អ្នកព្យាករណ៍រំពឹងថា Apple នឹងនាំមុខ Samsung វិញ ក្នុងទីផ្សារទូរសព្ទត្រីមាសទី 4 នេះ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ត្រីមាសទី 4 ឆ្នាំ 2021 នៅមិនទាន់បានបញ្ចប់នៅឡើយទេ ពោលគឺនៅសល់ខែធ្នូនេះមួយខែពេញទៀត ប៉ុន្តែមុននឹងការបញ្ចប់នោះមកដល់ មានក្រុមអ្នកព្យាករណ៍ល្បីឈ្មោះមួយ បានធ្វើការរំពឹងទុកជាមុន ទៅលើទីផ្សារទូរសព្ទឆ្លាតប្រចាំត្រីមាសទី 4 នេះ ថានឹងបញ្ចប់ទៅយ៉ាងដូចម្ដេច។

យោងតាមការរំពឹងទុកពីសំណាក់ប្រភពឈ្មោះ TrendForce បានឲ្យដឹងថា នៅពេលត្រីមាសទី 4 នេះបានបញ្ចប់ទៅ iPhone នឹងក្លាយជាទូរសព្ទឆ្លាត ដែលទទួលបានចំណែកទីផ្សារច្រើនជាងគេបំផុត ពោលគឺអាចនឹងខ្ទង់ 23.1% ដណ្ដើមតំណែងរបស់ Samsung បានសម្រេចតែម្ដង។ ការរំពឹងទុកបែបនេះ គឺដោយសារតែគេបានកត់សម្គាល់ឃើញថា Apple ទទួលបានការបញ្ជាទិញ iPhone ជាច្រើនក្នុងអំឡុងត្រីមាសទី 4 នេះ ហើយមួយវិញទៀត គឺដោយសារតែ Apple ស្ថិតក្នុងលក្ខខណ្ឌប្រសើរជាងក្រុមហ៊ុនដទៃ ទាក់ទងនឹងបញ្ហាខ្វះខាតគ្រឿងបង្គុំប្រើប្រាស់នោះ។

ដោយសារមូលហេតុនេះហើយ បានជាគេរំពឹងថា ទីផ្សារទូរសព្ទឆ្លាតក្នុងត្រីមាសទី 4 ឆ្នាំ 2021 គឺក្រុមហ៊ុនជាច្រើនដូចជា Samsung, OPPO, Xiaomi និង vivo នោះ សុទ្ធតែមានចំណែកទីផ្សារធ្លាក់ចុះ ប៉ុន្តែសម្រាប់ Apple វិញ គេរំពឹងថានឹងកើនឡើងខ្ពស់ទៀតផង ពោលគឺកើនពីខ្ទង់ 15.9% កាលពីត្រីមាសមុន ឡើងមកដល់ 23.2% ក្នុងត្រីមាសទី 4 នេះ។

ក្រឡេកទៅមើល Samsung វិញ ប្រភពខាងលើរំពឹងថា នឹងថយមកកាន់ចំណាត់ថ្នាក់លេខ 2 ដោយមានចំណែកទីផ្សារ 19.4% ឃើញថាធ្លាក់ចុះពីខ្ទង់ 21.2% កាលពីត្រីមាសទី 3 កន្លងទៅ។ OPPO ទំនងជានឹងឈរនៅចំណាត់ថ្នាក់លេខ 3 ដោយមានចំណែកទីផ្សារ 13.9% ខណៈពេល Xiaomi វិញអាចនៅលេខ 4 មានចំណែកទីផ្សរ 12.7% និងចុងក្រោយ vivo អាចនឹងបញ្ចប់ត្រីមាសទី 4 ជាមួយចំណែកទីផ្សារ 9.8%។

ប្រភព ៖ 9To5 Mac
អត្ថបទទាក់ទង