Qualcomm Snapdragon 8 Gen 1 ចេញផ្លូវការហើយ ជាមួយល្បឿនខ្ពស់បំផុត 3GHz
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីយប់មិញនេះ Qualcomm ពិតជាបានប្រកាសចេញឈីបកំពូលជំនាន់ថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ Tech Summit ប្រចាំឆ្នាំ 2021 មកជាផ្លូវការ ហើយអ្វីដែលកាន់តែច្បាស់ទៀតនោះគឺថា ក្រុមហ៊ុននេះក៏បានប្តូរឈ្មោះឈីបកំពូលថ្មីទៅជា Snapdragon 8 Gen 1 ដូចដំណឹងលេចធ្លាយបង្ហាញមែន។ ឈីបកំពូលថ្មីនេះ ទទួលបានការបង្កើនសមត្ថភាព ទៅលើផ្នែកសំខាន់ៗជាច្រើន ឲ្យកាន់តែប្រសើរជាងមុន ជាពិសេសគឺទាក់ទងនឹងផ្នែក AI និងកាមេរ៉ាតែម្ដង។

ឈីប Snapdragon 8 Gen 1 បានបំពាក់មកជាមួយ Core CPU គោលមួយគ្រាប់ជាប្រភេទ Cortex X2 (Prime Core) ដែលមានល្បឿនឡើងខ្ពស់បំផុតដល់ 3GHz អមជាមួយ CPU 3 Cores ទៀតជាប្រភេទ Cortex A71 (Performance Cores) មានល្បឿនឡើងខ្ពស់បំផុតដល់ 2.5GHz និងចំនួន 4 Cores ចុងក្រោយនោះ គឺជាប្រភេទ Cortex A51 (Efficiency Cores) មានល្បឿនឡើងបាន 1.8GHz។ ការធ្វើការជាមួយគ្នានៃ CPU ទាំង 8 Cores នេះ Qualcomm បានអះអាងថា ធ្វើឲ្យឈីបថ្មី Snapdragon 8 Gen 1 របស់គេ មានសមត្ថភាពផ្នែក CPU ប្រសើរជាងមុនបាន 20% ហើយថែមទាំងប្រើប្រាស់ថាមពលថ្មតិចជាងមុនខ្ទង់ 30% ទៀតផង។

សម្រាប់ផ្នែក GPU វិញ គឺវាបានបំពាក់មកជាប្រភេទ Adreno ជំនាន់ថ្មី ដែលអាចដំណើរការបានកាន់តែលឿនជាងមុនដល់ខ្ទង់ 30% និងប្រើប្រាស់ថាមពលថ្មតិចជាងមុនខ្ទង់ 25% ផងដរ។ ឈីបថ្មីនេះ នៅតែអាចគាំទ្ររ៉េមជាប្រភេទ LPDDR5 (3200MHz) ទំហំធំបំផុតដល់ 16GB ដូចឆ្នាំមុនដដែល។

គួរបញ្ជាក់ថា នេះជាឈីបត្រូវបានគេធ្វើឡើងដោយផ្អែកលើបច្ចេកវិទ្យាថ្មី 4nm Process ហើយលើកនេះ Qualcomm ក៏បានតម្លើងទៅប្រើប្រាស់អង្គគណនារូបភាព (Image Signal Processor) ជំនាន់ថ្មី 18-bit Spectra ISP ដែរ ដែលនេះគឺជាអង្គគណនារូបភាព 18-bit ដំបូងគេ ត្រូវបាន Upgrade មកពី 14-bit ISP កាលពីនៅលើឈីបកំពូល Snapdragon ជំនាន់មុន។ អត្ថប្រយោជន៍សំខាន់បំផុតនៃ 18-bit Spectra ISP នេះ គឺក្រុមហ៊ុនខាងលើប្រាប់ថា វាមានសមត្ថភាពអាចធ្វើការចាប់យកទិន្នន័យចេញពីកាមេរ៉ាបានច្រើនជាង 14-bit ISP ដល់ទៅ 4,096 ដងឯណោះ។ ជាឧទាហរណ៍គឺមានន័យថា ឈីបនេះវាមានលទ្ធភាពថតយករូបភាព 12MP បានដល់ចំនួន 240 ដោយចំណាយពេលតែ 1 វិនាទីប៉ុណ្ណោះ។ 

Qualcomm ក៏បានតម្លើងមកឲ្យ Snapdragon 8 Gen 1 គាំទ្រដល់ការថតកម្រិត 8K HDR ជាមួយល្បឿន 30FPS ហើយកាន់តែប្រសើរលើកនេះ វាអាចគាំទ្រការថតរូបភាពកម្រិត 36MP ចេញពីកាមេរ៉ា 3 គ្រាប់ក្នុងពេលដំណាលគ្នាបាន ឬអាចគាំទ្រការថតរូបភាពកម្រិត 200MP ចេញពីកាមេរ៉ា 1 គ្រាប់បាន។ 

មិនត្រឹមតែប៉ុណ្ណោះ Snapdragon 8 Gen 1 មានបំពាក់មកជាមួយ Sensing Hub ជំនាន់ទី 3 ដែលអាចឲ្យមុខងារ Always-on ISP ទៅធ្វើការជាមួយ AI Processor, DSP និងរ៉េម ដើម្បីផ្តល់ឲ្យកាមេរ៉ាខាងមុខរបស់ទូរសព្ទឆ្លាត ដែលបំពាក់ឈីបនេះ អាចដំណើរការបានជាប់រហូត និងប្រើប្រាស់ថាមពលតិចបំផុត ដោយការធ្វើបែបនេះ គឺសម្រាប់ឲ្យកាមេរ៉ាមុខ Standby ទៅលើមុខងារ Always-on Face Unlock ទៀតផង។ ទាក់ទងនឹងផ្នែក Machine Learning ឈីបកំពូលជំនាន់ថ្មីខាងលើ ក៏មានបំពាក់មកជាមួយ AI Engine ជំនាន់ទី 7 របស់ Qualcomm ផ្ទាល់ និងត្រូវបានគេបញ្ជាក់ថា មានសមត្ថភាពដំណើរការ ឬគណនាផ្នែក AI បានលឿនជាងមុនដល់ទៅ 4 ដង។

សម្រាប់ចំណុចសំខាន់ៗផ្សេងទៀត ដែលឈីបខាងលើមានបំពាក់មកមានដូចជា ម៉ូដឹម 5G Snapdragon X65 5G ជំនាន់ទី 4, គាំទ្រ WiFi 6 និង 6E ក៏ដូចជាមាន Bluetooth 5.2 មកផងដែរ។ 

Snapdragon 8 Gen 1 នឹងបង្ហាញខ្លួននៅលើទូរសព្ទឆ្លាតលំដាប់កំពូលជាច្រើន ដែលគ្រោងនឹងចេញក្នុងឆ្នាំក្រោយ ឬចុងឆ្នាំនេះតែម្ដង ហើយក្រុមហ៊ុនដែលនឹងប្រើប្រាស់ឈីបនេះដំបូងគេគឺ Xiaomi ហ្នឹងឯង។

ប្រភព ៖ 9To5 Google
អត្ថបទទាក់ទង