Apple មានគម្រោងយកឧបករណ៍ AR មកជំនួស iPhone វិញ នៅក្នុងពេល 10 ឆ្នាំទៀត
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

Apple ហាក់ដូចជាត្រូវបានគេរាយការណ៍ ទាក់ទងនឹងគម្រោងបញ្ចេញឧបករណ៍ប្រភេទ AR/VR ជាច្រើនលើកច្រើនសារមកហើយ ដោយក្នុងនោះដំណឹងចុងក្រោយបង្អស់ គឺទើបត្រូវបានបង្ហាញចេញពីប្រភពល្បីឈ្មោះ Ming-Chi Kuo ដោយអះអាងថា Apple គ្រោងនឹងប្រកាសចេញផលិតផលប្រភេទនេះ នៅក្នុងអំឡុងឆ្នាំក្រោយពិតមែន។

ដោយឡែកពេលនេះ យើងមកមើលការរាយការណ៍មួយផ្សេងទៀត ប៉ុន្តែចេញពីប្រភពខាងលើដដែល ដោយដំណឹងលើកនេះបានឲ្យដឹងថា Apple មានគម្រោងក្នុងការយកឧបករណ៍ AR មកជំនួសទូរសព្ទ iPhone វិញ នៅក្នុងពេលអនាគតខ្ទង់ 10 ឆ្នាំខាងមុខទៀត។ គម្រោងរបស់ Apple នេះ គឺត្រូវបានគេដឹងទៀតថា នឹងចាប់ផ្តើមបន្តិចម្ដងៗពីក្នុងអំឡុងឆ្នាំក្រោយទៅ ដូច្នេះហើយបានជាយើងទើបទទួលបានដំណឹងកាន់តែច្បាស់ ទាក់ទងនឹងការប្រកាសចេញផលិតផល AR របស់ Apple អំឡុងចុងឆ្នាំក្រោយ។ 

ដោយសារតែ Apple មានគម្រោងវែងឆ្ងាយក្នុងការយក AR មកជំនួស iPhone បែបនេះហើយ បានជាប្រភព Ming-Chi Kuo ជឿជាក់ខ្ពស់ថា ឧបករណ៍ AR ដែលក្រុមហ៊ុនអាមេរិកអាចនឹងបញ្ចេញក្នុងឆ្នាំក្រោយនោះ គឺមិនទាមទារឲ្យមាន Mac ឬ iPhone ទើបអាចដំណើរការបាននោះទេ ពោលគឺវាអាចដំណើរការបានដោយឯករាជ្យពេញលេញតែម្ដង។

ឧបករណ៍ AR នោះដែរ ត្រូវបានគេរំពឹងថា នឹងអាចគាំទ្របទពិសោធន៍ VR (Virtual Reality) បានដូចគ្នា ក៏ព្រោះតែវាមានភាគរយច្រើនក្នុងការបំពាក់មកនូវអេក្រង់ជាប្រភេទ Micro OLED មានកម្រិតបង្ហាញដល់ 4K និងផ្គត់ផ្គង់ដោយ Sony ផងដែរ។ ប្រភព Ming-Chi Kuo ដដែល ក៏បានបញ្ជាក់បន្ថែមថា Apple មានគម្រោងបើកការផលិតទ្រង់ទ្រាយធំនៃឧបករណ៍ AR ដំបូងបំផុតរបស់ខ្លួននោះ នៅក្នុងអំឡុងត្រីមាសទី 2 ឆ្នាំ 2022 ខាងមុខនេះ ហើយនឹងធ្វើការចេញលក់ផ្លូវការ នៅក្នុងអំឡុងត្រីមាសទី 4។

ប្រភព ៖ Macrumors
អត្ថបទទាក់ទង