មើលឃើញចំនួន Dislike ក្នុងវីដេអូ YouTube ឡើងវិញ តាមវិធីមួយនេះ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

YouTube បានចាប់ផ្តើមលាក់ចំនួន Dislike ក្នុងវីដេអូដែលបង្ហោះក្នុង Platform របស់គេរួចរាល់មកហើយ ដោយក្នុងនោះឃើញថា អ្នកប្រើប្រាស់មួយចំនួនពិតជាលែងឃើញចំនួន Dislike ដូចមុនមែន ប៉ុន្តែក៏នៅមានអ្នកប្រើប្រាស់មួយចំនួនទៀត នៅបន្តឃើញធម្មតាដដែល។ យ៉ាងណាក៏ដោយ នាពេលខាងមុខ អ្នកប្រើប្រាស់ទាំងអស់ នឹងលែងបានឃើញដូចគ្នា ដូច្នេះហើយសម្រាប់អ្នកដែលចង់មើលឃើញចំនួន Dislike ក្នុង YouTube នោះ អាចអនុវត្តតាមវីធីខាងក្រោមបាន។

វីធីដែលយើងលើកយកមកបង្ហាញនេះមិនពិបាកនោះទេ ប៉ុន្តែវាដំណើរការសម្រាប់តែ Chrome និង Firefox លើកុំព្យូទ័រប៉ុណ្ណោះ ព្រោះថាដើម្បីបង្ហាញចំនួន Dislike ឡើងវិញបាន យើងត្រូវធ្វើការ Add បន្ថែមនូវ Extension មួយចូលទៅក្នុង Browser ទាំងនេះ។ Extension នោះមានឈ្មោះថា Return YouTube Dislike ហើយអ្នកទាំងអស់គ្នាចុចត្រង់នេះបាន ដើម្បីចូលទៅដំឡើងវា សម្រាប់ Chrome ឬ Firefox អាស្រ័យតាមជម្រើសរបស់អ្នក។

បន្ទាប់ពីបានដំឡើង ឬដាក់បញ្ចូលទៅក្នុង Chrome ឬ Firefox រួចហើយ វានឹងដំណើរការបានដូចធម្មតា ដូច្នេះសម្រាប់អ្នកដែលមិនឃើញចំនួន Dislike បង្ហាញក្នុងវីដេអូ YouTube នោះ អ្នកអាចចុចកន្លែង Extension រួចចុចលើ Return YouTube Dislike នេះបាន ដើម្បីមានលទ្ធភាពអាចមើលឃើញឡើងវិញ។

សូមបញ្ជាក់ដែរថា Extension ខាងលើនេះ ត្រូវបានបង្កើតឡើងដោយ Software Developer ម្នាក់ឈ្មោះថា Dmitry Selivanov ដោយគោលបំណងរបស់គាត់ គឺបង្កើតដើម្បីប្រើប្រាស់ខ្លួនឯង នៅពេលមើលវីដេអូក្នុង YouTube ប៉ុណ្ណោះ ព្រោះថាវាមានសារៈសំខាន់ ដោយអាចឲ្យគាត់ដឹងមុនបានថា តើវីដេអូដែលគាត់បម្រុងមើលនោះ មានប្រយោជន៍ពិតមែន ឬក៏អត់។ Extension នេះ អាចបង្ហាញចំនួន Dislike បានយ៉ាងត្រឹមត្រូវសម្រាប់ពេលបច្ចុប្បន្ន ព្រោះថាវាបានចូលទៅចាប់យក API YouTube របស់ Google ផ្ទាល់តែម្ដង។ ប៉ុន្តែសម្រាប់ពេលអនាគតវិញ វាអាចនឹងប្រែប្រួលបន្តិច ព្រោះមានដំណឹងថា Google គ្រោងនឹងបិទ API នោះ នៅត្រឹមថ្ងៃទី 13 ខែធ្នូខាងមុខនេះតែម្ដង ដូច្នេះបន្ទាប់ពីបិទទៅ Software ខាងលើ អាចនឹងបង្ហាញចំនួន Dislike តាមរយៈការប៉ានស្មាន ដោយផ្អែកលើទិន្នន័យរបស់អ្នកប្រើប្រាស់វិញ។

និយាយរួមមកវិញ សម្រាប់អ្នកប្រើប្រាស់ YouTube ដែលគិតថា ចំនួន Dislike មានប្រយោជន៍សម្រាប់បទពិសោធន៍មើលវីដេអូរបស់អ្នកនោះ គឺអាចធ្វើតាមវិធីខាងលើនេះបាន ដើម្បីបង្ហាញចំនួន Dislike នោះឡើងវិញ។

ប្រភព ៖ PCMag
អត្ថបទទាក់ទង