នេះជារថយន្តហោះរបស់ក្រុមហ៊ុនបារាំង Renault មានការឌីហ្សាញស្រដៀង Drone ដែរ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ថ្មីៗនេះ ក្រុមហ៊ុនរថយន្តបារាំងមួយ ដែលមានឈ្មោះថា Renault បានដាក់បង្ហាញរថយន្តហោះរបស់ខ្លួនជាផ្លូវការ ប៉ុន្តែនៅក្នុងនាមជារថយន្តគំរូសិនប៉ុណ្ណោះ។ ឈ្មោះពេញរបស់រថយន្តហោះនោះគឺ Renault Air4 ដោយវាត្រូវបានគេឌីហ្សាញរូបរាងឡើងមក យកគំរូតាមរថយន្តបុរាណមួយឈ្មោះ Renault 4L ដែលត្រូវបានបញ្ចេញលក់កាលពីក្នុងអំឡុងឆ្នាំ 1961 មកដល់ 1992។

Renault Air4 មិនមែនត្រឹមតែជារថយន្តគំរូ ដើម្បីសិក្សាទៅលើគម្រោងរថយន្តហោះនាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារថយន្តមួយដែលធ្វើឡើងមក ដើម្បីអបអរគម្រប់ខួប 60 ឆ្នាំនៃអាយុកាលរបស់ក្រុមហ៊ុនរថយន្ត Renault ដូចគ្នាដែរ។ មិនដូចគ្នាទៅនឹងរថយន្តហោះគំរូ ចេញពីក្រុមហ៊ុនផ្សេងៗទៀតឡើយ Renault Air4 គឺមិនមានកង់សម្រាប់បើកលើផ្លូវធម្មតានោះទេ ជាក់ស្ដែងវាត្រូវបានគេដាក់ជើងទម្រចំនួន 4 និងមានកង្ហារចំនួន 4 ស្រដៀងគ្នានឹងរូបរាងរបស់ Drone ដែលយើងធ្លាប់ឃើញដែរ។ 

ផ្នែកសំខាន់ផ្សេងៗមួយចំនួនធំ មានលើតួខ្លួនរបស់រថយន្តខាងលើ គឺត្រូវបានគេធ្វើឡើងពី Carbon-Fiber តែម្ដង ហើយដើម្បីចូលទៅក្នុងរថយន្តនោះ គឺដូចបានឃើញក្នុងរូបភាពអញ្ចឹង វាមិនមានទ្វារទេ ផ្ទុយទៅវិញនៅពេលចូល គឺត្រូវការបើកសំបកខ្លួនរបស់វាទាំងមូលទៅខាងលើ។

រថយន្តនេះ អាចហោះបានអាស្រ័យទៅលើកង្ហាររបស់វាដូចជា Drone អញ្ចឹងដែរ ហើយក្នុងនោះ កង្ហារនីមួយៗអាចបង្កើតកម្លាំងរុញបានខ្ពស់បំផុតដល់ 209-pound ដែលកម្លាំងបែបនេះ គឺគ្រប់គ្រាន់អាចឲ្យវាហោះដោយទ្រទ្រង់ទម្ងន់ខ្ទង់ 381 kg បាន។ កម្ពស់ខ្ពស់បំផុត ដែលរថយន្តហោះខាងលើអាចធ្វើបាន គឺខ្ទង់ 700m ខណៈពេលដែលល្បឿនខ្ពស់បំផុត ដែលវាអាចស្ទុះដល់ គឺខ្ទង់ 93 km/h។ 

នៅពេលកំពុងហោះ រថយន្តនេះមានលទ្ធភាពអាចបង្វិលខ្លួនបាន 70 ដឺក្រេ ហើយសម្រាប់ល្បឿននៃការហោះឡើង (Takeoff) របស់វាគឺខ្ពស់បំផុតខ្ទង់ 50 km/h រីឯល្បឿនចុះចតវិញលឿនបំផុតគឺខ្ទង់ 11 km/h។

សម្រាប់ពេលវេលារថយន្តហោះ Renault Air4 គ្រោងនឹងចេញលក់ផ្លូវការនាពេលអនាគតនោះ គឺយើងនៅមិនទាន់អាចរំពឹងទុកបានទេ ព្រោះជាក់ស្ដែងគឺទំនងជាមិនឆាប់ឡើយ។ យ៉ាងណាអ្នកទាំងអស់គ្នា អាចស្វែងយល់បន្ថែមពីរថយន្តនេះ តាមរយៈរូបភាពខាងលើ និងវីដេអូខាងក្រោមបាន។

ប្រភព ៖ Slash Gear
អត្ថបទទាក់ទង