខណៈម៉ូឌែល Pro ឡើងដល់ 6.78 អ៊ីញតែម្ដង។ ទោះជាអេក្រង់ខុសគ្នាបន្តិចមែន ប៉ុន្តែទាំងម៉ូឌែលធម្មតា និងម៉ូឌែល Pro សុទ្ធតែជាអេក្រង់ប្រភេទ 10-bit OLED ជាមួយកម្រិត Refresh Rate 120Hz, គាំទ្រប្រភេទទឹកពណ៌ DCI-P3 100% ពេញ និងគាំទ្រ HDR10 បានផងដែរ (គាំទ្រដល់ HDR10+ សម្រាប់ម៉ូឌែល Pro)។ 

សម្រាប់ផ្នែកកាមេរ៉ា មិនខុសពីមុនទេ ពួកវាទាំងពីរខាងលើបានប្រើប្រាស់លេនគោលទំហំ 108MP ដូចគ្នា ប៉ុន្តែនៅលើម៉ូឌែល Pro លើកនេះកាមេរ៉ា Ultrawide របស់វាត្រូវបាន Honor តម្លើងមកជាសេនស័រ 50MP ថ្មី អាចថតប្លង់ទូលាយបាន 122 ដឺក្រេ ហើយលេននេះក៏អាចដើរតួមុខងារថតបែប Macro បានដូចគ្នា។ ចំណែកម៉ូឌែលធម្មតាវិញ លេនទូលាយ Ultrawide របស់វាមានទំហំ 8MP មិនខុសពីជំនាន់មុនឡើយ និងមិនអាចថតបែប Macro បានទេ។ សេនស័រមួយគ្រាប់ទៀតរបស់ Honor 60 និង 60 Pro គឺជាសេនស័រជំនួយ Depth Sensor ទំហំ 2MP នោះឯង។ ចំពោះកាមេរ៉ាមុខ ម៉ូឌែល Pro មានបំពាក់មកទំហំ 50MP តែម្ដង ដែលជាលេនទូលាយ 100 ដឺក្រេ ចំណែកម៉ូឌែលធម្មតា គឺមានកាមេរ៉ាមួយគ្រាប់ដូចគ្នា ប៉ុន្តែទំហំ 32MP វិញ។

ទៅមើលកម្លាំងម៉ាស៊ីន Honor 60 នៅតែបន្តបំពាក់ឈីប Snapdragon 778G ដូចមុនអញ្ចឹង ប៉ុន្តែសម្រាប់ម៉ូឌែល Pro គឺបានតម្លើងមកឈីប Snapdragon 778G+ តែម្ដង។ ទូរសព្ទឆ្លាតជំនាន់ថ្មីទាំងពីរម៉ូឌែលនេះ មានជម្រើសរ៉េម 8GB និង 12GB ដូចគ្នា ប៉ុន្តែសម្រាប់អង្គផ្ទុកម៉ូឌែលធម្មតាមានជម្រើស 128GB និង 256GB ប៉ុន្តែម៉ូឌែល Pro វិញ គឺមានតែជម្រើស 256GB មួយប៉ុណ្ណោះ។

ចំពោះថាមពលថ្ម មិនថាម៉ូឌែលធម្មតា ឬ Pro ទេ សុទ្ធតែមានថាមពលទំហំ 4,800mAh ដូចគ្នា ហើយកាន់តែប្រសើរទៀតនោះគឺថា វាទាំងពីរសុទ្ធតែអាចសាកថ្មល្បឿនលឿនកម្លាំង 66W ដូចគ្នា។

ជាមួយលក្ខណៈសម្បត្តិដូចខាងលើនេះ Honor បានដាក់លក់ម៉ូឌែល Honor 60 ចាប់ផ្តើមពីខ្ទង់ 425 ដុល្លារឡើងទៅ ចំណែកឯម៉ូឌែល Pro វិញ ត្រូវបានគេដាក់លក់ចាប់ផ្តើមពី 580 ដុល្លារឡើងទៅ សម្រាប់ទីផ្សារប្រទេសចិន។

ប្រភព ៖ The Verge
អត្ថបទទាក់ទង