Moto Edge X30 បំពាក់ឈីបកំពូល Snapdragon 8 Gen 1 នឹងបង្ហាញខ្លួនថ្ងៃទី 9 ខែធ្នូនេះ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

បន្ទាប់ពី Qualcomm បានប្រកាសចេញឈីបកំពូលជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ កាលពីយប់មិញរួចមក មានក្រុមហ៊ុនជាច្រើនបានចេញមុខបញ្ជាក់ថា ពួកគេនឹងប្រកាសចេញទូរសព្ទឆ្លាត ដែលមានបំពាក់ឈីបថ្មីនោះ នៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយក្នុងចំណោមនោះ Xiaomi បានបញ្ជាក់ច្បាស់ជាងគេថា Xiaomi 12 Series នឹងក្លាយជាទូរសព្ទឆ្លាតបំពាក់ឈីបកំពូលខាងលើមុនគេ។

ដោយឡែក មិនមែនមានតែ Xiaomi ទេ ដែលចេញមុខបញ្ជាក់បែបនោះ ព្រោះជាក់ស្ដែង Motorola ក៏បានធ្វើការបង្ហោះ Poster មួយដែរ ដោយក្នុង Poster នោះ គឺបានអះអាងថា គេនឹងប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មីឈ្មោះ Moto Edge X30 ដែលមានបំពាក់ឈីបកំពូល Snapdragon 8 Gen 1 ដំបូងគេ នៅក្នុងថ្ងៃទី 9 ខែធ្នូខាងមុខតែម្ដង ប៉ុន្តែសម្រាប់ទីផ្សារប្រទេសចិន។ 

សម្រាប់លក្ខណៈសម្បត្តិផ្សេងៗ ទាក់ទងនឹងទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មីខាងលើ Motorola នៅមិនទាន់បានបង្ហាញប្រាប់នោះទេ ប៉ុន្តែធ្លាប់មានដំណឹងលេចធ្លាយមកថា វាអាចនឹងមានប្រើប្រាស់អេក្រង់ 6.67 អ៊ីញ ប្រភេទ OLED មានកម្រិតបង្ហាញ FHD+ និងគាំទ្រដល់ Refresh Rate 144Hz ទៀតផង។

និយាយរួមមកវិញ មានក្រុមហ៊ុនពីរហើយក្នុងពេលនេះ ដែលគេបានចេញមុខបញ្ជាក់ថា នឹងបញ្ចេញទូរសព្ទឆ្លាតប្រើឈីប Snapdragon 8 Gen 1 ដំបូងគេ ពោលគឺ Xiaomi និង Motorola ហ្នឹងឯង ដូច្នេះហើយដើម្បីដឹងច្បាស់ថា អ្នកណាជាអ្នកចេញដំបូងគេពិតប្រាកដនោះ គឺយើងមានរង់ចាំមើលបន្តទៀត។

ប្រភព ៖ Gizmochina
អត្ថបទទាក់ទង