Apple ត្រលប់ទៅឈរលើកំពូលតារាងនៃទីផ្សារទូរសព្ទឆ្លាតក្នុងប្រទេសចិនម្ដងទៀតហើយ
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

បន្ទាប់ពីបានចេញលក់ iPhone 13 Series ជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការរួចមក យើងឃើញថា ចំណែកទីផ្សារផ្នែកទូរសព្ទឆ្លាតរបស់ Apple គឺកាន់តែកើនឡើងខ្ពស់ជាងមុនថែមទៀត មិនថានៅក្នុងទីផ្សារសកល ឬទីផ្សារចិននោះទេ។ ជាក់ស្ដែងយោងតាមការបង្ហាញចេញពីក្រុមអ្នកស្រាវជ្រាវ Counterpoint Research ថ្មីៗនេះ គឺ Apple បានត្រលប់ទៅកាន់តំណែងកំពូលតារាងក្នុងទីផ្សារប្រទេសចិនម្ដងទៀតហើយ។

 

មិនខុសទេ តាមរយៈលទ្ធផលនៃការស្រាវជ្រាវចេញពីភ្នាក់ងារខាងលើ បានឲ្យដឹងថា នៅក្នុងអំឡុងខែតុលា ឆ្នាំ 2021 កន្លងទៅថ្មីៗនេះ Apple បានយកឈ្នះ vivo ឡើងឈរឈ្មោះជាក្រុមហ៊ុន ដែលនាំចេញទូរសព្ទឆ្លាតសរុបបានច្រើនជាងគេបំផុត ក្នុងទីផ្សារប្រទេសចិន។ នៅក្នុងនោះដែរ ឃើញថា កំណើននៃការនាំចេញទូរសព្ទឆ្លាតរបស់ Apple នេះ គឺកើនខ្ពស់ជាងខែកញ្ញាដល់ទៅខ្ទង់ 46% ហើយប្រភពខាងលើបញ្ជាក់ច្បាស់ថា កំណើននេះកើតឡើងដោយសារតែវត្តមាន iPhone 13 Series តែម្ដង។

ក្រុមអ្នកស្រាវជ្រាវ Counterpoint Research បានបន្ថែមថា Apple គឺមានលទ្ធភាពអាចទទួលបានចំនួនលក់កាន់តែខ្ពស់ជាងនេះទៅទៀត បើសិនជាមិនមានបញ្ហាខ្វះខាតឈីបនោះទេ ប៉ុន្តែទោះជាយ៉ាងណា ពេលនេះគេនៅតែធ្វើបានប្រសើរជាងក្រុមហ៊ុនធំៗដទៃទៀតដដែល។ 

ការត្រលប់ឡើងទៅឈរនៅលេខ 1 ជាថ្មីសម្រាប់ Apple ក្នុងប្រទេសចិននេះ គឺមិនមែនជារឿងដែលយើងងាយនឹងឃើញនោះទេ ពោលគឺជាលើកទីមួយហើយសម្រាប់ក្រុមហ៊ុនអាមេរិកមួយនេះ បើគិតចាប់ពីឆ្នាំ 2015 មក។ 

នៅក្នុងក្រាហ្វខាងលើ យើងក៏ឃើញដែរថា Huawei ហាក់មានការធ្លាក់ចុះខ្លាំងមែនទែន គិតចាប់ពីខែមីនាឆ្នាំ 2020 មក ប៉ុន្តែទល់ពេលបច្ចុប្បន្ន គេនៅបន្តរក្សាតំណែងក្នុងបញ្ជី Top 5 បានដដែល។ ខណៈ vivo និង OPPO បើទោះជារៀងធ្លាក់ចុះបន្តិចមែន ប៉ុន្តែស្ថិតិរបស់ពួកគេក្នុងប្រទេសចិន ហាក់ដូចជាមានស្ថេរភាពល្អជាងគេ។

ប្រភព ៖ Phone Arena
អត្ថបទទាក់ទង